អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ ទំនាក់ទំនងជាមួយចិនជាគូប្រជែងជាជាងដៃគូពាណិជ្ជកម្ម
20, Apr 2023 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock នាថ្ងៃទី១៩ ខែមេសា បានពណ៌នា​ផ្នែក​ខ្លះនៃការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ចិននាពេលថ្មីៗនេះថា មានការភ្ញាក់ផ្អើល​ជា​ខ្លាំង​។ បើតាមប្រមុខការទូតអាល្លឺម៉ង់ ទីក្រុងប៉េកាំងកំពុងក្លាយជាគូប្រជែង​ជា​ប្រព័ន្ធច្រើន​ជាងដៃគូ​ពាណិជ្ជកម្ម។

 
អំឡុងទស្សនកិច្ចទៅកាន់ក្រុងប៉េកាំងកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Baerbock បានព្រមានថា ការប៉ុនប៉ងរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់នឹងមិនអាចទទួលយក​បាន​ឡើយ។ ចំណែកទីក្រុងប៉េកាំងបានស្នើឱ្យអាល្លឺម៉ង់គាំទ្រ​ការបង្រួបបង្រួមរបស់តៃវ៉ាន់ ហើយចិននិង​អាល្លឺម៉ង់មិនមែនជាសត្រូវទេ ប៉ុន្តែជាដៃគូ។
 
យ៉ាងណាមិញ អំឡុងការថ្លែងទៅកាន់សភាជាន់ទាបអាល្លឺម៉ង់នៅថ្ងៃទី១៩ ខែមេសា ប្រមុខការទូតរូបនេះអះអាងថា ​ដំណើរ​ទស្សន​កិច្ចទៅចិន មានរឿងពិតជាគួ​រឱ្យភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែ​លោក​ស្រី​មិន​បាន​បញ្ជាក់លម្អិតថាយ៉ាងណានោះឡើយ។ 
 
«ទំនាក់ទំនងជាមួយចិនឥឡូវនេះ ជាគូប្រជែងជាប្រព័ន្ធដែលកំពុងកើនឡើងជាបន្តបន្ទាប់»។ លោក​ស្រី Baerbock ថ្លែងបែបនេះរួចបន្តថា ក្រុងប៉េកាំងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ប៉ុន្តែ​កាណ៍នេះមិនមានន័យថាក្រុងប៉េកាំងក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាល្លឺម៉ង់នោះឡើយ។ប្រមុខការទូតរូបនេះនិយាយទៀតថា រដ្ឋាភិបាលអាល្លឺម៉ង់ចង់ធ្វើការជាមួយចិនដើម្បីដោះស្រាយភាពតាន​តឹងនេះ ប៉ុន្តែមិនចង់បង្កកំហុសអតីតកាលម្ដងទៀតឡើយ។ 
 
ទាក់ទិននឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែនវិញ លោកស្រី Baerbock អះអាងថា ចិនមានការទទួល​ខុស​ត្រូវ​ក្នុងការនាំភាគីពាក់ព័ន្ធទៅកាន់ផ្លូវសន្តិភាព ដោយការប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធរបស់​ខ្លួន​ជាមួយ​ក្រុងមូស្គូ។ លោកស្រីស្វាគមន៍ចំពោះការសន្យារបស់ចិនដែលនឹងមិនផ្គត់ផ្គង់អាវុធទៅកាន់រុស្ស៊ីរួម​ទាំង​សម្ភារៈដែលប្រើក្នុងគោលបំណងពីរ៕
 

Tag:
 អាល្លឺម៉ង់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com