ជាតិ
​បឋមសិក្សា​ឯកជន ត្រូវ​​សិក្សា​ភាសាខ្មែរពីជាង៣០០ទៅជិត៥០០ម៉ោង​ក្នុង១ឆ្នាំសិក្សា
11, Apr 2023 , 12:03 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបថត MoEYS Cambodia
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបថត MoEYS Cambodia
ក្រសួងអប់រំ យុវជន និង​កីឡា​ កាលពីថ្ងៃទី​២៩ ខែមីនា  បាន​ចេញសេចក្តីណែនាំស្តីពីការពង្រឹងការ​អនុវត្ត​កម្ម​វិធីសិក្សា​មុខវិជ្ជាភាសាខ្មែរ និង​ការបញ្ជ្រាប​វប្បធម៌ អរិយធម៌​ក្នុងម៉ោង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ឯកជន។ តាម​របាយម៉ោង​សិក្សា មុខ​វិជ្ជា​ភាសាខ្មែរត្រូវមានពី​ជាង​៣០០ម៉ោងទៅជិត​៥០០ម៉ោង​តាមកម្រិត​ថ្នាក់នីមួយៗ។

 
កម្មវិធីភាសាខ្មែរពី៨ម៉ោងទៅ១៣ម៉ោង​ក្នុង១សប្តាហ៍តាមកម្រិតសិក្សា

កម្មវិធី​សិក្សាភាសា​​ខ្មែរពី​ថ្ងៃ​ចន្ទដល់​ថ្ងៃសុក្រនៅ​សាលា​បឋមសិក្សាឯកជន  ត្រូវ​តម្រូវឱ្យ​មាន​ចំនួន​១៣ម៉ោង​ក្នុង១សប្តាហ៍ (៤៩៤ម៉ោង​ក្នុង​១ឆ្នាំ) សម្រាប់ពី​ថ្នាក់ទី​១ ដល់ទី៣, ១០​ម៉ោង​ក្នុង១សប្តាហ៍​ (៣៨០ម៉ោង​ក្នុង​១ឆ្នាំ) សម្រាប់ថ្នាក់ទី​៤ និង​៨ម៉ោង ​ក្នុង​សប្តាហ៍​ (៣០៤ម៉ោង​ក្នុង​១ឆ្នាំ) សម្រាប់​ថ្នាក់​ទី​៥ និង​ទី​៦។ បើតាម​ក្រសួង កាលវិភាគអាចបន់បែន តែត្រូវរក្សា​ចំនួន​ម៉ោង​ប្រចាំសប្តាហ៍ទៅតាមនិយាម។
 
ក្នុង​សេចក្តី​ណែនាំ​ដល់ទៅ​៥ទំព័រ លោក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បាន​លើកឡើងថា ភាសាខ្មែរ ជាភាសាជាតិ និងជាភាសាផ្លូវការ ដូច្នេះការ​ប្រើ​ប្រាស់ភាសាខ្មែរត្រឹមត្រូវ ជាការ​រួម​ចំណែក​ដ៏ធំ​ក្នុង​កិច្ច​ការ​ថែរក្សា​អត្តសញ្ញាណ​ជាតិ និង​លើកកម្ពស់តម្លៃ​វប្បធម៌ អរិយធម៌ និង​ប្រជាជាតិខ្មែរ។
 
«មុខវិជ្ជា​ភាសាខ្មែរ ជាមុខ​វិជ្ជា​កាតព្វកិច្ច​សម្រាប់សិក្សានុសិស្សដែលមានសញ្ជាតិខ្មែរ រី​ឯការអប់រំ​វប្បធម៌ អរិយធម៌ខ្មែរ ក៏ត្រូវ​បាន​បញ្ជ្រាប​ក្នុងម៉ោង​សិក្សា​មុខ​វិជ្ជា​ភាសាខ្មែរ សិក្សា​សង្គម និង​មុខវិជ្ជា​ដទៃទៀត​ផងដែរ»។ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាង​ដូច្នេះ។
 
ជាមួយ​គ្នានេះ ក្រសួង​បាន​លើកឡើង​យ៉ាង​ច្បាស់ថា គោល​បំណង​នៃការ​សិក្សា​ភាសាខ្មែរនៅកម្រិត​បឋម គឺចង់​បណ្តុះ និងអភិវឌ្ឍនូវ​បំណិនមូល​ដ្ឋាន ដូចជា​ការ​និយាយ ប្រើ​ប្រាស់​ពាក្យ រាជសព្ទ ​សង្ឃសព្ទ ការអាន ការសរសេរ ត្រឹម​ត្រូវ​តាមក្បួនខ្នាត រួមទាំង​បណ្តុះទម្លាប់​ឱ្យ​សិស្ស​ចូល​ចិត្ត​ប្រើ​ប្រាស់ភាសាខ្មែរ​ក្នុងការធ្វើទំនាក់ទំនង​ក្នុងគ្រួសារ និង​សង្គម។
 
