អន្តរជាតិ
ប្រព័ន្ធមីស៊ីលPatriot ត្រូវបានដឹកជញ្ជូនដល់អ៊ុយក្រែន ដើម្បីទប់មីស៊ីលរុស្ស៊ី
20, Apr 2023 , 3:09 pm        
រូបភាព
ប្រព័ន្ធមីស៊ីល Patriot ដែលអភិវឌ្ឍដោយអាម៉េរិក។ រូបភាពយកពីក្រសួងការពារជាតិអាម៉េរិក
ប្រព័ន្ធមីស៊ីល Patriot ដែលអភិវឌ្ឍដោយអាម៉េរិក។ រូបភាពយកពីក្រសួងការពារជាតិអាម៉េរិក
ប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាស Patriot បានទៅដល់អ៊ុយក្រែនហើយ។ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៩ ខែមេសា។ ប្រព័ន្ធមីស៊ីលដ៏ទំនើបប្រភេទនេះ នឹងជួយការពារអ៊ុយក្រែនបន្ថែមទៀត ពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី។

 
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង រុស្ស៊ី បានបាញ់មីស៊ីលជាច្រើនគ្រាប់ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់អ៊ុយក្រែន។ អាម៉េរិក នៅក្នុងខែតុលា ឆ្នាំ២០២២ បានឯកភាពផ្តល់ប្រព័ន្ធ Patriot ដែលមានសមត្ថភាពរារាំងយន្តហោះចម្បាំង មីស៊ីលប្រដេញ និងមីស៊ីលបាលីស្ទិកចម្ងាយខ្លីទៅអ៊ុយក្រែន។ ពេលនេះ ប្រព័ន្ធមីស៊ីល ដែលត្រូវបានអភិវឌ្ឍដោយអាម៉េរិក បានទៅដល់អ៊ុយក្រែនហើយ។ 
 
«ថ្ងៃនេះ ដែនអាកាសដ៏ស្រស់ស្អាតរបស់អ៊ុយក្រែន កាន់តែមានសុវត្ថិភាពជាងមុន»។ លោក Oleksii Reznikov ប្រមុខការពារជាតិអ៊ុយក្រែន បានសរសេរបែបនេះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៩ ខែមេសា។ ក្នុងសំណេរដដែលនោះ លោក Reznikov បានអរគុណដល់សម្ព័ន្ធមិត្តលោកខាងលិច ដូចជា អាម៉េរិក អាល្លឺម៉ង់ និងហូឡង់ផងដែរ សម្រាប់ប្រព័ន្ធមីស៊ីលនោះ។ 
 
យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន មិនបានបញ្ជាក់ឡើយ ថាតើប្រព័ន្ធមីស៊ីល Patriot ប៉ុន្មានគ្រឿងបានទៅដល់អ៊ុយក្រែន។ ចំណែកអ្នកនាំពាក្យកម្លាំងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បានបញ្ជាក់នៅថ្ងៃទី១៨ ខែមេសាថា ការដឹកជញ្ជូនប្រព័ន្ធមីស៊ីល Patriot ជាព្រឹត្តការណ៍ដ៏សំខាន់ ដែលជួយកម្លាំងអ៊ុយក្រែនឱ្យបាញ់ទម្លាក់គោលដៅរបស់រុស្ស៊ីបានពីចម្ងាយដ៏ឆ្ងាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
តាមការបញ្ជាក់របស់រដ្ឋាភិបាលអាល្លឺម៉ង់នៅលើវេបសាយរបស់ខ្លួន ក្នុងថ្ងៃទី១៨ ខែមេសា ប្រព័ន្ធមីស៊ីល Patriot ជាអាវុធមួយស្ថិតក្នុងបញ្ជីអាវុធដែលត្រូវបានដឹកជញ្ជូនឱ្យអ៊ុយក្រែន នៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ។ លើសពីនេះ អាល្លឺម៉ង់ បានផ្តល់ប្រព័ន្ធការពារអាកាសចម្ងាយមធ្យម IRIS-T ទៅអ៊ុយក្រែនផងដែរ។ 
 
ជុំវិញប្រព័ន្ធមីស៊ីលខាងលើ ប្រមុខការពារជាតិអ៊ុយក្រែន បានស្នើសុំអាម៉េរិកលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២១ ពោលគឺ៥ ខែ មុនពេលរុស្ស៊ីឈ្លានពានខ្លួន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅអាម៉េរិក។ មុនប្រព័ន្ធPatriot ទៅដល់ កម្លាំងយោធាអ៊ុយក្រែនក៏បានហ្វឹកហាត់លើប្រព័ន្ធសម្រាប់វាយប្រហាររបស់  Patriot ផងដែរ ដែលទាមទារចំនួនទ័ពរហូតដល់ ៩០នាក់ ដើម្បីធ្វើប្រតិបត្តិការ។ 
 
ស្របគ្នានេះ អាម៉េរិក នៅថ្ងៃទី១៩ ខែមេសា បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំ ៣២៥លានដុល្លារបន្ថែមទៀតទៅអ៊ុយក្រែន ដើម្បីទប់ជាមួយរុស្ស៊ី ដែលនៅតែបន្តវាយប្រហារ។ ជំនួយចុងក្រោយនេះ រួមមានគ្រាប់សម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS, មីនប្រឆាំងរថក្រោះ និងគ្រាប់សម្រាប់អាវុធផ្សេងទៀតជាច្រើនលាន៕ 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com