អន្តរជាតិ
ក្រុមប្រទេសG7 សន្យាបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន
18, Apr 2023 , 2:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ នៅក្រុង Nagano ជប៉ុន។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ នៅក្រុង Nagano ជប៉ុន។ រូបភាព AFP
ប្រមុខការទូតក្រុមប្រទេសអ្នកមានទាំង៧ (G7) បានសន្យាបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 ចេញនៅថ្ងៃទី១៨ ខែមេសា។

 
ក្រោយជំនួបរយៈពេល៣ថ្ងៃនៅក្នុងក្រុង Nagano នៅទឹកដីជប៉ុន ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្នុងនោះមានការដាក់សម្ពាធលើរុស្ស៊ីផង។ 
 
«យើងបន្តរក្សាការប្តេជ្ញា ដើម្បីបង្កើនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីដោយសម្របសម្រួល និងចាប់បង្ខំឱ្យមានការអនុវត្តពេញលេញ»។ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីមានកិច្ចប្រជុំមួយនៅថ្ងៃទី១៨ ខែមេសា។ 
 
ទន្ទឹមនេះ ប្រមុខការទូតក្រុមប្រទេសអ្នកមានទាំង៧ បានបន្ថែមថា វាគ្មាននិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងរបបផ្តាច់ការដែលរុស្ស៊ី បានវាយប្រហារលើប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ។ 
 
កន្លងមក ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែន និងឧក្រិដ្ឋកម្មផ្សេងទៀត។
 
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្រុមប្រទេសអ្នកមានទាំង ៧ បានដាក់ទណ្ឌកម្មលើរុស្ស៊ីជាបន្តបន្ទាប់លើវិស័យពាណិជ្ជកម្ម, ថាមពល និងហិរញ្ញវត្ថុជាដើម។ បន្ថែមពីនេះ មេដឹកនាំក្រុមប្រទេស G7 សុទ្ធតែបានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលក្រុងកៀវ ប្រឆាំងនឹងរុស្ស៊ី។ 
 
ក្នុងជំនួបនៅទឹកដីជប៉ុននេះ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ក៏បានពិភាក្សាពីប្រធានបទតៃវ៉ាន់ និងចិន រួមទាំងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសខាងត្បូងផង៕ 
 

Tag:
 G7
  ជប៉ុន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com