ជាតិ
សង្រ្កាន្តឆ្នាំថ្មី
​ហេតុ​អ្វី​ពលរដ្ឋខ្មែរ ដាក់​ដើម​ចេក​ស្លឹក​ត្រចៀក​ទន្សាយ ​នៅរានទេវតា?
15, Apr 2023 , 9:29 am        
រូបភាព
ភ្នំពេញ៖ ​ប្រជាជន​ខ្មែរ មិន​ដែល​ចោល​ឡើយ​ ដើម​ចេកសន្លឹក​​៣ ឬ​​ហៅ​ថា(​ដើម​ចេក​ស្លឹក​ត្រចៀក​ទន្សាយ)​ ដើម្បី​​​ធ្វើជា​​​គ្រឿង​រណ្ដាប់​​ ​ថ្វាយ​ទេវតា​ឆ្នាំថ្មី​។ ការ​ថ្វាយ​ដើម​ចេក​នេះ​ ជា​​តំណាង​​ឱ្យ​ដើម​ពោធិ ដែល​ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​។ ទោះ​ជា​យ៉ាង​ណា​ ការ​​តំណាង​នេះ​ លោក​ឧទ្ទេសាចារ្យ អះអាង​ថា រក​មិន​ឃើញ​ក្នុង​គម្ពីរ​ណា​មួយ​ឡើយ​ ប៉ុន្តែ​​​ជា​និម្មិត​រូប​នៃ​ជំនឿ​។



លោកឧទ្ទេសាចារ្យ វ៉ាយ វិបុល បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ពុំ​មាន​ឯកសារ​ស្រាវ​ជ្រាវ​ ឬ​គម្ពីរ​ណា​មួយ​ បញ្ជាក់​អំពី​ដើម​ហេតុ​ឬ​មូល​ហេតុ ​នៃ​ការ​យក​ដើម​ចេក​ស្លឹក​ត្រចៀក​ទន្សាយ​ ទៅ​រៀប​ជា​គ្រឿង​សក្ការៈ សម្រាប់​​ថ្វាយ​​ទេវតា​ឆ្នាំ​ថ្មីឡើយ​។ ប៉ុន្តែ​នេះ​គឺ​ជា​ទំនៀម​ ដែល​ប្រជា​ជ​ន​ខ្មែរ​ ធ្វើតាំង​ពី​បុរាណ​ ហើយ​តរហូត​ដល់​បច្ចុប្បន្ន​​​។​ បើ​ទោះ​បី​ជា​រក​មិន​ឃើញ​ឯកសារ​បញ្ជាក់​ក្ដី ប៉ុន្តែ​លោកឧទ្ទេសាចារ្យអះអាង​ថា ដូន​តា​ខ្មែរ​មុន​នឹង​ធ្វើ​អ្វី​មួយ​ តែង​តែ​មាន​ហេតុ​ផល​ច្បាស់​លាស់​។
 
ដើម្បី​ដឹង​ពី​ការ​បក​ស្រាយ​លម្អិត​ សូម​លោក​ លោក​ស្រី អញ្ជើញ​ស្ដាប់​បទ​សម្ភាស​ រវាង​កញ្ញា​ ប៉ូ សាគុន​ ជា​មួយ​លោក​ឧទ្ទេសាចារ្យ វ៉ាយ វិបុល​ ដូច​តទៅ​៖





លោក វ៉ាយ វិបុល​ ថា​ដើម​ចេក​ស្លឹក​ត្រចៀកទន្សាយ​ មាន​​សឹង​តែ​គ្រប់ក្នុង​​ពិធី​បុណ្យ​ ដូច​​ជា​​​ពិធី​​សូត្រ​មន្ត​រំដោះ​គ្រោះ សូត្រ​មន្ត​លើក​រាសី ពិធី​បុណ្យ​ពុទ្ធាពិសេក និង​ពិធី​បុណ្យ​តូច​ធំ​ជាច្រើ​ន​ទៀត​។ លោក​ឧទ្ទេសាចារ្យ​ សន្និដ្ឋាន​ថា​ តាំង​ពី​ដើម​ឡើយ​​ ដើម​ចេក​ស្លឹក​ត្រចៀក​ទន្សាយ បាន​ផ្ដល់​សេចក្ដី​សុខ សុភមង្គល​ សិរី​សួស្ដី​​គ្រប់​ប្រការ ​និង​ចម្រុង​ចម្រើន​ ទើប​បាន​ជា​ដូន​តា​ខ្មែរ ដាក់​​​ដើម​ចេក​នេះ ស្ទើរ​តែ​គ្រប់​ពិធី​បែប​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​បែប​នេះ​។
 
លោក​ វ៉ាយ វិបុល ពន្យល់​«មិន​ឃើញ​ក្នុង​គម្ពី​រ​ព្រះពុទ្ធសាសនា ឬ​ក្នុង​គម្ពីរ​​ផ្សេង​ៗ​ទេ ប៉ុន្តែយើង​​ធ្វើ​តាម​ទំនៀមទម្លាប់​ ប្រពៃណី​បុរាណ​។ បើ​​បក​ស្រាយ​ទៅ​តាម​ទស្សនៈ​ផ្សំ​ឱ្យ​មាន​ហេតុ​ផល​ ដើម​ចេក​ស្លឹក​ត្រចៀក​ទន្សាយ​ ដែល​មាន​ស្លឹក​៣​នោះ គឺ​តំណាង​ថា​មាន​​លាភ​ជ័យ​ បាន​សុខ​ចម្រើន​ និង​ភា​ព​យុត្តិធម៌​។ បើ​មើលជាក់​ស្ដែង​ ចេក​នៅ​អាយុ​ប៉ុណ្ណឹង​​​មិន​ងាយ​ស្វិត​ ហើយ​មាន​សម្រស់​ទាក់​ភ្នែក​​»។ 
 
លោក​ ឧទ្ទេសាចារ្យ​ បាន​បន្ថែម​ថា ការ​តាំង​ដើម​ចេក​ស្លឹក​ត្រចៀក​ទន្សាយ​ ក្នុង​ពិធី​ផ្សេង​ៗ ក៏​ដូច​ជា​ថ្វាយ​ទេវតា​​​​ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ គឺ​តំណាង​ឱ្យ​ដើម​ពោធិ ដែល​ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​។ ហើយ​ដើម​ពោធិ​ ក្នុង​ព្រះ​ពុទ្ធសាសនា ត្រូ​វ​បាន​តំណាង​ដោយ ​វត្ថុ​​​គួរ​​គោរព​​​៥ ដោយ​១​ព្រះ​ពុទ្ធ​រូប​ ២ព្រះពោធិព្រឹក​ ៣ព្រះ​ស្ដូប ឬ​​ព្រះចេតិយ ៤ព្រះសារីរិកធាតុ ៥ព្រះធម៌​ទាំង​៨៤,០០០ព្រះធម្មខណ្ឌ​៕​
 

Tag:
 វប្បធម៌​
  ចូល​ឆ្នាំ​ថ្មី​
  ទំនៀមទម្លាប់​
  ប្រពៃណី​
 
© រក្សាសិទ្ធិដោយ thmeythmey.com