កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola៖ Man City មិនទាន់មានសំណាងឈ្នះ Champions League តែមិនបោះបង់ក្តីស្រមៃ
11, Apr 2023 , 3:17 pm        
រូបភាព
Manchester City ខ្វះសំណាងក្នុងការឈ្នះពានរង្វាន់ UEFA Champions League ប៉ុន្តែក្រុមមិនបោះបង់ក្តីស្រមៃក្នុងការលើកពានកំពូលអឺរ៉ុបនេះឡើយ។ នេះជាការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ការក្រុមមេឃខៀវ មុនការប្រកួតទល់ក្រុម Bayern Munich វគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែមេសា។

 
ការមកដឹកនាំក្រុម Man City នៅក្នុងទឹកដីអង់គ្លេស លោក Guardiola បានជួយក្រុមឈ្នះពានរង្វាន់ Premier League ចំនួន ៤លើក, League Cup ៤លើក និង FA Cup ១លើក ប៉ុន្តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ មិនទាន់ដឹកនាំក្រុមរហ័សនាមមេឃខៀវជោគជ័យក្នុងពានរង្វាន់អឺរ៉ុប Champions League ឡើយ។ អំឡុងការដឹកនាំ Barcelona អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានជួយក្រុមឈ្នះពាន Champions League ២លើក។
 
ស្ថិតក្រោមការដឹកនាំរបស់​ Guardiola  ក្រុម ​Man City បានឆ្លងទៅលេងនៅក្នុងវគ្គ ៨ក្រុមចុងក្រោយនៃ Champions League ចំនួន ៦រដូវកាលជាប់គ្នា និងឆ្នាំ ២០២១ Man City បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែរងបរាជ័យក្រោមថ្វីជើងក្រុម Chelsea ក្នុងលទ្ធផល ១-០។
 
នាសន្និសីទកាសែតមុនការប្រកួតទល់ Bayern Munich លោក Pep Guardiola បាននិយាយឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតថាលោកពិតជាចង់ឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Man City ខ្លាំងបំផុត។
 
«យើងចង់ព្យាយាមធ្វើរឿងនេះ វាជារឿងដ៏មានកិត្តិយសបំផុតដែលត្រូវមកដល់ទីនេះ ទល់នឹងក្រុមខ្លាំងបំផុតដូចជា Bayern Munich។ យើងត្រូវឆ្លងកាត់ការប្រកួត២លើកដ៏លំបាក ហើយសំណួរតែងកើតមានរាល់រដូវកាល ស្របពេលយើងបានព្យាយាមរាល់រដូវកាល។ ក្តីស្រមៃខ្ញុំ គឺឈ្នះ Champions League នៅ Man City។»។ លោក Guardiola បាននិយាយបែបនេះ។
 
នាការប្រកួតរាត្រីថ្ងៃទី១១ ខែមេសា លោក Guardiola ត្រូវដឹកនាំ Man City តទល់នឹងក្រុម Bayern Munich ដែលដឹកនាំដោយអ្នកចាត់ការថ្មីលោក Thomas Tuchel នៃជំនួប Champions League លើដំបូងចាប់តាំងពីអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានដឹកនាំ Chelsea បំបាក់ពួកគេក្នុងឆ្នាំ​ ២០២១ វគ្គផ្តាច់ព្រ័ត្រ។
 
លោក Tuchel ទើបតែចូលកាន់តំណែងនៅក្លិប​ Bayern Munich កាលពីខែមករា កន្លងទៅ បន្ទាប់ពីក្លិបយក្សអាល្លឺម៉ង់បានបណ្តេញលោក Julian Nagelsmann ពីតំណែង៕
 

Tag:
 Pep Guardiola
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com