អន្តរជាតិ
រុស្ស៊ី ព្រមានបញ្ជូនអាវុធឱ្យកូរ៉េខាងជើង ក្រោយកូរ៉េខាងត្បូងបង្ហាញលទ្ធភាពផ្ដល់អាវុធឱ្យអ៊ុយក្រែន
20, Apr 2023 , 2:06 pm        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព AFP
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព AFP
រុស្ស៊ី នៅថ្ងៃទី១៩ ខែមេសា បានព្រមានកូរ៉េខាងត្បូង ដែលបានលើកឡើងពីលទ្ធភាពក្នុងការបញ្ជូនអាវុធទៅអ៊ុយក្រែន ក្នុងករណីមានការវាយប្រហារទ្រង់ទ្រាយធំលើប្រជាជនស៊ីវិល និងការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ រុស្ស៊ី បានអះអាងថា ខ្លួនអាចបញ្ជូនអាវុធទៅកូរ៉េខាងជើងជំនួសវិញ។


ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា បានលើកឡើងពីលទ្ធភាពផ្តល់អាវុធទៅអ៊ុយក្រែន ដោយពង្រីកពីជំនួយមនុស្សធម៌ និងជំនួយហិរញ្ញវត្ថុ ប្រសិនបើមានការវាយប្រហារខ្លាំងលើប្រជាជនស៊ីវិល និងការបំពានធ្ងន់ធ្ងរលើច្បាប់សង្រ្គាម។ 
 
ក្រោយការលើកឡើងបែបនេះ រុស្ស៊ី បានព្រមានកូរ៉េខាងត្បូង និងចាត់ទុកជាការចូលរួមក្នុងជម្លោះនៅអ៊ុយក្រែនដោយប្រយោល។ កន្លងមក កូរ៉េខាងត្បូងមិនធ្លាប់ផ្តល់ជំនួយយោធាទៅអ៊ុយក្រែនឡើយ ដោយបានផ្តល់ត្រឹមតែជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុប៉ុណ្ណោះ។ 
 
«ជាអកុសល ក្រុងសេអ៊ូល បានជ្រើសយកជំហរអមិត្ត»។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១៩ ខែមេសា ដោយបន្តថា ការចាប់ផ្តើមបញ្ជូនអាវុធទៅអ៊ុយក្រែន គឺមានន័យថា ជាការចូលរួមដោយប្រយោលក្នុងជម្លោះ។​ 
 
ក្នុងថ្ងៃដដែលនោះ អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ អាចបញ្ជូនអាវុធទៅកូរ៉េខាងជើងវិញ ប្រសិនបើកូរ៉េខាងត្បូងហ៊ាន ដើម្បីជាចំណាត់ការឆ្លើយតប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ុយក្រែន បានទទួលជំនួយយោធាច្រើនពាន់លានដុល្លារពីសំណាក់បណ្តាប្រទេសលោកខាងលិច ដើម្បីទប់នឹងរុស្ស៊ី៕ 
 

Tag:
 រុស្ស៊ី
  កូរ៉េខាងត្បូង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com