អន្តរជាតិ
ចិនថា សេចក្តីថ្លែងការណ៍ក្រុមប្រទេសG7 មានចេតនាចង់កៀបសង្កត់ខ្លួន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា។ រូបភាពយកពីក្រសួងការបរទេសចិន
× អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៨ ខែមេសា បានចាត់ទុកសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្ហាញពីភាពក្រអឺតក្រទម លំអៀង និងចេតនា ក្នុងការកៀបសង្កត់ខ្លួនប៉ុណ្ណោះ។
ក្រសួងការបរទេសចិនបានជំទាស់យ៉ាងខ្លាំង និងជំរុញឱ្យក្រុមប្រទេសG7 ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនបន្ទាប់ពីក្រុមប្រទេសអ្នកមានទាំង៧ នៅថ្ងៃទី១៨ ខែមេសា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីក្តីបារម្ភជុំវិញស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង, ការគំរាមកំហែងកម្លាំងយោធាលើតៃវ៉ាន់ រួមទាំងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងទីបេ និងប្រជាធិបតេយ្យនៅហុងកុង។
«សេចក្តីថ្លែងការណ៍រួម បង្ហាញពីភាពក្រអឺតក្រទម លំអៀង និងចេតនារបស់G7 ដើម្បីរាំងខ្ទប់ និងកៀបសង្កត់ចិន»។ លោក Wang បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៨ ខែមេសា ដោយបន្តថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយគោលការណ៍ចិនតែមួយ បានបង្ហាញពីសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំទាស់ការប្រកាសឯករាជ្យរបស់តៃវ៉ាន់។
បើតាមលោក Wang ហុងកុង ស៊ីនជាំង និងទីបេ ជាកិច្ចការផ្ទៃក្នុងចិនសុទ្ធសាធ ហើយគ្មានប្រទេសណាមួយ អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនបានឡើយ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បាននិយាយការពារសកម្មភាពខ្លួន នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូងផង។ ត្រង់ចំណុចនេះ មន្រ្តីចិន បានអះអាងថា ស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង គឺមានស្ថិរភាព ហើយប្រទេសពាក់ព័ន្ធ ចាំបាច់គោរពកិច្ចខិតខំប្រទេសក្នុងតំបន់ សម្រាប់សន្តិភាព និងស្ថិរភាព។
នៅចំពោះមុខអ្នកសារព័ត៌មានផ្សេងទៀត លោក Wang បានប្រាប់ក្រុមប្រទេស G7 ឱ្យបញ្ឈប់ការប្រឈមមុខ និងទាត់ចោលគំនិតបែបសង្រ្គាមត្រជាក់។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង តែងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) យ៉ាងមុតមាំ និងគោលការណ៍មូលដ្ឋានលើច្បាប់អន្តរជាតិ ដើម្បីកសាងសហគមន៍មួយ ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។
គួររំឭកថា នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញក្នុងថ្ងៃទី១៨ ខែមេសា ក្រុមប្រទេសអ្នកមានទាំង ៧ ក៏បានលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា រុស្ស៊ី អាហ្វហ្កានីស្ថាន សន្តិសុខតាមប្រព័ន្ធអ៊ីនណិត និងបញ្ហាជាច្រើនទៀត៕
Tag:
ចិន
G7
សមុទ្រចិនខាងត្បូង
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com