អន្តរជាតិ
កូរ៉េខាងជើងចោទប្រទេសG7 ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន តាមការទទូចឱ្យរំសាយអាវុធនុយក្លេអ៊ែរ
21, Apr 2023 , 7:29 pm        
រូបភាព
លោក គីម ជុងអ៊ុន (ខាងស្តាំ) មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
លោក គីម ជុងអ៊ុន (ខាងស្តាំ) មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២១ ខែមេសា បានរាយការណ៍ថា ជំហររបស់កូរ៉េខាងជើង ជារដ្ឋអាវុធនុយក្លេអ៊ែរ នឹងនៅតែមិនអាចប្រកែកបាន ហើយពួកគេនឹងបន្តសកម្មភាពស្របច្បា​ប់ រហូតដល់ការគំរាមកំហែងផ្នែកយោធាពីអាមេរិក និងសម្ព័ន្ធមិត្តត្រូវបានលុបចោល។

 
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក្នុងសេចក្តីថ្លែងការណ៍រួមកន្លងទៅ បានថ្កោលទោសការសាកល្បងមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្រុមប្រទេស G7 ក៏ជំរុញឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េផង។ 
 
ដោយមិនពេញចិត្តនឹងទង្វើរបស់ក្រុមប្រទេស G7 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានចេញសេចក្តីថ្លែងការណ៍មួយ ដោយរិះគន់អាមេរិក និងបណ្ដារដ្ឋសមាជិកក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧។ 
 
ក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រីបញ្ជាក់ថា ស្ថានភាពរបស់កូរ៉េខាងជើងជាមហា អំណាចនុយក្លេអ៊ែរ ជាការសម្រេចចុងក្រោយ និងមិនអាចត្រឡប់វិញបានឡើយ ទោះបីជាក្រុងវ៉ាស៊ីនតោន និងប្រទេសផ្សេងទៀតនៅលោកខាងលិចបដិសេធក៏ដោយ។ ទន្ទឹមនេះ ដូចអ្វីដែលកូរ៉េខាងជើងបានលើកឡើងសព្វដង រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ ថ្លែងថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺគ្រាន់តែមានបំណងការពារ ប្រឆាំងនឹងការគំរាមកំហែងរបស់អាមេរិកប៉ុណ្ណោះ ហើយបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ទម្លាក់គោលនយោបាយអរិភាពប្រឆាំងនឹងខ្លួនចោល ដើម្បីធានាសន្តិសុខរបស់ខ្លួន។
 
«​វា​ជា​គំនិត​អនាធិបតេយ្យ​មួយ ​ប្រសិន​បើ​អ្នក​គិត​ថា​មាន​តែ​ក្រុង​វ៉ាស៊ីនតោន​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិ ​និង​សមត្ថភាព​ក្នុង​ការ​ប្រើអាវុធ​នុយក្លេអ៊ែរ​»។ KCNA បាន​ដក​ស្រង់​សម្តី​របស់​រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង​បែបនេះរួចបន្ថែមថា ដរាបណា​ពួកគេមាន​កម្លាំង​ក្នុង​ការ​វាយ​បក​ប្រឆាំង​នឹង​ការ​គំរាម​កំហែង នុយក្លេអ៊ែរ​របស់​អាមេរិក ពួកគេ​នឹង​មិន​ស្វែង​រក​ការ​ទទួល​ស្គាល់​ឬ​ការ​យល់​ព្រម​ពី​អ្នក​ណា​ឡើយ។
 
ជាមួយគ្នានេះ លោកស្រី Choe បានរិះគន់ពីការជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើង ជុំវិញការទាមទារឱ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ។ លោកស្រី Choe បានគំរាមថាទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការខ្លាំងក្លា ប្រសិនបើពួកគេប៉ុនប៉ងរំលោភលើអធិបតេយ្យភាព និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន៕
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  G7
© រក្សាសិទ្ធិដោយ thmeythmey.com