កីឡាបាល់ទាត់ មិនដូចទៅនឹងកីឡាដទៃផ្សេងឡើយ ។ បាល់ទាត់គឺពោរពេញទៅដោយការស្រលាញ់ស្ទើរតែមួយពិភពលោក។ នៅពេលដែលកីឡាករម្នាក់ៗឈានដល់កម្រិតអាជីពលំដាប់ពិភពលោក កីឡាករម្នាក់នោះ ត្រូវតែផ្តល់គ្រប់យ៉ាងសម្រាប់ការប្រកួតនោះ ទាំងកម្លាំងកាយ កម្លាំងចិត្ត។
យ៉ាងណាបញ្ហារបួសក៏ជាផ្នែកមួយនៃកីឡាបាល់ទាត់ ព្រោះវាបានទាមទារឱ្យមានការប្រើប្រាស់កម្លាំងខ្លាំង ដែលវាងាយឱ្យកីឡាករមានបញ្ហារបួស។ ទោះយ៉ាងនេះក៏ដោយ តារាបាល់ទាត់លំដាប់ពិភពលោកមួយចំនួន បានបន្តប្រកបអាជីពខ្លួនជាមួយបញ្ហារបួសដ៏ធ្ងន់ធ្ងរទាំងនោះ ដោយបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យបំផុត នៅលើទីលាន ហើយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។
បើតាមគេហទំព័រ Sportskeeda.com ខាងក្រោមនេះជាកីឡាករចំនួន ៥រូប ដែលប្រកបអាជីពបាល់ទាត់ ជាមួយបញ្ហាជំងឺប្រចាំកាយ៖
១. David Beckham ជំងឺហឺត
Beckham ជាកីឡាករម្នាក់ល្អបំផុតប្រចាំប្រវត្តិសាស្ត្រក្លិប Manchester United និងក្រុមជម្រើសជាតិអង់គ្លេសអំឡុងឆ្នាំ ២០០២។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានភាពទាក់ទាញខ្លាំងជាមួយបច្ចេកទេសនៃការទាត់បាល់ Free Kick យ៉ាងល្អបំផុតមិនធ្លាប់មាន និងជាខ្សែបម្រើដ៏មានភាពវ័យធ្លាតបំផុត។ តែយ៉ាងណាមិនសូវមានមនុស្សច្រើនឡើយ ដែលដឹងថា អតីតប្រធានក្រុមអង់គ្លេសរូបនេះ មានជំងឺ«ហឺត» ប្រចាំកាយ ដោយកាលពីឆ្នាំ ២០០៩ Beckham ត្រូវបានគេប្រទះឃើញប្រើប្រាស់ប្រដាប់ហឺត មុនការប្រកួតទល់ក្រុម Real Salt Lake ខណៈរូបគេលេងឱ្យក្រុម LA Galaxy។
២.Petr Cech របួសក្បាល
យើងចាំមិនភ្លេចនោះទេ ការប្រកួតដ៏អស្ចារ្យរវាង Chelsea ទល់ Reading កាលពីឆ្នាំ ២០០៦ ដោយការប្រកួតនោះ ជាពេលដែល Cech បានប៉ះទង្គិចគ្នាជាមួយកីឡាករ Stephan Hunt របស់ Reading រហូតមានបញ្ហារបួសក្បាល។ ក្រោយចប់ការប្រកួត Cech បានត្រួតពិនិត្យការប៉ះទង្គិចនោះ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា បានបាក់ឆ្អឹងលលាដ៍ក្បាលកម្រិតទី៣ ។ គ្រានោះក្រុមគ្រូពេទ្យបាននិយាយថា Cech នឹងត្រូវបញ្ចប់អាជីពរបស់គេ ដើម្បីចៀងវាងវិបត្តិធ្ងន់ធ្ងរទៅថ្ងៃមុខ។
