ជាតិ
កូ​នផ្សោតឈ្មោលមួយក្បាល អាយុ៤ថ្ងៃ ងាប់ដោយសារជាប់មង
19, Apr 2023 , 9:19 pm        
រូបភាព
ភ្នំពេញ៖ កូនផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ៤ ថ្ងៃ បានងាប់ដោយសារជាប់មង នៅថ្ងៃទី១៩ ខែ មេសានេះ។ នេះជាផ្សោតទី២ហើយ ដែលបានងាប់ក្នុងឆ្នាំ២០២៣។

  
 
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម សត្វផ្សោតនេះ មានទម្ងន់១០ គីឡូក្រាម ប្រវែង ០, ៨៧ ម៉ែត្រ អាយុប្រមាណ ៤ថ្ងៃ។ កូនផ្សោតមួយនេះ បានងាប់ នៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានរលាត់ស្បែកដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង។ តាមការសន្និដ្ឋានរបស់អ្នកជំនាញ ផ្សោតនេះ ងាប់ដោយសារជាប់មង។
 
ជាមួយគ្នានេះ កាលពីខែមីនាកន្លងទៅ ផ្សោតឈ្មោល បានស្លាប់ដោយសារជាប់មងដូចគ្នា នៅខេត្តស្ទឹងត្រែង។ ក្នុងឆ្នាំ២០២២ សត្វផ្សោតចំនួន១១ក្បាល បានស្លាប់ក្នុងនោះ ផ្សោតពេញវ័យ មានចំនួន៥ក្បាល កូនតូច៤ក្បាល ជំទង់១ក្បាល និងចាស់ ១ក្បាល។ 
 
ការបាត់បង់សត្វផ្សោត ជាបន្តបន្ទាប់នេះ ជាក្ដីបារម្ភរបស់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។​ ដើម្បីការពារ និងអភិរក្សសត្វផ្សោត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ។ ក្នុងតំបន់នោះ ខេត្តស្ទឹងត្រែងមានប្រវែង៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com