អន្តរជាតិ
លោកឈីន កាងថា មិនមែនចិនឡើយដែលចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់
21, Apr 2023 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី២១ ខែមេសា បានអះអាងថា វាមិនមែនជាចិនឡើយ ដែលចង់បង្អាក់ស្ថានភាពបច្ចុប្បន្ន ប៉ុន្តែវាជាកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ ដែលមានបំណងផ្លាស់ប្តូរ។ ទន្ទឹមនេះ ប្រមុខការទូតចិន បានបញ្ជាក់ជាថ្មីផងដែរថា តៃវ៉ាន់នៅតែជាផ្នែកមួយនៃដែនដីរបស់ខ្លួន។

 
បញ្ហាកោះតៃវ៉ាន់ នៅតែជាប្រធានបទដ៏ក្តៅមួយ ដែលមេដឹកនាំបណ្តាប្រទេសធំៗជាច្រើនលើកយកមកជជែក។ ជាញយៗ ប្រទេសធំៗទាំងនោះ ដូចជាអាម៉េរិកជាដើម តែងតែចោទចិនថា ប៉ុនប៉ងក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (status quo) តាមរយៈការប្រើប្រាស់កម្លាំងទ័ព។ 
 
យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានចោទច្រានចោល និងបន្តលើកឡើងដដែលៗថា តៃវ៉ាន់ជាផ្នែកមួយនៃដែនដីខ្លួន។ 
 
«វាគឺមិនមែនចិនដីគោកឡើយ ប៉ុន្តែវាជាក្រុមអ្នកគាំទ្រឯករាជ្យតៃវ៉ាន់ និងបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ ដែលប៉ុនប៉ងបង្អាក់ស្ថានភាពបច្ចុប្បន្ន»។ លោក ឈីន កាង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកា  Lanting Forum ក្នុងក្រុងសៀងហៃ នៅថ្ងៃទី២១ ខែមេសា ដោយបន្តថា ថ្មីៗនេះ វាមានការចោទប្រកាន់ចិនផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដែលធ្វើឱ្យអវត្តមានសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ 
 
ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានចាត់ទុកថាជារឿងគ្មានហេតុផល និងពិតជាគ្រោះថ្នាក់។ បើតាមលោក ឈីន ប្រជាជន ដែលមានការយល់ឃើញត្រឹមត្រូវ អាចមើលឃើញថាប្រទេសណាជាអ្នកគំរាមសម្លុត។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសចិន មិនបានសំដៅដល់ប្រទេសណាមួយឡើយ។ 
 
ជាញយៗ ចិនតែងបញ្ជូនយន្តហោះ និងនាវាទៅជុំវិញកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ ក្រោយជំនួបមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen និងប្រធានសភាអាម៉េរិក លោក Kevin McCarthy ចិនបានធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃ ដោយក្នុងនោះក៏មានវត្តមាននាវាដឹកយន្តហោះចម្បាំងដែរ៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com