ប្រើប្រាស់កម្រិតសំណួរទាំង​៦របស់ប្លូម

ទាក់ទង​នឹង​ការ​អនុវត្តវិធីសាស្ត្រ​បង្រៀន ក្រសួង​ឱ្យ​បណ្តុះស្មារតី​សិស្សយល់ពី​របៀបរៀន​ដោយខ្លួនឯង ដោយ​មិនត្រឹមតែ​ជាការធ្វើ​ត្រាប់តាម ការ​អនុវត្ត​គោល​វិធី​សិស្សមជ្ឈមណ្ឌល ការ​ប្រើ​ប្រាស់​វិធីសាស្ត្រ​បង្រៀន​ស្រប​តាមកាលៈទេសៈ និង​ស្ថានភាព ជំនាញ​រកចំណុចគន្លឹះ ការ​បង្កើតល្បែងសិក្សា ស្ថិតក្នុង​ចំណោម​វិធីសាស្ត្រ​ដែលត្រូវអនុវត្ត ជាពិសេស​ការ​ប្រើប្រាស់កម្រិតសំណួរ​ទាំង​៦​របស់ប្លូម គឺ ចងចាំ យល់ដឹង អនុវត្ត វិភាគ វាយ​តម្លៃ និង​បង្កើត​ថ្មី។
 
ម៉ោង​សិក្សា​ត្រូវ​បែងចែក​ទៅតាម​សមត្ថភាព និង​បំណិន​នានា ក្នុងនោះ សមត្ថភាព​ស្តាប់​ប្រហែល​១០ភាគរយ សមត្ថភាពនិយាយ​ប្រហែល​១០ភាគរយ សមត្ថភាពអាន​ប្រហែល​៣០ភាគរយ សមត្ថភាព​សរសេរ​ប្រហែល​៣០ភាគរយ សិក្សា​វេយ្យាករណ៍​ប្រហែល​១០ភាគរយ និង​សិក្សា​សម្រាប់បំណិន​ប្រហែល​១០ភាគរយ។
 
ការអប់រំវប្បធម៌ និងអរិយធម៌ខ្មែរ 

ចំពោះ​ការ​អប់រំវប្បធម៌ និង​អរិយធម៌​ខ្មែ​រ​វិញ ក្រសួងឱ្យគ្រូបង្រៀន​ទាំងអស់​សិក្សា​ស្វែងយល់ និងមាន​ចំណេះដឹងទូលំទូលាយ ហើយ​បញ្ជ្រាប​ការអប់រំ ទៅតាម​ខ្លឹម​សារមេរៀន​នៃ​សៀវភៅសិក្សា​គោលភាសាខ្មែរ ជាពិសេស​ការ​បង្ហាញអំពីអត្តសញ្ញាណ​ជាតិ​ខ្មែរឱ្យ​បានផុស​ផុលជាង​វប្បធម៌​បរទេស។
 
ការ​ចូលរួម​របស់មាតា អាណាព្យាបាល ក៏ជាកត្តាសំខាន់​ផងដែរ​ ដោយ​ក្រសួងស្នើឱ្យ​ពួក​គេ​ប្រើប្រាស់ពេល​វេលាតាមដែលអាចធ្វើ​ទៅបាន​ក្នុងការជំរុញកូនៗឱ្យ​ខិតខំ​រៀន​សូត្រ និងយល់ដឹងស៊ីជម្រៅអំពី​វប្បធម៌ និង​អរិយធម៌ខ្មែរ។ «ឆ្លៀតពេលអាន​រឿងនិទានឱ្យកូន​តូចៗស្តាប់ ពន្យល់អំពី​បុគ្គលិក​លក្ខណៈតួអង្គ​ក្នុង​រឿងឱ្យកូនយល់ និងអាច​បក​ស្រាយ​ខ្លឹម​សារ​រឿង​ដោយ​ខ្លួនឯង»។ នេះជាការក្រើន​រំឭកមួយ​របស់ក្រសួងអប់រំ។
 
ចំណុចផ្សេងទៀត​ដែល​ក្រសួងអប់រំ បាន​ណែនាំ​ដល់ឪពុកម្តាយ អាណាព្យាបាល មាន​ដូចជា ការទម្លាប់​និយាយភាសាខ្មែរជាមួយកូនៗ ការរំឭកអំពីថ្ងៃបុណ្យប្រពៃណី​ជាតិនានា និង​ការ​នាំពួកគេ​ចូល​រួមព្រឹត្តិការណ៍​វប្បធម៌ ប្រពៃណី ការ​លេងល្បែងកម្សាន្ត និង​ការចូល​រួមពិធីសាសនាផ្សេងៗទៀត។
 
ការអនុវត្ត​របស់សាលាឯកជន នឹង​ស្ថិតក្រោម​ការពិនិត្យ​តាមដាន​​របស់​មន្ត្រីអធិការ​កិច្ច​នៃក្រសួងអប់រំ ជាពិសេស​លើការអនុវត្ត​កម្មវិធីសិក្សា ការដឹកនាំគ្រប់គ្រង ការបង្រៀននិងការរៀន រួមទាំងការងារ​រដ្ឋបាល៕
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com