ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អ្នកស្រី អ៊ឹង មួយហ្គិច ថាអង្គញ់ឆ្នាំនេះលក់ដាច់ជាងឆ្នាំមុន
14, Apr 2023 , 10:00 pm        
រូបភាព
ភ្នំពេញ៖ ផ្លែអង្គញ់ ត្រូវបានប្រជាជនខ្មែរ និយមលេងនារដូវបុណ្យចូលឆ្នាំខ្មែរ និងភាគច្រើនលេងនៅតាម ទីវត្តអារាម សាលារៀន និងកន្លែងជួបជុំគ្នាជាដើម។ ជាមួយគ្នានេះ អាជីវករលក់ផ្លែអង្គញ់ នៅផ្សារអូរឫស្សី អ្នកស្រី អ៊ឹង មួយហ្គិច ថាអង្គញ់ឆ្នាំនេះ លក់ដាច់ជាងឆ្នាំមុន ព្រោះឃើញអ្នកទិញ សួររកតាំងពីដើមខែមេសា។



ក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត «អង្គញ់» ជាឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែមានសណ្ឋានធំវែងៗ ក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត។ ចំពោះ ផ្លែអង្គញ់ ទាំងនោះត្រូវបានគេយកទៅលេងនារដូវបុណ្យចូលឆ្នាំខ្មែរ ដែលហៅថា «ល្បែងបោះអង្គញ់»។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែងបោះអង្គញ់ ក៏ដូចជាល្បែងប្រជាប្រិយខ្មែរដទៃទៀត បានស្ងប់ស្ងាត់ ដោយសារការហាមប្រាម ជួបជុំគ្នាអំឡុងពេលកូវីដ-១៩។ ជាក់ស្តែង នាពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំ២០២៣នេះ ល្បែង របាំប្រជាប្រិយខ្មែរ ក៏លេចវត្តមានមកសារជាថ្មីផងដែរ។
  


អ្នកស្រី អ៊ឹង មួយហ្គិច អាជីវករលក់ផ្លែអង្គញ់នៅផ្សារអូរឫស្សី បានឱ្យដឹងថា កាលពីឆ្នាំមុនអ្នកទិញមិនសូវមានច្រើនទេ ដោយសារជំងឺកូវីដ-១៩ ទើបស្ងប់ទៅវិញ។ ឆ្នាំនេះ ប្រជាជនខ្មែរមានភាពអ៊ូអរជាងរាល់ដង ដោយមើលឃើញពីការលក់អង្គញ់របស់អ្នកស្រី បានកើនឡើង។
  


អាជីវកររូបនេះ បន្តថាអង្គញ់ទាំងនោះ បានទទួលជាវបន្តពីឈ្មួញនៅខេត្តព្រះវិហារ និងមានតម្លៃថ្លៃគួរសម។ ​ដោយដើមអង្គញ់ដុះនៅក្នុងព្រៃ ដែលតម្រូវឱ្យអ្នកទៅស្វែងរកចំណាយពេលយូរ ដើម្បីកាប់យកមកលក់។ តម្លៃអង្គញ់របស់អ្នកស្រីឆ្នាំនេះ មិនខុសពីរាល់ឆ្នាំនោះឡើង ដោយផ្លែអង្គញ់មួយផ្លែមានតម្លៃ ១ពាន់រៀល។ ចំណែក អង្គញ់ចំនួន ៥២ផ្លែ គឺមានតម្លែចាប់ពី៣ម៉ឺនរៀល, ៥ម៉ឺនរៀល ដល់៦ម៉ឺនរៀល ទៅតាមទំហំនៃផ្លែអង្គញ់។


អ្នកស្រី អ៊ឹង មួយហ្គិច អាជីវករលក់អង្គញ់នៅផ្សារអូរឫស្សី។

អ្នកស្រី មួយហ្គិច បញ្ជាក់ដូច្នេះ ៖« អង្គញ់ ឆ្នាំនេះលក់ដាច់តាំងពីដើមខែមេសា មកម្ល៉េះ! អ្នកខ្លះទិញតិច អ្នកខ្លះទិញច្រើន គិតតាមចំនួនមនុស្សលេង។ ហើយប៉ុន្មានឆ្នាំមុន លក់មិនសូវដាក់ដោយសារកូវីដ ទើបតែឆ្នាំនេះទេដែលមានគេសួររកអង្គញ់ច្រើន។»



ងាកមកចាំអារម្មណ៍ពីអ្នកទិញអង្គញ់វិញម្តង អ្នកស្រី អ៊ុន ភី លើកឡើងថា ឆ្នាំនេះអ្នកស្រីចង់ទិញអង្គញ់​ ដើម្បីយកផ្ញើកូនក្មួយនៅតាមខេត្ត។ លើសពីនេះ អ្នកស្រីចង់ឃើញក្មេងៗជំនាន់ក្រោយបានលេង ដើម្បីចូលរួមថែរក្សាល្បែងប្រជាប្រិយខ្មែរដើម្បីកុំឱ្យបាត់បង់ និងបង្រៀនក្មេងៗឱ្យចេះលេងអង្គញ់ផងដែរ។



កំពុងអង្គុញរើសអង្គញ់ ស្រី្តវ័យចំណាស់រូបនេះ ពោលឡើងថា៖ «រាល់ដងមិនដែរទិញទៅទេ ទើបលើកនេះឃើញអង្គញ់ល្អៗ ក៏នឹកឃើញដល់កូនចៅនៅស្រុក។ ហើយរាល់ឆ្នាំ ឃើញតែក្មេង រាំលេងសប្បាយ មិននឹកនានាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ទើបខ្ញុំទិញឱ្យពួកគាត់លេង កុំឱ្យបាត់បង់»។
  

អ្នកស្រី អ៊ុន ភី អ្នកទិញអង្គញ់នៅផ្សារអូរឫស្សី។

សូមបញ្ជាក់ដែរថា ក្រៅពីល្បែងបោះអង្គញ់ ប្រជាជនខ្មែរក៏បាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀតដូចជា ល្បែងចោលឈូង លាក់កន្សែង ដណ្តើមស្លឹកឈើ ស្តេចចង់ ទាញព្រ័ត្រ ជាដើម​រួមទាំង ការរបាំខ្មែរផងដែរ៕



Tag:
 ThmeyThmey25
  អង្គញ់
  ល្បែងប្រជាប្រិយខ្មែរ
 ​ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com