តែយ៉ាងណាបន្ទាប់ពីការព្យាបាលទទួលបានជោគជ័យ Cech បានវិលត្រលប់មកការប្រកួតឱ្យក្រុម Chelsea វិញ ប៉ុន្តែរាល់ការប្រកួត រូបគេតែងប្រើប្រាស់មួកការពារក្បាលពីការប៉ះទង្គិចនានា រហូតដល់រូបគេចូលនិវត្តន៍ពីបាល់ទាត់។
៣.Paul Scholes ស្ទះសរសៃវែនក្នុងភ្នែកខាងស្តាំ
វីរបុរសដែលឈ្នះពានរង្វាន់ Premier League ១១លើក, FA Cup ៣លើក, EFL Cup ២លើក និង UEFA Champions League ២លើក , Scholes ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្របិសាចក្រហម Manchester United។ Scholes បង្ហាញខ្លួនជាង ៧០០ប្រកួតឱ្យបិសាចក្រហម ខណៈរកបាន ១៥០គ្រាប់ក្នុងនាមជាខ្សែបម្រើ ។ តែការពិតអតីតកីឡាករដ៏ឆ្នើមរូបនេះ បានប្រកបអាជីពខ្លួនជាមួយជំងឺភ្នែកមួយចំហៀង។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យរួច Scholes មានបញ្ហាស្ទះសរសៃវែនក្នុងភ្នែកខាងស្តាំ។
៤. David de Gea ភ្នែកមីញ៉ូប
ជាកីឡាករចាំទីដ៏ល្អ និងអស្ចារ្យមួយរូបនាពេលបច្ចុប្បន្ន កីឡាករសញ្ជាតិអេស្ប៉ាញ មានបច្ចេកទេសខ្ពស់ក្នុងការសង្រ្គោះបាល់ពីការស៊ុតរបស់គូប្រកួត។ De Gea ក៏ជាកីឡាករម្នាក់ ដែលមានភាពជាអ្នកដឹកនាំ ជាមួយគុណភាពក្នុងការប្រកួតបាល់ទាត់ ក្នុងនាមជាអ្នកចាំទីដ៏ស្អិតមួយរូប នៅលើពិភពបាល់ទាត់។
អ្នកចាំទីរូបនេះមានគុណសម្បត្តិទាំងនេះ ជាមួយនឹងលក្ខខណ្ឌដែលគេស្គាល់ថាជាមីញ៉ូប (Myopia) ។ កីឡាករចាំទីរូបនេះតែងប្រើប្រាស់វ៉ែនតាស្ទើរតែពេញមួយជីវិតរបស់គេ។ អំឡុងឆ្នាំ ២០១២ កាល Man United ស្ថិតក្រោមការដឹកនាំរបស់លោក Sir Alex Ferguson អ្នកចាំទីអេស្ប៉ាញ បានទទួលការវះកាត់ភ្នែក តាមរយៈប្រព័ន្ធឡាស៊ែរ (Laser) ជោគជ័យ ហើយរូបគេក៏ប្រែក្លាយជាអ្នកចាំទីដ៏អស្ចារ្យមួយរូប ក្នុងពិភពលោកមកដល់ពេលនេះ។
៥.Edgar Davids ជំងឺដក់ទឹកក្នុងភ្នែក
លោក Davids ជាអតីតកីឡាករបាល់ទាត់មួយរូប ដែលត្រូវបានគេស្គាល់ច្រើនកាលពីជំនាន់មុន ។ លោកក៏ជាអតីតខ្សែបម្រើការពារម្នាក់ដ៏រឹងមាំ សម្រាប់ក្រុមជម្រើសជាតិហូឡង់ និងសម្រាប់ក្លិប Juventus ជាមួយការប្រើប្រាស់វ៉ែនតា ខណៈកំពុងលេងបាល់។ មូលហេតុដែលលោក Davids ពាក់វ៉ែនតាទាត់បាល់ដោយសារតែជំងឺទឹកដក់ក្នុងភ្នែក (Glaucoma)៕