អន្តរជាតិ
UN៖ កិច្ចប្រជុំស្ដីពីអាហ្វហ្កានីស្ថាននៅខែក្រោយ មិនផ្ដោតលើការទទួលស្គាល់ក្រុមតាលីបង់ទេ
21, Apr 2023 , 11:17 am        
រូបភាព
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី២០ ខែមេសា បានបញ្ជាក់ថា កិច្ចប្រជុំដែល UN​ រៀបចំស្ដីពីអាហ្វហ្កានីស្ថានក្នុងខែឧសភា មិនមែនផ្ដោតលើការទទួលស្គាល់រដ្ឋបាលតាលីបង់​ជា​សកល​នោះឡើយ។

 
ប្រមុខ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស រៀបចំកិច្ចប្រជុំបិទទ្វារមួយនៅទីក្រុងដូហាជាមួយ​បណ្ដាប្រ​ទេស​នា​នា​ក្នុងថ្ងៃទី១ និងទី២ ខែឧសភាដើម្បីពិភាក្សាបញ្ហាអាហ្វហ្កានីស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ កិច្ចប្រជុំនេះចូលរួមដោយប្រេសិតពិសេសនៃប្រទេសនានាដែលទទួលបន្ទុកបញ្ហាប្រទេសនេះ។
 
យ៉ាងណាមិញ ការភាន់ច្រឡំក៏កើតមានបន្ទាប់ពីអគ្គលេខាធិការរង UN លោកស្រី Amina Mohammed នៅថ្ងៃទី១៧ ខែមេសាលើកឡើងថា ការប្រមូលផ្ដុំនេះអាចជាជំហានតូច​ៗ​ដែល​ត្រឡប់​ទៅលើផ្លូវឆ្ពោះទៅរកការទទួលស្គាល់វិញ។ ដើម្បីបន្សាបការយល់ខុស មន្រ្តី UN សង្កត់​ធ្ងន់​ឡើង​វិញ​ពី​គោលបំណងនៃកិច្ចប្រជុំមួយនេះ។
 
«សន្និសីទទីក្រុងដូហានៅថ្ងៃទី១ និងទី២ ខែឧសភា មិនផ្តោតលើការទទួលស្គាល់ទេ ហើយយើង​មិន​ចង់ឱ្យមានការភ័ន្តច្រឡំអំពីរឿងនោះទេ»។ អ្នកនាំពាក្យរង UN លោក Farhan Haq បញ្ជាក់​បែបនេះ​រួចបន្តថា គោលបំណងនៃកិច្ចពិភាក្សាគឺផ្ដោតលើការកសាងការឯកភាពគ្នាបន្ថែមទៀត​លើបញ្ហា​ប្រឈមនានាដែលកំពុងតែជួបប្រទះនៅអាហ្វហ្កានីស្ថាន។
 
ក្រុមតាលីបង់បានដណ្តើមអំណាចនៅខែសីហាឆ្នាំ២០២១ ខណៈដែល កងកម្លាំងអន្តរជាតិ​ដឹកនាំ​ដោយអាមេរិកបានដកខ្លួនចេញបន្ទាប់ពីធ្វើសង្គ្រាម២០ឆ្នាំ។ កាលពីខែធ្នូ ឆ្នាំ ២០២២ មហាសន្និបាត UN ដែលមានសមាជិក១៩៣ប្រទេស បានអនុម័តការពន្យារពេល ជាលើកទីពីរលើការទទួលស្គាល់តំណាងរបស់អាហ្វហ្កានីស្ថាន។
 
កាលពីដើមខែនេះ ក្រុមតាលីបង់បានចាប់ផ្តើមអនុវត្តការហាមឃាត់ស្ត្រីឱ្យឈប់ធ្វើការឱ្យ UN បន្ទាប់ពី​បញ្ឈប់ស្ត្រីភាគច្រើនដែលបានធ្វើការឱ្យក្រុមជំនួយមនុស្សធម៌កាលពីខែធ្នូ។ ចាប់តាំងពីកា​រផ្តួល​រំលំ​រដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចមក ក្រុមតាលីបង់ បានរឹតបន្តឹងការចូលរួមរបស់ស្រ្តី និងការ ហើយក៏ររារាំងស្ត្រីចូលរៀននៅសាកលវិទ្យាល័យ ព្រមទាំងបិទវិទ្យាល័យរ​បស់ក្មេងស្រី​ភាគ​ច្រើន​ផ​ង​ដែរ​។ ក្រុមតាលីបង់​និយាយ​ថា ​ខ្លួន​គោរព​សិទ្ធិ​ស្ត្រី​ដោយ​អនុលោម​តាម​ការ​បកស្រាយ​យ៉ាង​តឹងរ៉ឹង​នៃ​ច្បាប់​ឥស្លាម៕
 

Tag:
 UN
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com