សុខភាព
អន្តរជាតិ
យូនីសេហ្វ៖ ទំនុក​ចិត្ត​ចំពោះ​វ៉ាក់​សាំងកុមារធ្លាក់​ចុះដល់​៤៤ភាគរយសម្រាប់បណ្តា​ប្រទេសមួយចំនួន
21, Apr 2023 , 9:29 pm        
រូបភាព
ដោយ: រួបរួម
ពីទីក្រុង​ញូវយ៉ក អង្គការយូនីសេហ្វ បាន​ផ្សព្វផ្សាយ​របាយការណ៍​ថ្មីមួយ កាលពីថ្ងៃទី​២០ ខែមេសា ដែល​បង្ហាញថា កុមារចំនួន ៦៧ លាននាក់ មិនបាន​ចា​ក់​វ៉ាក់សាំ​ង​ម្តង ឬពីរដង ក្នុងរយៈពេលជាងបីឆ្នាំកន្លងមក។ យោងតាមទិន្នន័យ​នេះ ទំនុក​ចិត្ត​ចំពោះ​វ៉ាក់សាំងកុមារ មាន​ការធ្លាក់ចុះ​រហូត​ដល់​៤៤​ភាគរយ​សម្រាប់​បណ្តា​ប្រទេសមួយចំនួន នាអំឡុង​វិបត្តិកូវីដ-១៩។

 
​ភាពរ​អាក់រអួលក្នុង​កា​រ​ផ្ដ​ល់​សេ​វា​​ ​​ដោយសារ​ប្រព័ន្ធសុខាភិបាលជួបការលំបាក ការបង្វែរធនធានដែលខ្វះខាត ជម្លោះ និង​ភាពផុយស្រួយ និង​ការធ្លាក់​ចុះ​ទំនុកចិត្ត។ ទាំងនេះ ជាកត្តាដែលនាំឱ្យទំនុកចិត្ត​ចំពោះវ៉ាក់សាំងកុមារមា​នការធ្លាក់ចុះ។ របាយការណ៍របស់យូនីសេហ្វស្ដីពីការចាក់ថ្នាំបង្ការ ផ្អែក​លើការយល់​ឃើ​ញ​របស់សា​ធារ​​ណជនអំពីសារសំខាន់​នៃវ៉ា​ក់​សាំ​ង​​​សម្រាប់កុមារនាអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយទំនុក​បាន​ធ្លាក់ចុះនៅ​ប្រទេសចំនួន៥២ ក្នុង​ចំណោម ៥៥ ប្រទេសដែលត្រូវបានសិក្សា។
 
តាម​របាយការណ៍ស្ថានភាពកុមារក្នុងពិភពលោកឆ្នាំ២០២៣ ការ​យល់​ឃើញពីសារសំខាន់នៃវ៉ាក់​សាំងចំពោះ​កុមារ មាន​ការធ្លាក់ចុះ​ជាងមួយភាគបីនៅសាធារណរដ្ឋ កូរ៉េ ប៉ាពួញូហ្គីណេ ហ្គាណា សេណេហ្គាល់ និងប្រទេសជប៉ុន បន្ទាប់ពីជំងឺរាតត្បាតជាសកលបានចាប់ផ្តើម។ 
 
ខណៈទិន្នន័យ​ពីការ​យល់​ឃើញពី​សារសំខាន់នៃវ៉ាក់សាំងកុមារ មាន​ការ​កើនឡើងនៅ​​ចិន ឥណ្ឌា និងម៉ិកស៊ិក ប្រទេសភាគច្រើនដទៃទៀត មនុស្សមាន​អាយុ​ក្រោម ៣៥ ឆ្នាំ និងជាស្ត្រី ​ទំនង​ជារាយការណ៍អំពីទំនុកចិត្តរបស់ខ្លួនកម្រិតទាបជាងគេ។
 
បើតាមយូនីសេហ្វ ទំនុកចិត្តលើវ៉ាក់សាំង មានការប្រែប្រួល និងទៅតាមពេលវេលា។  ទោះបីជាមានការធ្លាក់ចុះនូវទំនុកចិត្តក៏ដោយ ការគាំទ្រជាទូទៅសម្រាប់វ៉ាក់សាំងនៅតែមានច្រើនដដែល ដោយ​ជាង ៨០ ភាគរយនៃអ្នកឆ្លើយតបនឹងការអង្កេតនៅក្នុងប្រទេសជិតពាក់កណ្តាលនៃប្រទេសទាំង៥៥ ដែលបានសិក្សា យល់ឃើញថា វ៉ាក់​សាំ​ង​មា​ន​សា​រ​សំខា​ន់​សម្រាប់​កុមារ។
 
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ ក៏បានបញ្ជាក់ថា ភាពប្រទាក់ក្រឡានៃកត្តាជាច្រើនបង្ហាញថា ការគំរាម​​កំហែងនៃការរារែកក្នុងការទទួលវ៉ាក់សាំង អាចកំពុងតែកើនឡើង។ កត្តាទាំងនេះ រួមមាន ភាព​មិន​ប្រាកដ​ប្រជាអំពីវិធានការឆ្លើយតបនឹងជំងឺរាតត្បាត ការទទួលបានព័ត៌មានក្លែងក្លាយមិនពិតកើនឡើង ការថយចុះ​ទំ​នុ​ក​ចិ​ត្ត​លើអ្នកជំនាញ និងការបែកបាក់នៃនិន្នាការនយោបាយ។
 
