កីឡាអន្តរជាតិ
អន្តរជាតិ
Man City ត្រៀម៣៧០លានដុល្លារពង្រីកកីឡដ្ឋាន Etihad ដល់៦ម៉ឺននាក់
19, Apr 2023 , 3:39 pm        
រូបភាព
រូបភាពពីក្លិប​ ​Manchester City
រូបភាពពីក្លិប​ ​Manchester City
ក្លិប Manchester City បានដាក់ផែនការពង្រីកកីឡដ្ឋាន​ ​Etihad ដើម្បីបង្កើនចំនួនអ្នកទស្សនា ពីចំនួន ៥៣,៥០០នាក់ ទៅកាន់ ៦០,០០០នាក់។ បើតាមការប្រកាសរបស់ក្លិប Man City នៅថ្ងៃទី១៨ ខែមេសា ម្ចាស់ការពារតំណែងជើងឯក Premier League ត្រៀមចំណាយ៣០០លានផោន (៣៧០លានដុល្លារអាម៉េរិក)។



ការពង្រីកបន្ថែមនៃកីឡដ្ឋាននឹងត្រូវធ្វើឡើងនៅទីតាំងអង្គុយផ្នែកខាងជើង ដោយទីតាំងក្នុងកីឡដ្ឋាន Etihad មួយនេះនឹងត្រូវកែប្រែថ្មីដើម្បីបន្ថែមកៅអីអង្គុយ។ គម្រោងនៃការពង្រីកកីឡដ្ឋាននេះ ក៏រួមមានការអភិវឌ្ឍទីតាំងកៅអីចំនួន ៣០០០ សម្រាប់ទីតាំងតំបន់អ្នកគាំទ្រ, បារាត្រី, សារមន្ទីរថ្មី និងបន្ទប់សណ្ឋាគាចំនួន ៤០០បន្ទប់ ថែមទៀត។
 
«ក្នុងរយៈពេលជាច្រើនខែកន្លងមក យើងបានកំពុងបង្កើតគំនិត និងការរចនាសម្រាប់បទពិសោធន៍ថ្មីទៅកាន់អ្នកគាំទ្រដ៏ល្អបំផុត នៅក្នុងកីឡដ្ឋាន ​Etihad និងការកម្សាន្តពេញមួយឆ្នាំ ហើយសំណើរផែនការបានដាក់ស្នើរួចរាល់ហើយទៅកាន់ក្រុមប្រឹក្សាក្លិប Manchester City»។ នេះជាសំណេរក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប ​​​Man City។
 
កីឡដ្ឋាន ​Etihad  បានកសាងឡើងរួចរាល់ក្នុងឆ្នាំ ២០០២ ដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា Commonwealth Games។ ​Etihad ជាកីឡដ្ឋានធំទី៥ ប្រចាំនៅក្របខណ្ឌ Premier League បន្ទាប់ពីកីឡដ្ឋាន Old Trafford របស់ Manchester United, Tottenham Hotspur របស់ Spurs, Emirate របស់ Arsenal និងកីឡដ្ឋាន London របស់ West Ham United។
 
សម្រាប់គម្រោងនៃការអភិវឌ្ឍកីឡដ្ឋាននេះ​ ក្លិប Man City បានអះអាងថាការចំណាយនឹងមានតម្លៃប្រមាណជា ៣៧០លានដុល្លារ ហើយការសាងសងពង្រីកកីឡដ្ឋាននេះនឹងជួយបង្កើតការងារថ្មីចំនួន ២,៦០០ កន្លែងដល់ប្រជាជនក្នុងតំបន់៕
 

Tag:
 Manchester City
  Etihad
© រក្សាសិទ្ធិដោយ thmeythmey.com