សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​អង្ករ៨,៧លាន​តោន​នៅ​ឆ្នាំ​នេះ
22, Apr 2023 , 9:19 am        
រូបភាព
រូបភាព ៖ អង្ករ៉ាយស៍-Angkorice ។
រូបភាព ៖ អង្ករ៉ាយស៍-Angkorice ។
របាយការណ៍របស់ Fitch Solutions បានព្យាករពីការខ្វះខាតទីផ្សារអង្ករពិភពលោកចំនួន ៨,៧លានតោនក្នុងឆ្នាំដំណាំ ២០២២-២០២៣ នេះ។ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យប្រទេសផលិតអង្ករធំៗដូចជា ចិន ឥណ្ឌា និងប៉ាគីស្ថាន ទទួលបានទិន្នផលទាប គួបផ្សំជាមួយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនផងដែរ។


 
ក្រុមហ៊ុន Fitch Solutions បានព្យាករថា ទីផ្សារអង្ករពិភពលោក នឹងជួបប្រទះការខ្វះខាតខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងមកនៅឆ្នាំ២០២៣។ បើតាមរបាយការណ៍របស់ក្រុមហ៊ុននេះ តម្លៃអង្ករជាមធ្យមមានតម្លៃ ១៧,៣ដុល្លារក្នុងមួយ cwt (cwt គឺជាឯកតារង្វាស់ទម្ងន់ ដែលមួយ cwt ស្មើនឹង ៥០,៨គីឡូក្រាម)នៅក្នុងឆ្នាំនេះដែលគិតមកដល់បច្ចុប្បន្ន ហើយថយចុះមកត្រឹម ១៤,៥ដុល្លារក្នុងមួយ cwt នៅឆ្នាំ ២០២៤។ 
 
របាយការណ៍នេះ ក៏បានព្យាករផងដែរពីការខ្វះខាតទីផ្សារអង្ករពិភពលោកចំនួន ៨,៧លានតោនក្នុងឆ្នាំដំណាំ២០២២-២០២៣ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០០៣-២០០៤ ខណៈនោះកង្វះខាតមានចំនួន១៨,៦លានតោន។
 
ការ​ផ្គត់ផ្គង់​អង្ករ​ខ្វះខាត​ដោយសារ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន ព្រម​ទាំង​អាកាសធាតុ​មិន​ល្អ​ក្នុង​ប្រទេស​ផលិត​អង្ករ​ដូចជា​ចិន និង​ប៉ាគីស្ថាន។ នៅឆមាសទីពីរនៃឆ្នាំមុន ទឹកជំនន់ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសចិន ដែលជាប្រទេសផលិតអង្ករកំពូលរបស់ពិភពលោក។
 
យោងតាមក្រុមហ៊ុនវិភាគកសិកម្ម Gro Intelligence បរិមាណទឹកភ្លៀងសរុបនៅក្នុងខេត្តគ័ងស៊ី និងគ័ងតុង ដែលជាជម្រុកស្រូវធំពីររបស់ចិន បានធ្វើឱ្យខូចខាតបរិមាណស្រូវយ៉ាងច្រើន។ ដូចគ្នានេះដែរ ក្រសួងកសិកម្មអាម៉េរិកបានលើកឡើងពីឆ្នាំមុនថា ផលិតកម្មស្រូវនៅប៉ាគីស្ថានដែលមានចំនួន ៧,៦ភាគរយនៃពាណិជ្ជកម្មសកលនៅក្នុងទំនិញនេះ បានធ្លាក់ចុះ ៣១ភាគរយធៀបនឹងឆ្នាំមុន ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។
 
បន្ថែមពីលើបញ្ហាប្រឈមនៃការផ្គត់ផ្គង់ តម្រូវការអង្ករក៏បានកើនឡើងផងដែរ ដោយសារវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ជំនួសគ្រាប់ធញ្ញជាតិសំខាន់ៗផ្សេងទៀត ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
 
