កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រា! ស្បែកជើងវិរបុសបាល់បោះ Michael Jordan ឈ្មោះ «Last Dance» លក់បាន ២,២លានដុល្លារ
13, Apr 2023 , 9:19 pm        
រូបភាព
ស្បែកជើងដែលមានហត្ថលេខា និងបានពាក់ដោយវីរបុរសកីឡាបាល់បោះលោក Michael Jordan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះ NBA ក្នុងឆ្នាំ ១៩៩៨ លក់បានតម្លៃកំណត់ត្រា ២,២លានដុល្លារ នាថ្ងៃទី១១ ខែមេសា។ នេះបើតាមការបញ្ជាក់ពីសំណាក់ក្រុមហ៊ុនដេញថ្លៃឈ្មោះ Sotheby។


 
ស្បែកជើងម៉ូឌែល The Air Jordan 13 «Breds» មានពណ៍ក្រហមលាយខ្មៅ ត្រូវបានពាក់ដោយលោក Jordan ក្នុងការប្រកួតទីពីរនៃវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះអាម៉េរិក NBA អំឡុងរដូវកាលចុងក្រោយបង្អស់ជាមួយនឹងក្រុម Chicago Bulls។ ស្បែកជើងនេះត្រូវបានគេដាក់ឈ្មោះថា «Last Dance» ដែលបង្ហាញពីការបង្ហាញខ្លួនលើកចុងក្រោយ។
 
ការប្រកួតនោះ លោក ​Jordan រកបានពិន្ទុចំនួន ៣៧ពិន្ទុពីការបោះបាល់បញ្ចូលក្នុងសំណាញ់ទី ដែលបានជួយឱ្យក្រុម Chicago Bull​s យកឈ្នះ Utah Jazz ដោយលទ្ធផល ៩៣ពិន្ទុទល់ ៨៨ពិន្ទុ។ Jordan អតីតកីឡាករបាល់បោះអាម៉េរិក ជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រ ​NBA ដែលបានឈ្នះពានរង្វាន់ជាកីឡាករឆ្នើម MVP ៦លើក និងឈ្នះពានរង្វាន់ NBA Championship ៦លើកដូចគ្នា។


 
ក្រុមហ៊ុន Sotheby ដែលបានដាក់ដេញថ្លៃស្បែកជើង «Last Dance» បានតម្លៃ ២,២លានដុល្លារ បាននិយាយថា នេះជាស្បែកជើងដែលលោក​ Jordan បានផ្តល់ជាកាដូរជួនដល់ក្មេងរើសបាល់របស់ក្រុម Jazz ម្នាក់បន្ទាប់ពីការប្រកួតបញ្ចប់ ដើម្បីជាការអរគុណសម្រាប់ការស្វែងរកអាវក្រៅរបស់ខ្លួនដែលបានបាត់។ ស្បែកជើងនោះហើយដែលជាគូរចុងក្រោយដែលលោក Jordan បានពាក់សម្រាប់ការប្រកួត។
 
ស្បែកជើងដែលមានតែមួយគូរលើពិភពលោក ហើយត្រូវបានពាក់ដោយលោក Jordan នៅការប្រកួត NBA ផ្តាច់ព្រ័ត្រនោះត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយក្រុមហ៊ុន MeiGray Group ដែលជាអ្នកផ្ទៀងផ្ទាត់ផ្លូវការរបស់ស្ថាប័ន NBA ផងដែរ។
 
កាលពីមុនស្បែកជើងដែលមានកំណត់ត្រាលក់បានថ្លៃបំផុតនោះគឺជាស្បែកជើងរបស់លោក Kanye West ម៉ូឌែល Nike Air Yeezy 1s ដែលក្រុមហ៊ុន Sotheby លក់បានក្នុងតម្លៃ ១,៨លានដុល្លារក្នុងឆ្នាំ ២០២១។
 
មិនត្រឹមតែស្បែកជើងឡើយដែលត្រូវបានលក់ក្នុងតម្លៃដ៏ថ្លៃ ប៉ុន្តែក្រុមហ៊ុន Sotheby ក៏ធ្លាប់បានដាក់ដេញថ្លៃអាវរបស់លោក Jordan ដែលជាអាវចុងក្រោយនៃការប្រកួត ​NBA វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ១៩៩៨ នោះបានក្នុងតម្លៃ ១០,១លានដុល្លារ ក្នុងឆ្នាំ ២០២២។ អាវរបស់លោក Jordan បានក្លាយជាអាវកីឡាដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកដែលមិនធ្លាប់លក់បានពីមុនមក៕
 
 
 
 

Tag:
 Michael Jordan
  បាល់បោះ
© រក្សាសិទ្ធិដោយ thmeythmey.com