ជាតិ
សង្រ្កាន្តឆ្នាំថ្មី
យុវជន-យុវតី ជឿថា ការបំបែកកំណត់ត្រារាំម៉ាឌីហ្សុន លើកទី២​របស់កម្ពុជា ក៏ព្រោះប្រជាពលរដ្ឋទំាងអស់មានឆន្ទះរួមគ្នា
15, Apr 2023 , 6:29 pm        
រូបភាព
៣កញ្ញា ថោង លាងអ៊ី និស្សិតឆ្នាំទី១ នៃសាកលវិទ្យាសៅស៍អ៊ីសថ៍អេសសៀ
៣កញ្ញា ថោង លាងអ៊ី និស្សិតឆ្នាំទី១ នៃសាកលវិទ្យាសៅស៍អ៊ីសថ៍អេសសៀ
ភ្នំពេញ៖ យុវជនចំនួន ៤៩៩៩នាក់ បានចូលរួមរាំចង្វាក់ម៉ាឌីហ្សុន ដើម្បីបំបែកកំណត់ត្រាពិភពលោក ដែលមានអ្នករាំច្រើនជាងគេ។ ទន្ទឹមនឹងនោះ យុវជនមួយចំនួន ក្នុងចំណោមយុវជនចំនួន ៤៩៩៩នាក់ បានលើកឡើងស្រដៀងគ្នាថា ការបំបែកកំណត់ត្រារាំម៉ាឌីហ្សុន លើកទី២​របស់កម្ពុជា ក៏ព្រោះប្រជាពលរដ្ឋទំាងអស់មានឆន្ទះរួមគ្នា។



សូមទស្សនាវីដេអូខាងក្រោម ៖ 

 
កម្ពុជាទទួលបានកំណត់ត្រាសារជាថ្មី លើចំនួនអ្នករាំចង្វាក់ម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក (Largest Madison Dance) ពី Guinness World Records ដោយមានអ្នកចូលរួមចំនួន ៤៩៩៩នាក់ នាព្រឹកថ្ងៃទី១៥ មេសា នៅបរិវេណព្រះលានជល់ដំរី។ នេះជាការបំបែកកំណត់ត្រាលើកទី២ របស់កម្ពុជា បន្ទាប់ពីសម្រេចបានកាលពី៨ឆ្នាំមុន ដោយមានអ្នកចូលរួមចំនួន២០១៥នាក់។
 
កញ្ញា សាត ស្រីនាង ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាសៅស៍អ៊ីសថ៍អេសសៀ​ លើកឡើងថា កញ្ញាមានក្តីរំភើប និងមោទកភាពខ្លាំងចំពោះប្រទេសកម្ពុជា។ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក ជាលើកទី២ លើការរាំម៉ាឌីហ្សុន។ ចំណុចសំខាន់នៃការបំបែកកំណត់ត្រានេះ គឺការតំាងចិត្ត នៃយុវជនទាំងអស់ ដែលបានដាក់កម្លាំងកាយចិត្ត បេះដូង ដើម្បីឈ្នះសម្រាប់មុខមាត់ប្រទេស។
 
កញ្ញា សាត ស្រីនាង ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាសៅស៍អ៊ីសថ៍អេសសៀ

ក្រៅពីការចូលបំបែកកំណត់ត្រាពិភពលោក កញ្ញា ស្រីនាង ពោលថា៖ « អ្នកដែលមកលេងសៀមរាប គឺមិនខកបំណងទេ ព្រោះមានកម្មវិធីប្រពៃណីជាតិខ្មែរច្រើន។»

ដោយឡែក លោក នើយ សុខនាម ប្រជាពលរដ្ឋក្រុងសៀមរាប បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា លោកពិតជាមានភាពសប្បាយរីករាយ ដែលបានចូលរួមរាំ បំបែកកំណត់ត្រាពិភពលោកនេះ។ នេះជាការចូលរួមលើកទី៣ របស់លោក នាព្រឹត្តិការណ៍អង្គរសង្រា្កន្តកន្លងមក។
  
លោក នើយ សុខនាម ប្រជាពលរដ្ឋក្រុងសៀមរាប
«នេះជាមោទកភាពមួយ ក្នុងនាមខ្ញុំជាកូនខ្មែរ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ យើងសប្បាយចិត្ត នៅពេលយើងរាំ ដោយសាមគ្គីភាព ឯកភាព បន្ទាប់ពីបំបែកកំណត់ត្រាចាស់ក្នុងឆ្នាំ២០១៥កន្លងមក។» នេះជាការលើកឡើងរបស់ លោក នើយ សុខនាម។
 
សមាជិកអ្នករាំម៉ាឌីហ្សុនរូបនេះ បន្តថា មកដល់ពេលនេះ មហាជន ក៏ដូចជាយុវជន គឺមានការសាមគ្គីគ្នាច្រើនជាងមុន។ ជាក់ស្តែងដូចជា​ ការបំបែកកំណត់ត្រាពិភពលោក នាពេលកន្លងមក។ អំឡុងឆ្នាំ២០១៥ ចំនួនអ្នករាំ មានចំនួនតិច ប៉ុន្តែក្នុងឆ្នាំ២០២៣នេះ អ្នករាំកើនឡើងដល់ ៤៩៩៩នាក់ ដែលជាមោទកភាពមួយ ក្នុងនាមជាយុវជននៃកម្ពុជា។
 
ជាលើកទី១ សម្រាប់ កញ្ញា ថោង លាងអ៊ី និស្សិតឆ្នាំទី១ នៃសាកលវិទ្យាសៅស៍អ៊ីសថ៍អេសសៀ បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា នេះជាបទពិសោធលើកទី១ ដែលបានរាំជុំគ្នា ជាពិសេសគឺការប្រាស្រ័យទាក់ទងជា ក្នុងនាមជាសមាជិកអ្នករាំទាំង ៤៩៩៩នាក់។
 
កញ្ញា ពោលទាំងទឹកមុខញញឹមថា៖ «ខ្ញុំមិនធ្លាប់រាំចង្វាក់ម៉ាឌីហ្សុនពីមុនទេ ប៉ុន្តែខ្ញុំអាចធ្វើបាន សម្រាប់ការបំបែកកំណត់ត្រានេះ។»
 
យ៉ាងណាមិញ លោក លោក ហ៊ុន ម៉ានី ប្រធានសសយក បានចាត់ទុកការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សុនជាថ្មីម្ដងទៀតនេះ គឺប្រាប់ទៅពិភពលោកពីសាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាដែលមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”៕
 

Tag:
 ThmeyThmey
 ​យុវជន
  កំណត់ត្រារំាម៉ាឌីហ្សុន
  អង្គរសង្រា្កន្ត
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com