លោក Oscar Tjakra អ្នកវិភាគជាន់ខ្ពស់នៅ Rabobank បានឱ្យដឹងថា ការធ្លាក់ចុះនៃផលិតកម្មស្រូវនៅក្នុងប្រទេសផ្សេងទៀតដូចជាអាម៉េរិក និងសហភាពអឺរ៉ុប ក៏បានរួមចំណែកដល់ការខ្វះខាតអង្ករផងដែរ។ លោកបន្តថា កង្វះការផ្គត់ផ្គង់នេះនឹងបង្កើនថ្លៃដើមនៃការនាំចូលអង្ករសម្រាប់ប្រទេសនាំចូលអង្ករសំខាន់ៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងបណ្តាប្រទេសនៅអាហ្វ្រិកក្នុងឆ្នាំ ២០២៣។
 
ជាមួយគ្នានេះ ប្រទេសជាច្រើននឹងត្រូវបង្ខំចិត្តកាត់បន្ថយស្តុកអង្ករក្នុងស្រុករបស់ពួកគេ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយកង្វះខាតនេះ នឹងជាប្រទេសដែលកំពុងរងគ្រោះដោយសារអតិផរណាតម្លៃស្បៀងក្នុងស្រុកខ្ពស់ ដូចជាប៉ាគីស្ថាន ទួរគី ស៊ីរី និងប្រទេសអាហ្វ្រិកជាច្រើន។ នោះបើតាមអ្នកជំនាញនៃក្រុមហ៊ុនវិភាគកសិកម្ម Gro Intelligence លោកស្រី Kelly Goughary ។ 
 
ចំណែកលោក Charles Hart អ្នកវិភាគទំនិញនៅក្រុមហ៊ុន Fitch Solutions បានឱ្យដឹងថា ទីផ្សារនាំចេញអង្ករពិភពលោក ជាធម្មតាមានភាពតឹងតែងជាងគ្រាប់ធញ្ញជាតិសំខាន់ៗផ្សេងទៀត ដោយសាររងផលប៉ះពាល់ដោយការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌា។ ប្រទេស​អាស៊ី​មួយ​នេះ​បាន​ហាម​ឃាត់ការ​នាំ​ចេញ​អង្ករកាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ដែល​ជា​ចំណាត់​ការ​មួយនេះនឹងនាំឱ្យមាន​ការ​បង្កើន​តម្លៃ​អង្ករពិភពលោក ។
 
នៅក្នុងរបាយការណ៍របស់ Fitch បានព្យាករពីការស្ទុះងើបឡើងវិញផងដែរនៃផលិតកម្មស្រូវពិភពលោកក្នុងឆ្នាំ២០២៣-២០២៤ ជាមួយនឹងការកើនឡើង២,៥ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយឥណ្ឌាគឺជាអ្នកជំរុញកំណើនផលិតកម្មស្រូវពិភពលោកនៅក្នុងរយៈពេល៥ឆ្នាំក្រោយ។
 
ទោះ​ជា​យ៉ាង​ណាក៏ដោយ ទស្សនវិស័យ​ផលិតកម្ម​ស្រូវ​អាស្រ័យ​លើ​លក្ខខណ្ឌ​អាកាសធាតុ។ ទោះបីជាទីភ្នាក់ងារឧតុនិយមរបស់ប្រទេសឥណ្ឌាព្យាករពីកម្រិតទឹកភ្លៀងមានសភាពធម្មតាក៏ដោយ លទ្ធភាពនៃរលកកំដៅខ្លាំងនៅក្នុងត្រីមាសទីពីរនៅឆ្នាំ ២០២៣ នៅតែគំរាមកំហែងដល់ដំណាំស្រូវសាលីរបស់ ឥណ្ឌា។
 
ចំណែកប្រទេសផ្សេងទៀតអាចស្ថិតក្នុងស្ថានភាពដូចគ្នា។ លោកស្រី Goughary បានបន្ថែមថា ចិន ដែលជាប្រទេសផលិតអង្ករ និងស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោក បច្ចុប្បន្នកំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ នៅក្នុងតំបន់ដែលដាំដុះស្រូវរបស់ខ្លួន។ ចំណែកស្ថានភាពគ្រោះរាំងស្ងួតនៅក្នុងប្រទេសដែលដាំស្រូវធំៗជាច្រើននៅអឺរ៉ុបដូចជាបារាំង អាឡឺម៉ង់ និងអង់គ្លេស ក៏ស្ថិតក្នុងកម្រិតខ្ពស់បំផុតផងដែរ៕
 

Tag:
 អង្ករ
  ចិន
 ​ ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com