កីឡាអន្តរជាតិ
អន្តរជាតិ
អូស្រ្តាលី-នូវែលសេឡង់ ប្រារព្ធពិធីរាប់ថយក្រោយ១០០ថ្ងៃ ព្រឹត្តិការណ៍ Women World Cup
11, Apr 2023 , 7:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ស្ត្រី Women World Cup ឆ្នាំ២០២៣ នៅថ្ងៃទី១១ ខែមេសា រៀបចំប្រារព្ធពិធីរាប់ថយក្រោយ ១០០ថ្ងៃឆ្ពោះទៅកាន់ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ កម្មវិធីរាប់ថយក្រោយក៏មានការផ្សព្វផ្សាយអំពីសមភាពយេនឌ័រក្នុងកីឡាផងដែរ។



Women World Cup នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាប្រកួតបាល់ទាត់ស្ត្រីលើកដំបូងប្រចាំប្រវត្តិសាស្ត្រ FIFA ដែលមានការបង្កើនក្រុមចូលរួមរហូតដល់ ៣២ក្រុម។ ការប្រកួតនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣តទៅ។
  


«ត្រឹមតែ ១០០ថ្ងៃទៀតប៉ុណ្ណោះ ពេលវេលាកំពុងខិតជិតដល់ហើយ យើងនឹងឃើញការប្រកួតបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពិភពលោកនៅក្នុងប្រទេសដែលពោរពេញទៅដោយឆ្នេរសមុទ្រ នៅអូស្ត្រាលី និងនូវែលសេឡង់។ ការប្រកួតបើកឆាក ២ប្រកួតដំបូងបង្អស់ ដែលធ្វើនៅកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland និងនៅទីក្រុងស៊ីដនីថ្ងៃបន្ទាប់ ដែលចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣ ទៅនឹងក្លាយជាការប្រកួតដ៏ធំប្រចាំប្រវត្តិសាស្ត្របាល់ទាត់ស្ត្រី។»។ នេះបើតាមនាយកប្រតិបត្តិព្រឹត្តិការណ៍ Women World Cup លោក David Beeche និយាយក្នុងពិធីរាប់ថយក្រោយនៅកីឡដ្ឋានបាល់ទាត់ Sydney។
 
លើសពីនេះ លោក Beeche ក៏បានបន្ថែមថា​ការប្រកួត Women World Cup មិនមែនត្រឹមតែជាការប្រកួតតែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីជាការផ្សព្វផ្សាយនៃថាមពលសមភាពយេនឌ័រក្នុងកីឡា និងថាមពលរបស់ស្ត្រីទៅកាន់ពិភពលោក។
 
ដោយឡែកសម្រាប់ការរៀបចំព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ស្រ្តីលំដាប់ពិភពលោកនេះ អ្នករៀបចំកម្មវិធីបានរំពឹងថានឹងទទួលបានអ្នកទស្សនាការប្រកួតចំនួន ២លាននាក់ពេញមួយព្រឹត្តិការណ៍៕
 

Tag:
 World Cup
  Women World Cup
© រក្សាសិទ្ធិដោយ thmeythmey.com