អន្តរជាតិ
ថៃចេញសេចក្តីព្រមានពីកម្តៅក្នុងប្រទេស និងជំរុញប្រជាជនកុំឱ្យចេញពីផ្ទះ
23, Apr 2023 , 10:59 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
អាជ្ញាធរថៃ នៅថ្ងៃទី២២ ខែមេសា បានចេញសេចក្តីព្រមានទៅកាន់ប្រជាជនខ្លួននៅទូទាំងប្រទេស រួមទាំងក្រុងបាងកកពីកម្តៅនៅក្នុងប្រទេស និងជំរុញឱ្យស្នាក់នៅផ្ទះ ក្នុងករណីមិនចាំបាច់។ បើតាមអាជ្ញាធរថៃ សីតុណ្ហភាពនៅក្នុងខេត្តចំនួន ២៨របស់ថៃ អាចនឹងលើស ៤០អង្សា។

 
ផ្នែកជាច្រើននៅក្នុងតំបន់អាស៊ី ត្រូវបានរាយការណ៍ថា បានរងការកើនកម្តៅយ៉ាងខ្លាំង នៅក្នុងខែមេសានេះ។ ដោយសារតែកម្តៅក្តៅខ្លាំង ប្រជាជន បានបង្កើនការប្រើប្រាស់អគ្គិសនី ដែលបញ្ហានេះ បានបង្កឱ្យមានការខ្វះខាត និងដាច់អគ្គិសនីផង។ 
 
ចំណែកនៅថៃវិញ កម្តៅក៏កើនឡើងខ្លាំងផងដែរ ដែលធ្វើឱ្យអាជ្ញាធរប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចេញសេចក្តីព្រមាន និងជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ។ តាមការបញ្ជាក់របស់នាយកដ្ឋានឧតុនិយម សង្កាត់ Bagna ក្នុងក្រុងបាងកក មានកម្តៅកើនដល់ ៤២អង្សា។ 
 
ចំណែកនាយកដ្ឋានការកាត់បន្ថយ និងបង្ការគ្រោះមហន្តរាយថៃ បានអះអាងថា ខេត្តចំនួន ២៨ អាចមានសីតុណ្ហភាពលើសពី ៤២អង្សានៅថ្ងៃទី២២ ខែមេសា។ បញ្ហានេះ បានធ្វើឱ្យប្រជាជនថៃបង្កើនការប្រើប្រាស់អគ្គិសនីយ៉ាងខ្លាំងនៅក្នុងប្រទេស។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានអះអាងថា ប្រជាជនបានបង្កើនការប្រើប្រាស់អគ្គិសនីរហូតដល់៣៩០០០មេហ្កាវ៉ាត់ នៅថ្ងៃទី៦ ខែមេសា ខណៈខែមេសាឆ្នាំមុន ប្រជាជនប្រើប្រាស់ត្រឹម ៣២០០០មេហ្កាវ៉ាត់ប៉ុណ្ណោះ៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com