ជាតិ
សិល្បះ
លោក គន្ធ តារាវណ្ណ តារាសម្ដែងជើងចាស់ ទទួលមរណភាពក្នុងអាយុ៧០ឆ្នាំ
11, Apr 2023 , 8:07 pm        
រូបភាព
ភ្នំពេញ៖ លោក គន្ធ តារាវណ្ណ ដែលជាតារាតម្លៃជើងចាស បានទទួលមរណភាព ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ នៅម៉ោង២កន្លះថ្ងៃត្រង់ ឯមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមលោក គន្ធ វណ្ណប្រានីត ត្រូវជាកូនទី៩។ សពតម្កល់ធ្វើបុណ្យ នៅវត្តទួលអស់លោក។ ពិធីបូជា នឹងធ្វើឡើងនៅថ្ងៃទី១៣ វេលាម៉ោង១ថ្ងៃត្រង់។


 
លោក គន្ធ វណ្ណប្រានីត ដែលត្រូវជាកូនរបស់ លោក គន្ធ តារាវណ្ណ បានប្រាប់សារព័ត៌មានថ្មីៗថា ឪពុករបស់លោកមានជំងឺ ប៉ោងសរសៃឈាមនៅត្រង់ក្បាលពោះ។ នៅវេលាម៉ោង១១យប់ថ្ងៃទី១០ខែមេសា លោក គន្ធ តារាវណ្ណ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីលោកមានការឈឺចាប់ខ្លាំងនៅត្រង់ពោះ។ 
 
បើតាម លោក គន្ធ វណ្ណប្រានីត ឪពុករបស់លោក មានឈឺជំងឺខាងលើយូរមកហើយ ប៉ុន្តទើបតែស្កែនឃើញប្រភពជំងឺកាលពីឆ្នាំមុន ហើយបន្តប្រើថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ និងដើម្បីកុំឱ្យសម្ពាធឈាមឡើងខ្លាំង។ បើតាមលោក នីត ជំងឺនេះធ្វើឱ្យឪពុកលោក ពិបាកបន្ទោបង់ និងចុកទ្រាំមិនបាន។
 
«ខ្ញុំមិនដឹងថា នោះជាជំងឺអ្វីទេ ប៉ុន្តែពេទ្យថាសរសៃឈាម នៅក្បាលពោះគាត់ហើម។ វាបានផ្ទុះបែកធ្វើឱ្យឈាមហូរពេញពោះគាត់។ គាត់ឈឺចុកចាប់ខ្លាំង រហូតត្រដរខ្យល់ ហើយពេទ្យបានជួយសម្រួល ដោយចាក់ថ្នាំឱ្យគាត់គេង»។
 
ក្រៅពីជំងឺខាងលើ លោក គន្ធ តារាវណ្ណ ក៏មានជំងឺទឹកនោមផ្អែម ហើយលោកធ្លាប់បានកាត់ប្រមាត់ ដោយសារជំងឺគ្រោះក្នុងប្រមាត់ កាលពីច្រើនឆ្នាំមុនមកដែរ។ តារាសម្ដែងជើងចាស់រូបនេះ បានចូលសិល្បៈក្នុងអំឡុងឆ្នាំ១៩៨៥។ លោកបានសម្រាកពីវិស័យសិល្បៈ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ 
 
ក្រៅពីការងារសិល្បៈ លោកក៏ជាមន្ត្រីយោធា ដែលមានឋានន្តរសក្ដិ ជាឧត្តមសេនីយ៍ទោ ពាក់ផ្កាយ២ផងដែរ។ ភាពយន្តដែលធ្វើឱ្យសាធារណជន ស្គាល់លោកសុះសាយ មានរឿង “ធនជ័យ” និងរឿង “រសជាតិជីវិត”។ លោក គន្ធ តារាវណ្ណ មានកូន១៣នាក់៕
 

Tag:
 តារាសម្ដែង
  មរណភាព
  រោគាពាធ
  គន្ធ តារាវណ្
© រក្សាសិទ្ធិដោយ thmeythmey.com