លោកស្រី ខេតធឺរីន រូស្សែល នាយិកាប្រតិបត្តិយូនីសេហ្វ បានលើកឡើងថា៖ «នៅពេលជំងឺរាតត្បាតជាសកលបានឈានដល់កម្រិតកំពូល អ្នកវិទ្យាសាស្ត្របានបង្កើតវ៉ាក់សាំងយ៉ាងឆាប់រហ័ស ដែល​ជួ​យ​ស​ង្គ្រោះ​ជី​វិត​ម​នុ​ស្សរាប់​មិនអស់។ ប៉ុន្តែទោះបីជាមានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះក៏ដោយ ការភ័យខ្លាច និងព័ត៌មាន​មិ​ន​​ពិត​អំពី​វ៉ាក់សាំងគ្រប់ប្រភេទ បានរីកសាយភាយយ៉ាងទូលំទូលាយដូចគ្នានឹងមេរោគនេះផងដែរ» ។ 
 
អ្វីដែលគួរឲ្យព្រួយបារម្ភគឺ ការធ្លាក់ចុះនូវ​ទំ​នុក​ចិ​ត្ត​ដែ​លបា​ន​កើ​តឡើ​ង​ចំ​ពេ​លមា​នការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងទ្រង់ទ្រង់ធំបំផុតនូវការចាក់ថ្នាំបង្ការកុមារដែលមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលបង្កដោយជំងឺរាត្បាតជាសកលកូវីដ-១៩។ ជំងឺរាតត្បា​​តជាសកលនេះ​បានរំខានដល់ការចាក់វ៉ាក់សាំង​កុមារស្ទើរនៅ​គ្រប់ទីកន្លែង ជាពិសេស​ដោយសារ​តែមានសម្ពាធតម្រូ​វ​កា​រយ៉ាង​ខ្លាំង​ទៅលើប្រព័ន្ធសុខាភិបាល ការបង្វែរ​ធ​ន​ធាន​នៃ​កា​រ​ចា​ក់​ថ្នាំ​បង្កា​រសម្រាប់​កា​រ​ចាក់​វ៉ា​ក់សាំ​ង​កា​រពា​រ​ជំងឺ​កូវីដ-១៩ បញ្ហាខ្វះបុគ្គលិកសុខាភិបាល និងវិធានការតម្រូវឲ្យមនុស្សនៅក្នុងផ្ទះ ។
 
របាយការណ៍ថ្ងៃនេះបានព្រមានថា កុមារសរុបចំនួន ៦៧ លាននាក់​មិ​ន​បា​នទទួល​​វ៉ាក់​សាំង​នៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ ដោយអត្រាគ្របដ​ណ្ត​ប់​នៃ​កា​រ​ទ​ទួលវ៉ាក់សាំង​មានការថយ​ចុះ​នៅក្នុងប្រទេសចំនួន ១១២។ កុមារដែលមិនបានទទួលវ៉ាក់សាំង រស់នៅក្នុងសហគមន៍ក្រីក្របំផុត ដាច់ស្រយាលបំផុត និងជា​ជន​ក្រីក្រ​បំផុត ដោយពេលខ្លះត្រូវរងផលប៉ះពាល់ដោយសារជម្លោះ។ 
 
លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី  ប្រធានស្តីទីយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «យើងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពដ៏ធំធេងដែលសម្រេចបានដោយកម្ពុជា រួមជាមួយ​ដៃគូ ក្នុងការបង្ការកុមារពីជំងឺដ៏កាចសាហាវ និងក្នុងការពង្រីកការគ្របដណ្តប់ ការផ្តល់ថ្នាំបង្ការជាតិ រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩»។ 
 
ដើម្បីចាក់វ៉ាក់សាំងដល់កុមារគ្រប់រូប ចាំបាច់ត្រូវពង្រឹងការថែទាំសុខភាពបឋម និងផ្តល់ឲ្យបុ​គ្គ​លិ​ក​ជួរ​មុខ​ជាស្ត្រីភាគច្រើននូវធនធាន និងជំនួយដែលពួកគេត្រូវការ។ របាយការណ៍នេះ​បង្ហាញ​ពី​ស្ត្រីដែល​ស្ថិតនៅ​ជួរមុខ​នៃការផ្តល់វ៉ាក់សាំង ប៉ុន្តែពួកគេប្រឈមមុខនឹងបញ្ហាប្រាក់ខែទាប ការងារក្រៅផ្លូវការ បញ្ហាខ្វះការ​បណ្តុះ​ប​ណ្តា​ល​​ផ្លូ​វការ និងឱកាសការងារ និងការគំរាមកំហែងសន្តិសុខរបស់ពួកគេ។
 
ដើម្បីដោះស្រាយវិបត្តិការរស់រានមានជីវិតរបស់កុមារនេះ យូនីសេហ្វកំពុងស្នើឲ្យរ​ដ្ឋា​ភិ​បា​លនានា ព​​ង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនទ្វេដង ក្នុងការបង្កើនការផ្តល់ហិរញ្ញប្បទានសម្រាប់ការចាក់ថ្នាំបង្ការ និងធ្វើការ​ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះសោធនធានដែលមាន រួមទាំងមូលនិធិដែលនៅសេសសល់ពីជំងឺកូវីដ-១៩ សំដៅអនុវត្តជាបន្ទាន់ និងពន្លឿនការចាក់វ៉ាក់សាំង កិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារ និង​ទ​ប់​ស្កា​ត់កា​រ​រី​ករាលដាលនៃជំងឺ៕ 
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com