ជាតិ
មរតកមនុស្សរស់ ជា យុទ្ធា៖​«គេ​សើចខ្ញុំ​ព្រោះ​ខ្ញុំ​មិន​ធ្លាប់​​ទៅ​អង្គរ​ តែ​ខ្ញុំ​អាច​ឆ្លាក់​ក្បាច់​អង្គរ​បាន​»
21, Apr 2023 , 8:59 am        
រូបភាព
ភ្នំពេញ​៖ ​ទេពហត្ថកោសល្យ​ ​ជា យុទ្ធា គឺ​ជា​ជាង​ចម្លាក់​ក្បាច់​អង្គរ​លើ​​ស្ពាន់ ដ៏​ល្បី​ល្បាញ​ក្នុង​ប្រទេស​​កម្ពុជា​។ ដ្បិត​តែ​អាច​ឆ្លាក់​ក្បាច់​អង្គរ លើ​ស្ពាន់​បានយ៉ាង​ប្រណីត​ក្ដី​ ប៉ុន្តែ​ព្រឹទ្ធាចារ្យវ័យ​៦៩​ឆ្នាំ​​​រូប​នេះ ពុំ​ដែល​បាន​ទៅ​ឃើញ​ចម្លាក់ នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្តផ្ទាល់​ សូម្បី​តែ​ម្ដង​។ អ្វី​ដែល​លោក​អាច​​ឆ្លាក់ក្បាច់​អង្គរ​បាន​ គឺ​មើល​តាម​រូប​ថត​។ ដោយ​ហេតុ​នោះ​ហើយ រាល់​ពេល​ដែល​លោក​ប្រាប់​គេ​ថា លោក​មិនធ្លាប់​បាន​ទៅ​ប្រាសាទ​អង្គរ គេ​តែង​តែ​អស់​សំណើច​​។​​



ដោយ​សារតែ ​ទឹក​ដៃ​ចម្លាក់​ក្បាច់​អង្គរ លើ​ស្ពាន់​​ដ៏​ចំណាន​​ របស់​ព្រឹទ្ធាចារ្យ​ ជា​ យុទ្ធា ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ​​ព្រះ​រាជា​​កម្ពុជា បាន​ប្រោស​ព្រះ​រាជទាន​គោរមងារ​​ ទេពហត្ថកោសល្យ​ ដល់​ព្រឹទ្ធាចារ្យ​រូប​នេះ ដោយ​ឈ្មោះ​របស់​លោក​ ត្រូវ​បាន​បញ្ជូល​ទៅ​ក្នុង​ ប្រព័ន្ធ​មរតក​មនុស្ស​រស់​កម្ពុជា​ជំនាន់​ទី​២​។
  
 ព្រឹទ្ធាចារ្យ ជា យុទ្ធា ជាងចម្លាក់ក្បាច់​អង្គរ​លើ​ស្ពាន់

សូម​ស្ដាប់ប្រសាសន៍របស់​ព្រឹទ្ធាចារ្យ ជា យុទ្ធា លម្អិត​៖




 
ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក្នុង​ជន្មាយុ៦៩​ឆ្នាំ​នេះ​ ព្រឹទ្ធាចារ្យ​ ជា​ យុទ្ធា ពុំ​ដែ​ល​បាន​ទៅ​ឃើញ​​ក្បាច់​អង្គរ​ ដែល​បាន​ឆ្លាក់ ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​​ ដោយ​ផ្ទាល់ភ្នែក​​សូម្បី​តែ​​ម្ដង​​។ តាម​ពិត​ទៅ​ មរតកមនុស្ស​រស់​រូប​នេះ ចង់​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ ពិសេស​ចង់​ទៅមើល​ សង្កេត ពិនិត្យ​​ក្បាច់​អង្គរ​ ដោយ​ផ្ទាល់​ភ្នែក​ណា​ស់ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ងារ​មមាញឹក​ពេក​ ទើបលោក​ដក​ឃ្លា​មិន​រួច​​។ 
 
«​កាល​ពី​មុន​ខ្ញុំ​ក្រ​ពេក​ មិន​អាច​ទៅ​បាន​។ ដល់​​ពេល​នេះ​មាន​ហើយ​ ប៉ុន្តែ​រវល់​ដក​ខ្លួន​មិន​រួច​។ ខ្ញុំ​ចេះ​តែ​គិត​ថា​ នៅ​មាន​កម្លាំង​ខំធ្វើ​សិន​ទៅ​ ទុកប្រាក់​​ពេល​ខ្លួន​ចាស់​។ ខ្ញុំ​មិន​ចង់​ពឹង​កូន​ទេ គេ​រក​គេ​ចង់​មាន​ដែរ​ យើង​នៅ​រក​បាន​ខំសិន​​ទៅ​»។ នេះ​ជា​ការ​បញ្ជាក់​របស់ ជា យុទ្ធា​។
  
ព្រឹទ្ធាចារ្យ ជា យុទ្ធា ជាង​ចម្លាក់ក្បាច់​អង្គរលើស្ពាន់

យ៉ាង​ណា​ក៏​ដោយ​ រាល់​ពេល​ដែល​លោក​ ប្រាប់​គេ​ថា​លោក​ពុំ​ធ្លាប់​បាន​ឃើញ​ក្បាច់​អង្គរ​ ដោយ​ផ្ទាល់​ភ្នែក ​គេ​តែង​តែ​សើច​ ក្នុង​ន័យ​ហួស​ចិត្ត​ ដែល​លោក​អាច​ឆ្លាក់​ក្បាច់​អង្គរ​បាន​ ដោយ​គ្រាន់​តែ​មើល​តាម​រូប​​ភាព​ ដែល​គេ​ថត​ឱ្យ​។ មិន​ត្រឹម​តែ​ឆ្លាក់​តែ​ម្នាក់​ឯង​ឡើយ ប៉ុន្តែ​លោក​អាច​បង្រៀន​សិស្ស ​ឱ្យ​ចេះ​ឆ្លាក់​​ក្បាច់​នេះ​ថែម​ទៀត​ផង​។ 
 
ទោះ​ជា​យ៉ាង​ណា  ​ទេពហត្ថកោសល្យ ដែល​មាន​សម្បុរ​ស្រអែម​​ អះ​អាង​ថា ក្នុង​ឆ្នាំ​២០២៣​នេះ លោក​មាន​គម្រោង​ទៅ​លេង​ប្រាសាទ​អង្គរ​ហើយ​ ប៉ុន្តែ​ពុំ​ទាន់​កំណត់​ថ្ងៃ​ខែ​ឡើយ​៕
 

Tag:
 សិល្បៈ​
  វប្បធម៌​
  ចម្លាក់​
  អង្គរ​
  មរតកមនុស្ស​រស់​
 
© រក្សាសិទ្ធិដោយ thmeythmey.com