អន្តរជាតិ
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធការពារមីស៊ីលរួម ដើម្បីទប់កូរ៉េខាងជើង
17, Apr 2023 , 8:39 pm        
រូបភាព
រូបភាពយកពីកម្លាំងទ័ពជើងទឹកកូរ៉េខាងត្បូង
រូបភាពយកពីកម្លាំងទ័ពជើងទឹកកូរ៉េខាងត្បូង
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធយោធាការពារមីស៊ីលត្រីភាគី នៅក្នុងដែនទឹកសមុទ្រអន្តរជាតិក្នុងសមុទ្រខាងកើត ស្របពេលមានការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងនៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។

 
មួយរយៈចុងក្រោយ អាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ខណៈពេលកូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ 
 
នៅថ្ងៃទី១៧ ខែមេសា យោធាអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធយោធាការពារមីស៊ីលត្រីភាគី នៅក្នុងដែនទឹកសមុទ្រអន្តរជាតិក្នុងសមុទ្រខាងកើត។ សមយុទ្ធយោធានេះ ក៏មានការចូលរួមពីនាវាពិឃាដរបស់ប្រទេសទាំងបីផង។ 
 
ក្នុងសមយុទ្ធនេះ ប្រទេសទាំងបី នឹងផ្តោតការចាប់សញ្ញា និងតាមដានគោលដៅមីស៊ីលបាលីស្ទិកលើប្រព័ន្ធកុំព្យូទ័រ និងការចែករំលែកព័ត៌មានពាក់ព័ន្ធ។ ជុំវិញការអនុវត្តខាងលើ យោធាកូរ៉េខាងត្បូង បានចាត់ទុកជាការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងបី ប្រឆាំងនឹងការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ 
 
សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាច្រើនលើក ក្នុងនោះរួមទាំងមីស៊ីលបាលីស្ទិកអន្តរទ្វីបផង។ បញ្ហានេះ បានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និង សហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំង៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com