កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola ថា Man City នឿយហត់ខ្លាំងមុនការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រ FA Cup
20, Apr 2023 , 5:49 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City នៅថ្ងៃទី១៩ ខែមេសា មើលឃើញពីការនឿយហត់របស់កូនក្រុមខ្លួន នៅមុនការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ Sheffield United ក្នុងកីឡដ្ឋាន Wembley សប្តាហ៍នេះ។ ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ធ្វើឡើងបន្ទាប់ពី Man City បានទម្លាក់ Bayern Munich ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។



ក្រុម Man City ប្រកួតស្មើលទ្ធផល ១-១ ទល់ Bayern Munich ក្នុងវគ្គ ៨ក្រុងចុងក្រោយជើងទីពីរ ឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើង ៤-១ ហើយបានបន្តដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជួបជាមួយនឹងក្រុមម្ចាស់ការពារតំណែងឯក Real Madrid។
 
Man City ត្រូវប្រជែងពានរង្វាន់ចំនួន៣ផ្សេងគ្នាក្នុងរដូវកាល ២០២២-២៣នេះ ដែលរួមមាន Premier League, Champions League និង FA Cup។ ក្នុងលីគកំពូលអង់គ្លេស ក្រុមរបស់លោក Guardiola កំពុងតែប្រជែងខ្លាំងបំផុតជាមួយ Arsenal ដោយតាមពីក្រោយត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ ដោយសល់១ប្រកួតក្នុងដៃ។
 
«ក្រុមពិតជានឿយហត់ខ្លាំង ដូច្នេះខ្ញុំមិនដឹងទេថាយើងនឹងត្រូវសម្រាកយ៉ាងណាដើម្បីលេងទល់នឹងក្រុម ​Sheffield United ព្រោះយើងត្រូវលេងនៅថ្ងៃទី២២ ខែមេសា តទៀត»។ លោក Guardiola បាននិយាយបែបនេះ។ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ Manchester United ត្រូវជួប Brighton & Hove Albion នៅថ្ងៃដូចគ្នានោះ។
 
ក្រៅពីនិយាយទាក់ទង់ការប្រកួត អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏បានលើកឡើងអំពីបញ្ហារបួសរបស់ខ្សែការពារ Nathan Ake ផងដែរ។ ក្រុមគ្រូពេទ្យសង្ស័យថាខ្សែការពារសញ្ជាតិហូឡង់រូបនេះ រងរបួសសរសៃពួរ ក្រោយបញ្ចប់ការប្រកួតទល់ Bayern Munich។
 
Man City ម្ចាស់ការពារតំណែងជើងឯក Premier League មានការប្រកួតច្រើនក្នុងរដូវកាលនេះ។ តាមរយៈទម្រង់ប្រកួតលេចធ្លោ ក្រុមរហស្សនាមមេឃខៀវ មានឱកាសលើកពាន៣ក្នុងមួយរដូវកាល ២០២២-២៣នេះ៕
 

Tag:
 Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com