អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងលើកឡើងពីលទ្ធភាពផ្តល់ជំនួយយោធាទៅអ៊ុយក្រែន
19, Apr 2023 , 10:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា បានលើកឡើងពីលទ្ធភាពផ្តល់ជំនួយយោធាទៅអ៊ុយក្រែន ប្រសិនបើរុស្ស៊ីវាយប្រហារខ្លាំងក្លាប្រជាជនស៊ីវិលទ្រង់ទ្រាយធំ។

 
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ កូរ៉េខាងត្បូង មិនធ្លាប់បញ្ជូនជំនួយយោធាទៅអ៊ុយក្រែនឡើយ ដោយបានត្រឹមតែផ្តល់ជំនួយមនុស្សធម៌ទៅប្រជាជនអ៊ុយក្រែនដែលភៀសខ្លួន ដោយសារសង្រ្គាមប៉ុណ្ណោះ។ 
 
យ៉ាងណាមិញ លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ពីលទ្ធភាពក្នុងការបញ្ជូនជំនួយមិនមែនមនុស្សធម៌ឱ្យរដ្ឋាភិបាលក្រុងកៀវ ប្រសិនបើវាមានការវាយប្រហារទ្រង់ទ្រាយធំលើប្រជាជនស៊ីវិល ឬការបំពានច្បាប់អន្តរជាតិណាមួយ។ 
 
«បើវាមានស្ថានភាពដែលអន្តរជាតិមិនអាចលើកលែងបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើប្រជាជនស៊ីវិល ការសម្លាប់រង្គាល និងការបំពានធ្ងន់ធ្ងរលើច្បាប់សង្រ្គាម វាពិបាកសម្រាប់យើងដែលបន្តផ្តល់ជំនួយត្រឹមតែជំនួយហិរញ្ញវត្ថុ និងមនុស្សធម៌»។ ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា។ 
 
ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូង បានបង្ហាញជំនឿថា វានឹងគ្មានការរឹតត្បិតលើការពង្រីកការផ្តល់ជំនួយលើវិស័យការពារជាតិ និងការរៀបចំប្រទេសមួយឡើងវិញដែលរងគ្រោះដោយសារការឈ្លានពានខុសច្បាប់នោះទេ។ 
 
ក្រោយកិច្ចសម្ភាសនេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល មិនបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន លើការផ្តល់ជំនួយទៅអ៊ុយក្រែនឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
កិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានReuters នេះ ធ្វើឡើងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង បំពេញទស្សនកិច្ចនៅអាម៉េរិកនៅសប្តាហ៍ក្រោយ ដើម្បីជជែកពីបញ្ហាជាច្រើនដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង, ការពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាការចែករំលែកព័ត៌មានយោធាជាដើម៕
 

Tag:
 កូរ៉េខាងត្បូង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com