កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski សង្ឃឹមថានឹងអាចរួមក្រុមជាមួយ Messi រដូវកាលក្រោយ
15, Apr 2023 , 7:29 pm        
រូបភាព
​«Lionel Messi ជាកម្មសិទ្ធិនៅ Barcelona»។ នេះជាការអះអាងរបស់ Robert Lewandowski ខ្សែប្រយុទ្ធ  Barcelona ដោយសង្ឃឹមថាប្រធានក្រុមអាហ្សង់ទីនរូបនេះ អាចវិលទៅទ្រនំចាស់វិញនៅ La Liga។ Lewandowski  មានបំណងប្រាថ្នា ចាប់ដៃគូរួមក្រុមជាមួយ Messi នៅរដូវកាលក្រោយ។



Lewandowski ត្រូវបានគេឃើញថាបានបង្ហាញខ្លួនចូលរួមនៅក្នុងការធ្វើបទបង្ហាញមួយ នៃកម្មវិធីសៀវភៅសាមគ្គីនៃកីឡាលើកទី១៨ ដែលជាកម្មវិធីរៃអង្គាសប្រាក់សម្រាប់មូលនិធិ Lovaas Foundation។ កីឡាករសញ្ជាតិប៉ូឡូញបាននិយាយក្នុងកម្មវិធីនោះថា រូបគេពិតជាចង់រួមដៃជាមួយ Messi នៅតំបន់ប្រយុទ្ធក្រុម Barcelona នៅរដូវកាលខាងមុខ។
 
បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ៣៥ឆ្នាំ កំពុងតែប្រកបអាជីពនៅក្លិបយក្សាបារាំង Paris Saint Germain ហើយកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់ត្រឹមបញ្ចប់រដូវកាល ២០២២-២៣។
 
«Messi ជាកម្មសិទ្ធិនៅក្លិប Barcelona ហើយប្រសិនបើគេវិលត្រលប់មកវិញ វាពិតជារឿងដ៏អស្ចារ្យបំផុត យើងបានដឹងហើយថាក្លិប Barcelona ជាទីកន្លែងរបស់គាត់។ ខ្ញុំមិនដឹងទេថាអ្វីនឹងកើតឡើង​ តែខ្ញុំសង្ឃឹមថានៅរដូវកាលក្រោយយើងអាចលេងជាមួយគ្នាបាន។»។ Lewandowski បាននិយាយបែបនេះ។
 
ក្រៅពីលើកឡើងអំពីរឿងរ៉ាវពី Messi ខ្សែប្រយុទ្ធប៉ូឡូញក៏បាននិយាយអំពីគោលដៅក្រុម Barcelona ក្នុងការផ្តោតអារម្មណ៍ដើម្បីយកឈ្នះជើងឯកពានរង្វាន់ La Liga ខណៈក្រុមកំពុងតែមានពិន្ទុនាំមុខដាច់នៅកំពូលតារាង។ ​Lewandowski ក៏បានអះអាងដូច្នេះថា៖«យើងផ្តោតទៅលើ La Liga ព្រោះនៅសល់ពិន្ទុបន្ថែមមួយចំនួនដើម្បីឈ្នះ យើងមិនបានខ្វាយខ្វល់ពីក្រុមដែលកំពុងមានគម្លាតដូចជា Real Madrid  ឡើយ។»៕
 

Tag:
 Robert Lewandowski
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com