អន្តរជាតិ
កូរ៉េខាងត្បូង ជំរុញឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខមានការទទួលខុសត្រូវលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង
18, Apr 2023 , 10:49 am        
រូបភាព
រូបភាព KCNA
រូបភាព KCNA
ប្រេសិតកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែមេសា បានជំរុញឱ្យសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនឱ្យបានខ្លាំងក្លា ដើម្បីរឹតត្បិតសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងលើបញ្ហានុយក្លេអ៊ែរ។

 
ក្រោយការផ្អាកកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរនៅក្នុងឆ្នាំ២០១៩ ជាមួយអាម៉េរិក កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើកដោយក្នុងនោះមានមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប (ICBM) ផង។ នៅក្នុងឆ្នាំ២០២២ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកច្រើនជាង៨០គ្រាប់ ហើយបន្តបាញ់ជាលើកច្រើនលើកទៀតក្នុងឆ្នាំ២០២៣នេះ។ 
 
ដោយក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនលើកបែបនេះ​ កូរ៉េខាងត្បូង បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខមានការទទួលខុសត្រូវខ្លាំងក្លា ដើម្បីចាត់វិធានការលើកូរ៉េខាងជើង ដើម្បីបញ្ឈប់សកម្មភាពបង្ករឿង។ 
 
«ទាក់ទិនបញ្ហានេះ រដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរទាំង៥ ក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ គួរតែបង្ហាញការទទួលខុសត្រូវពិសេស»។ លោក Hwang Joon-kook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី១៧ ខែមេសា។ 
 
ក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ រដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរទាំង៥ មានអាម៉េរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស ដែលសុទ្ធតែជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ កូរ៉េខាងជើង ដើរចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំ២០០៣។
 
កន្លងមក សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វះស្វែងរកការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាច្រើនលើក ប៉ុន្តែត្រូវបានចិន និងរុស្ស៊ីប្រើសិទ្ធិវេតូ ក្រោមហេតុផល ទណ្ឌកម្មមានតែធ្វើឱ្យស្ថានការណ៍កាន់តែពិបាកខ្លាំងឡើង។ 
 
ទន្ទឹមនេះ ប្រេសិតកូរ៉េខាងត្បូងបានបន្តថា ក្រុងព្យុងយ៉ាង កំពុងព្យាយាមទាញយកពេលវេលា ដើម្បីអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់ ដោយផ្អែកទៅតាមផែនការរបស់ខ្លួន ដែលមានបំណងពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់ប្រតិបត្តិការពេញលេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
បើតាមលោក Hwang Joon-kook ការបង្ហាញការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ គឺបង្ហាញពីទំនុកចិត្ត និងធ្វើការដោយជោគជ័យរបស់ក្រុមប្រឹក្សា និងតួនាទីរបស់ខ្លួននៅក្នុងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។
 
ជុំវិញរឿងនេះ កូរ៉េខាងជើង ក៏ចេញមុខការពារខ្លួនជាថ្មី។ លោក Ri Pyong-chol អនុប្រធានគណៈកម្មការយោធាមជ្ឈិមរបស់កូរ៉េខាងជើង និយាយថា អាវុធយុទ្ធសាស្រ្តដែលមាន ជាការការពារខ្លួនពីការគំរាមពីសំណាក់អាម៉េរិកប៉ុណ្ណោះ។ លោកក៏ហៅការកៀរគរទណ្ឌកម្មនៅក្រុមប្រឹក្សាសន្តិសុខ ជាបំពានកិច្ចការផ្ទៃក្នុងកូរ៉េខាងជើងដែរ៕
 

Tag:
 កូរ៉េខាងជើង
  UNSC
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com