កីឡាអន្តរជាតិ
អន្តរជាតិ
Sane និង Mane ប៉ះទង្គិចគ្នាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីប្រកួតចាញ់ Man City
13, Apr 2023 , 9:34 pm        
រូបភាព
កីឡាករ Leroy Sane និង Sadio Mane ត្រូវបានសារព័ត៌មាន ​Bild និង Sky Sports របស់អាល្លឺម៉ង់ថ្ងៃទី១២ ខែមេសា រាយការណ៍ថា មានជម្លោះដាក់គ្នា រហូតប៉ះទង្គិចគ្នាមានរបួសស្នាម នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងលទ្ធផលចាញ់ ៣-០ ក្រោមថ្វីជើងក្រុម Manchester City នាជំនួប Champions League ជើងទីមួយ។


 
សារព័ត៌មាន Bild និង Sky Sports Germany បានរាយការណ៍ថា Sane បានរងរបួសនៅបែកក្រោមបបូរមាត់ បន្ទាប់ពីការឈ្លោះប្រកែកគ្នាជាមួយនឹង ​Mane។ កីឡាករទាំងពីរអំឡុងការប្រកួតក៏ត្រូវបានគេមើលឃើញថាមានការមិនពេញចិត្តគ្នា និងបានឈ្លោះប្រកែកគ្នា ពេលហៀបបញ្ចប់ការប្រកួត ហើយត្រូវបានមិត្តរួមក្រុមជួយបំបែកពួកគេទាំងពីរចេញ។
 
បើតាមសារព័ត៌មាន Bild ខ្សែប្រយុទ្ធក្រុមជម្រើសជាតិសេណេហ្កាល់ Mane ​បានពន្យល់អំពីរឿងរ៉ាវដែលខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល្លឺម៉ង់បាននិយាយសំដៅទៅកាន់រូបគេ បន្ទាប់ពីការប្រកួតចាញ់ ៣-០ នៅក្នុងទឹកដីកីឡដ្ឋាន Etihad រួចមក។ ការឈ្លោះប្រកែកនៃទំនាស់ពាក្យសម្តីរហូតឈានដល់ការបង្កហិង្សានេះ មិនត្រូវបានក្លិប Bayern Munich បញ្ជាក់អ្វីឡើយ។
 
ការបរាជ័យរបស់ Bayern Munich ក្រោមថ្វីជើង Man City ជាការបរាជ័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់ពួកគេលេងនៅក្នុងក្របខណ្ឌ Champions League ចាប់តាំងពីបរាជ័យក្រោមថ្វីជើង Paris Saint Germain លទ្ធផល ៣-០ ដូចគ្នានេះនៅក្នុងឆ្នាំ ២០១៧៕
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com