អន្តរជាតិ
កូរ៉េខាងត្បូងកោះហៅទូតចិន ក្រោយក្រុងប៉េកាំងប្រើសម្ដីខ្លាំងដាក់លោក យូន លើបញ្ហាតៃវ៉ាន់
21, Apr 2023 , 12:09 pm        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែមេសា បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅក្រុងសេអ៊ូលដើម្បីដាក់ការតវ៉ា ជុំវិញការឆ្លើយតបឥតគួរសមពីសំណាក់អ្នកនាំពាក្យក្រសួងការបរទេសចិន ទៅកាន់ការលើកឡើងរបស់ប្រធានាធិបតី យូន សុកយ៉ល ជុំវិញបញ្ហាកោះតៃវ៉ាន់។ ទន្ទឹមនេះ កូរ៉េខាងត្បូង បានជំរុញឱ្យចិនបង្ការឧបទ្ទវហេតុការទូត ដែលកើតចេញពីសកម្មភាពមិនចាំបាច់ផងដែរ។


 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមេសា បានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំង មិនអនុញ្ញាតឱ្យប្រទេសដទៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន សូម្បីតាមរយៈពាក្យសម្តី។ ទន្ទឹមនេះ មន្រ្តីចិន បានជំរុញឱ្យរដ្ឋាភិបាលក្រុងសេអ៊ូល គោរពនយោបាយ «ចិនតែមួយ» ហើយបានចាត់ទុកបញ្ហាតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងចិនសុទ្ធសាធ។ 
 
យ៉ាងណាមិញ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ បានធ្វើឱ្យកូរ៉េខាងត្បូងប្រតិកម្មយ៉ាងខ្លាំង និងកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅក្រុងសេអ៊ូល ដើម្បីដាក់ការតវ៉ា។ តាមរយៈសាររបស់ក្រសួងការបរទេសកូរ៉េខាងត្បូងទៅកាន់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២០ ខែមេសា លោក Chang Ho-jin អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានចង្អុលបង្ហាញប្រាប់អគ្គរដ្ឋទូតចិនថា កាយវិការរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន គឺមិនសមរម្យយ៉ាងខ្លាំង។ 
 
«ការឆ្លើយតបរបស់អ្នកនាំពាក្យការបរទេសចិន ត្រូវតែមានការណែនាំ ដោយវាការកាយវិការការទូតមិនសមរម្យយ៉ាងខ្លាំង»។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ ដោយបន្តថា អនុរដ្ឋមន្រ្តីរបស់ខ្លួន បានជំរុញឱ្យក្រុងប៉េកាំងបង្ការឧបទ្ទរវហេតុ ដែលកើតចេញពីការរារាំងមិនចាំបាច់ ដែលអាចបំផ្លាញដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ កាន់តែលេចធំឡើង ដោយសារការប៉ុនប៉ងរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយសារកម្លាំងយោធា។ ជុំវិញបញ្ហានេះ លោកយូន បានអះអាងថា លោកនឹងឈរនៅខាងសហគមន៍អន្តរជាតិ ក្នុងការជំទាស់ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់។ 
 
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីខ្លួន តែងជំទាស់ការប្រកាសឯករាជ្យពីសំណាក់ក្រុងតៃប៉ិ។ ជាញយៗ ចិន តែងជំរុញឱ្យបណ្តាប្រទេសមួយចំនួន ដែលគាំទ្រតៃវ៉ាន់ ឱ្យគោរពអធិបតេយ្យខ្លួន និងគោលនយោបាយចិនតែមួយ៕ 
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com