កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រសួងសុខាភិបាល ត្រៀមរថយន្តសង្រ្គោះបន្ទាន់ ៧៨គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
20, Apr 2023 , 2:39 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល ពង្រឹងសេវាកម្មសុខភាព និងត្រៀមរថយន្តសង្រ្គោះបន្ទាន់ចំនួន ៧៨គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍​ (SEA GAME) លើកទី​៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភាខាងមុខនេះ។


ក្នុងព្រឹត្តិការណ៍នេះ នឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចូលរួមទស្សនាការប្រកួតកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រួមទាំង ទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
 
ក្នុងន័យនេះ ក្រសួងសុខាភិបាលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ ឱ្យរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់។ 
 
ក្រសួងសុខាភិបាល បានត្រៀមមន្ទីរពេទ្យជាតិចំនួន ៧កន្លែងដូចជា មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ព្រះកុសុមៈ) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក។ ជាមួយគ្នានេះ ក៏មានមន្ទីរពេទ្យបង្អែកខេត្តមានចំនួន៤ ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
 
ដោយឡែក ក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ ក្នុងនោះ ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញចំនួន ៤៥៧នាក់។ សម្រាប់ រថយន្តគិលានសង្គ្រោះមានចំនួន ១១៤គ្រឿង ដោយរថយន្តក្នុង រាជធានីភ្នំពេញចំនួន ៧២គ្រឿង។ រីឯ រថយន្តគ្លីនិកចល័តមានចំនួន ៩ គ្រឿង ក្នុងនោះ រាជធានីភ្នំពេញមានចំនួន ៦គ្រឿង។ រួមទាំង តង់សុខភាពចំនួន ១១តង់ ដោយ រាជធានីភ្នំពេញមានចំនួន ៧តង់។
 
ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។ សូមជួយភ្ជាប់មកជាមួយនូវតារាងកំណត់ទីតាំង (QR CODE) ប្រភេទ រថយន្តគិលានសង្គ្រោះ ឈ្មោះមន្ត្រីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។ ក្រសួងសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្ដែង៕
 

Tag:
 ThmeyThmey
 ក្រសួងសុខាភិបាល
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com