កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
មិនអស់ថ្លៃស្នាក់នៅ-ហូបចុកនៅស៊ីហ្គេមកម្ពុជា៖ វៀតណាមចំណេញ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ
20, Apr 2023 , 10:26 am        
រូបភាព
ពិធីដង្ហែរក្បួនព្យុះហយាត្រា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក។ រូបពី VNA
ពិធីដង្ហែរក្បួនព្យុះហយាត្រា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក។ រូបពី VNA
ដោយ:
គណៈកម្មាធិការអូឡាំពិកវៀតណាម (VOC) អះអាងថាខ្លួនធូរការចំណាយរហូតដល់ ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃនៅក្នុងព្រឹត្តិាការណ៍ស៊ីហ្គេមលើកទី៣២ ដោយសារតែម្ចាស់ផ្ទះកម្ពុជាមិនយកប្រាក់លើថ្លៃស្នាក់នៅ ហូបចុក ទៅលើប្រតិភូកីឡាទាំងអស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VN.Express នៅថ្ងៃទី១៩ ខែមេសា។

 
ម្ចាស់ផ្ទះកម្ពុជានឹងផ្តល់អាហារ កន្លែងស្នាក់នៅ និងដឹកជញ្ជូនដល់គណៈប្រតិភូកីឡាស៊ីហ្គេមមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចុះឈ្មោះមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ នេះ​ជា​រឿង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ីហ្គេម ក្រោយម្ចាស់ផ្ទះកម្ពុជា មិនតម្រូវឱ្យប្រតិភូពីបណ្តាប្រទេសចូលរួមទាំងអស់បង់ថ្លៃ ៥០​ដុល្លារ​ម្នាក់ក្នុង​មួយ​ថ្ងៃ ដូច​ប្រទេសអាស៊ីអាគ្នេយ៍មុនៗរៀបចំឡើយ។
 
ការ​សម្រេច​​មិនយកប្រាក់ថ្លៃហូបចុក ស្នាក់នៅ និងដឹកជញ្ជូនរបស់ម្ចាស់ផ្ទះកម្ពុជានេះ បានជួយសម្រួលលើការចំណាយរបស់ប្រទេសចូលរួមច្រើនផងដែរ។ ភាគីវៀតណាម តាមរយៈ VOC បានបង្ហាញតួលេខពីការចំណេញលើការចំណាយខាងលើក្នុងចំនួនច្រើនគួរសម។
 
យោងតាមការផ្សាយរបស់ VN Express តាមការគណនាមុនការប្រកួត គណៈប្រតិភូកីឡាវៀតណាមដែលមានចំនួនសរុប ១០០៣នាក់នឹងសន្សំបានជាង «៥ម៉ឺនល្លារក្នុងមួយថ្ងៃ»។ ចំណែកសារព័ត៌មានរបស់វៀតណាម Zing.VN បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ថា ការមិនយកប្រាក់របស់កម្ពុជា នាំឱ្យវៀតណាមចំណេញលើការចំណាយពេញមួយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ប្រមាណកន្លះលានដុល្លារ។
 
កន្លង​មករាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​មិន​យកថ្លៃ​សិទ្ធិផ្សាយរបស់​ទូរទស្សន៍ និង​បាន​ប្រកាស​ឱ្យមហាជនចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​គ្រប់​ព្រឹត្តិការណ៍​ក្នុ​ងការប្រកួតផងដែរ។ នេះ​ជា​លើក​ដំបូង​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកដែរ។ 
 
បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចូលដល់ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា។ កម្ពុជា​នឹង​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់​ម្តងទៀត​សម្រាប់​គណៈប្រតិភូ​កីឡាដែលមកចូលរួមនៅប្រទេសកម្ពុជា។
 
គួបញ្ជាក់ផងដែរថា គណៈកម្មាធិការអូឡាំពិកវៀតណាម នឹងបញ្ជូនគណៈប្រតិភូកីឡាសរុបចំនួន ១០០៣ នាក់សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលក្នុងនោះមានអត្តពលិកប្រមាណ ៧០០នាក់ រួមជាមួយនឹងគ្រូបង្វឹក វេជ្ជបណ្ឌិត និងអ្នកជំនាញតាមផ្នែកនីមួយៗរបស់ពួកគេ៕
 
 

Tag:
 វៀតណាម
 កម្ពុជា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com