អន្តរជាតិ
ចិន និងហ្វីលីពីន ប្តេជ្ញាធ្វើការរួមគ្នាលើការដោះស្រាយការខ្វែងគំនិតគ្នាក្នុងសមុទ្រចិនខាងត្បូង លោក Enrique Manalo រដ្ឋមន្រ្តីការបរទេសហ្វីលីពីន (ខាងឆ្វេង) ចាប់ដៃជាមួយសមភាគីចិន លោក ឈីន កាង នៅក្រុងម៉ានីល ក្នុងថ្ងៃទី២២ ខែមេសា។ រូបភាពយកពីក្រសួងការបរទេសហ្វីលីពីន
× ប្រមុខការទូតហ្វីលីពីន និងចិន នៅថ្ងៃទី២២ ខែមេសា បានសន្យាធ្វើការជាមួយគ្នា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើដែនទឹក នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងពង្រឹងទំនាក់ទំនងទ្វេភាគី។
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី២២ ខែមេសា បានចាប់ផ្តើមទស្សនកិច្ចនៅហ្វីលីពីន និងបានជួបជាមួយសមភាគីហ្វីលីពីន លោក Enrique Manalo ដើម្បីជជែកពីទំនាក់ទំនងទ្វេភាគី និងជម្លោះដែនទឹក នៅក្នុងសមុទ្រចិនខាងត្បូង។
«ភាពខុសគ្នាទាំងនេះ មិនអាចរារាំងយើងពីការស្វះស្វែងរកការគ្រប់គ្រងទំនាក់ទំនងដោយប្រសិទ្ធភាព ជាពិសេសការគោរពសិទ្ធិរបស់ប្រជាជនហ្វីលីពីនឡើយ ជាពិសេសអ្នកនេសាទ»។ លោក Manalo បានប្រាប់សមភាគីចិនបែបនេះ ដោយបន្តថា ទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំង គឺសំខាន់ជាងការខ្វែងគំនិតគ្នានៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចំណែកលោក ឈីន វិញ បានបញ្ជាក់ថា ប្រទេសទាំងពីរចាំបាច់ធ្វើការជាមួយគ្នា ដើម្បីបន្តមិត្តភាពបែបប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយជម្លោះឱ្យបានត្រឹមត្រូវ។ បើតាមប្រមុខការទូតចិន ការសហការជាមួយគ្នា នឹងជួយលើកតម្កើងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ រួមទាំងពិភពលោក។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឈីន ធ្វើឡើងក្រោយហ្វីលីពីន បានអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពចំនួន ៤ នៅក្នុងខេត្តដែលទល់មុខសមុទ្រចិនខាងត្បូង៕
© រក្សាសិទ្ធិដោយ thmeythmey.com