ជាតិ
លោក ដុក ដុំ យកការសូត្រនិងតែងកំណាព្យ ដើម្បីបន្ធូរភាពតានតឹង
13, Apr 2023 , 3:59 pm        
រូបភាព
ភ្នំពេញ៖ យុវជន ដុក ដុំ យកការនិពន្ធ និងការសូត្រកំណាព្យ ជាមធ្យោបាយ រំសាយភាពតានតឹង ប្រាប់ពីទុក្ខកង្វល់ និងកត់ត្រាការចងចាំ ទាំងល្អ និងមិនល្អ។ ជាងនេះទៅទៀត ការតែងកំណាព្យ គឺជាការផ្សារភ្ជាប់ជីវិត ទៅនឹងសិល្បៈ ដែលធ្វើឱ្យជីវិតមានក្ដីសង្ឃឹម។

 
 
យុជន ដុក ដុំ គឺជាអតីតសិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរ ដែលបានសិក្សាវគ្គតែងនិពន្ធកំណាព្យ រយៈពេល៣ខែ។ តាមពិតទៅ ដុំ បញ្ចប់បរិញ្ញាផ្នែកទំនាក់ទំនងអន្តរជាតិ ហើយបច្ចុប្បន្នរូបគេ ធ្វើការផ្នែករដ្ឋបាល ប៉ុន្តែយុវជនសម្បុរស្រអែមរូបនេះ បែរជាជាប់ចិត្តនឹងការតែងនិពន្ធទៅវិញ។ លោក ដុក ដុំ អាចនិពន្ធកំណាព្យ សូត្រកំណាព្យ និងនិពន្ធរឿងប្រលោមលោក។
ដុំ ទើបតែដឹងខ្លួន ថាគេស្រឡាញ់ការសូត្រកំណាព្យ និងការតែងនិពន្ធតាំងពីក្មេង ហើយគេពន្យល់បែបនេះ៖«អំឡុងឆ្នាំ២០១៩ ខ្ញុំបានចូលរៀនតែងនិពន្ធ។ ពេលដែលខ្ញុំចេះតែងនិងចេះសូត្រ ខ្ញុំចាប់ផ្ដើមសើរើការចងចាំ។ តាមពិតខ្ញុំចូលចិត្តការសូត្រកំណាព្យតាំងពីក្មេងម្ល៉េះ។ នៅតូចយាយតែងនិទានរឿង ហើយសូត្រកំណាព្យឱ្យខ្ញុំស្ដាប់។ ពេលគេចាក់ស្មូត្រតាមមេក្រូ(ឧគ្ឃោសនសព្ទ) ពេលមានពិធីបុណ្យ ខ្ញុំតែងសូត្រតាម»។


 
មែនទែនទៅ ការស្រឡាញ់ចូលចិត្ត ការតែងនិពន្ធកំណាព្យ និងការសូត្រកំណាព្យរបស់លោក ដុក ដុំ គឺដោយសារមានគំរូពីជីដូន ដែលផ្ដល់ឱ្យគេតាំងតែពីតូច។ ការអានក្ដី ការសូត្រក្ដីរបស់មនុស្សធំ ទៅកាន់ក្មេងៗ រមែងបានផល នៅពេលដែលពួកគេចម្រើនវ័យ។
 
លោក ដុក ដុំ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បានអះអាងថា ការសូត្រកំណាព្យ ដូចជាច្រៀងចម្រៀងដែរ វាធ្វើឱ្យលោក រសាយទុក្ខកង្វល់ ពិសេសពេលដែលរូបគេ និពន្ធកំណាព្យ គេហាក់ដូចជានិយាយរឿងរ៉ាវរបស់ខ្លួនប្រាប់ទៅនរណាម្នាក់ ដើម្បីឱ្យធូរចិត្តដូច្នោះដែរ។
 
«ពេលយើងមានទុក្ខ យើងមិនអាចទៅនិយាយរឿង របស់យើងប្រាប់គេបានទេ ដូច្នេះខ្ញុំយកកំណាព្យ ដើម្បីរៀបរាប់រឿងក្នុងចិត្ត។ រឿងខ្លះយើងទុកជាការចង់ចាំសម្រាប់ខ្លួនយើង ហើយរឿងខ្លះទៀត យើងអាចចែករំលែកទៅកាន់អ្នកដទៃបាន។ រឿងខ្លះមិនមែនមានតែយើងជួបតែម្នាក់ឯងទេ គេក៏ជួបបញ្ហាដូចយើងដែរ ដូច្នេះខ្ញុំយល់ថា កំណាព្យដែលខ្ញុំនិពន្ធ នឹងជួយឱ្យពួកគេបានធូរស្បើយចិត្តដែរ។ រឿងខ្លះខ្ញុំនិពន្ធដើម្បីលើកកម្ពស់ស្ត្រី។ ពេលខ្លះគាត់មានក្ដីសង្ឃឹមហើយ ប៉ុន្តែនៅពេលដែលយើង លើកទឹកចិត្តគាត់បន្ថែមទៀត គាត់កាន់តែប្រឹងប្រែងឆ្ពោះទៅមុខបន្ត»។
 
លោក ដុក ដុំ លើកទឹកចិត្តយុវជននិងកុមារាកុមារី ឱ្យក្លាហានតែងនិពន្ធ និងរៀនសូត្រកំណាព្យ។ លោកថាដំណាក់កាលដំបូង កុំទាន់គិតអំពីគុណភាពខ្លាំងពេក ប៉ុន្តែធ្វើយ៉ាងណា តែងនិពន្ធឱ្យបានសិន។ ការសូត្រកំណាព្យក៏ដូចគ្នា កុំទាន់គិតថាខ្លួនសូត្រពីរោះ ឬមិនពីរោះ ប៉ុន្តែត្រូវហ៊ានសូត្រជាមុនសិន៕
 
 
 

Tag:
 អំណាន
  ការអប់រំ
  កំណាព្យ
  តែងនិពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com