អន្តរជាតិ
UN៖ ចំនួនប្រជាជនឥណ្ឌានឹងមានច្រើនជាងចិននៅពាក់កណ្តាលឆ្នាំ ២០២៣
22, Apr 2023 , 11:19 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ទិន្នន័យ ដែលចេញផ្សាយ នៅថ្ងៃទី១៩ ខែមេសា ដោយអង្គការសហប្រជាជាតិ (UN) បានបង្ហាញថា ចំនួនប្រជាជនឥណ្ឌា នឹងក្លាយជាប្រទេសដែលមាន ប្រជាជនច្រើនជាងគេបំផុតលើពិភពលោក នៅពាក់កណ្តាលឆ្នាំនេះ។ ឥណ្ឌា នឹងមានចំនួនប្រជាជនច្រើនជាងចិន ប្រមាណជិត ៣លាននាក់។

 
នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោករបស់មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រជាជនឥណ្ឌាគិតត្រឹមពាក់កណ្តាលឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៤២៨៦ ពាន់លាននាក់ធៀបនឹង ១,៤២៥៧ ពាន់លាននាក់សម្រាប់ចិន ដែលធ្វើឱ្យចិនមានប្រជាជនតិចជាងឥណ្ឌាចំនួន ២,៩ លាននាក់។ 
 
អាមេរិកជាប្រទេសមានប្រជាជនច្រើនជាងគេនៅលំដាប់ទី ៣ ដែលមានប្រជាជនប៉ាន់ស្មានចំនួន ៣៤០ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា។ អ្នកជំនាញចំនួនប្រជាជនដែលប្រើប្រាស់ទិន្នន័យ ពីមុនពីUNបានព្យាករណ៍ថាចំនួនប្រជាជនឥណ្ឌានឹងលើសពីចិនក្នុងខែមេសា ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់ស្ថាប័នពិភពលោកមួយនេះមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។
 
មន្ត្រី UN បាននិយាយថា វាមិនអាចកំណត់កាលបរិច្ឆេទបានទេ ដោយសារភាពមិនច្បាស់លាស់ អំពីទិន្នន័យពីឥណ្ឌា និងចិន ដោយសារជំរឿនចុងក្រោយរបស់ឥណ្ឌាត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១១។ កន្លងមក ឥណ្ឌា បានគ្រោងធ្វើជំរឿន នៅក្នុងឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩។
 
ទោះបីជាប្រទេសទាំងពីរនឹងមានច្រើនជាងមួយភាគបីនៃចំនួនប្រជាជនពិភពលោកដែលបានប៉ាន់ស្មានចំនួន៨ពាន់លាននាក់ក៏ដោយ កំណើនប្រជាជននៅក្នុងប្រទេសទាំងពីរកំពុងធ្លាក់ចុះ ដែលចិនធ្លាក់ចុះលឿនជាងឥណ្ឌា។ កាលពីឆ្នាំមុន ចំនួនប្រជាជនរបស់ចិនបានធ្លាក់ចុះជា លើកដំបូងក្នុងរយៈពេលប្រាំមួយទសវត្សរ៍ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចចិនផ្ទាល់ និងសេដ្ឋកិច្ចពិភពលោក។
 
ចំពោះចំនួនប្រជាជនហក់ឡើងខាងលើនេះ មិនទាន់មានប្រតិកម្មជាផ្លូវការពីឥណ្ឌានោះ ឡើយដោយរដ្ឋមន្ត្រីសហព័ន្ធនិយាយថា ពួកគេមិនបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋ មន្ត្រីដែលបានធ្វើឡើងនៅពេលចេញរបាយការណ៍នោះឡើយ។
 
អ្នកតំណាង UNFPA ប្រចាំឥណ្ឌាលោកស្រី Andrea Wojnar បានថ្លែងថា ចំនួនប្រជាជនមិនគួរ បង្កឱ្យមានការព្រួយបារម្ភឬបង្កើតការជូនដំណឹងអាសន្ននោះឡើយ។ ផ្ទុយទៅវិញ ទិន្នន័យ នេះគួរតែត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃវឌ្ឍនភាព ការអភិវឌ្ឍ និងសេចក្តីប្រាថ្នា ប្រសិនបើសិទ្ធិ និងជម្រើសរបស់បុគ្គលត្រូវបានរក្សា។
 
មន្ត្រីនៃក្រុមស្ម័គ្រចិត្តអង្គការ Population Foundation ឥណ្ឌា លោកស្រី Poonam Muttreja បាននិយាយថាឥណ្ឌាបានធ្វើរឿងជាច្រើនយ៉ាងត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាកំណើន ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ ពួកគេត្រូវឱ្យប្រាកដថា ក្មេងស្រី និងស្ត្រីមិនត្រូវបានរុញ ច្រានឱ្យចាប់យកជីវិតអាពាហ៍ពិពាហ៍ និងការមានផ្ទៃពោះលឿនពេកដែលនឹងកាត់បន្ថយ សេចក្តីប្រាថ្នារបស់ពួកគេ៕

Tag:
 ឥណ្ឌា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com