អន្តរជាតិ
ចិន ចាត់ទុកសម្តីប្រធានាធិបតីកូរ៉េខាងត្បូងជុំវិញបញ្ហាតៃវ៉ាន់ ជារឿងមិនអាចទទួលយកបាន
23, Apr 2023 , 12:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អនុរដ្ឋមន្រ្តីការបរទេសចិន លោក Sun Weidong បានដាក់ការតវ៉ានឹងការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ជុំវិញបញ្ហាកោះតៃវ៉ាន់។ ក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៣ ខែមេសា។

 
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅពេលកន្លងទៅ បានអះអាងថា បញ្ហាកោះតៃវ៉ាន់ មិនត្រឹមតែជាបញ្ហារវាងក្រុងតៃប៉ិ និងក្រុងប៉េកាំងប៉ុណ្ណោះទេ ប៉ុន្តែវាប្រៀបដូចជាបញ្ហាកូរ៉េខាងជើងដែរ ដោយវាជាបញ្ហាសកល។ 
 
ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងត្បូងបែបនេះ បានធ្វើឱ្យចិន មិនសប្បាយចិត្តយ៉ាងខ្លាំង និងបានដាក់ការតវ៉ាជាមួយកូរ៉េខាងត្បូង។ 
 
«ការលើកឡើងរបស់លោកយូន ជារឿងមិនអាចទទួលយកបានឡើយ»។ លោក Sun Weidong អនុរដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសចិន នៅថ្ងៃទី២៣ ខែមេសា ដោយបន្តថា មេដឹកនាំកូរ៉េខាងត្បូង មិនបានលើកឡើងពីគោលនយោបាយចិនតែមួយឡើយ ប៉ុន្តែបែរជាយកបញ្ហាតៃវ៉ាន់ ប្រៀបនឹងបញ្ហាកូរ៉េខាងជើង។ 
 
បើតាមមន្រ្តីចិនរូបនេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូង សុទ្ធតែជាសមាជិកអង្គការសហប្រជាជាតិ និងមានអធិបតេយ្យពេញលេញ ប៉ុន្តែបញ្ហាតៃវ៉ាន់ គឺផ្សេងពីនេះ។ បញ្ហាទាំងពីរ គឺមិនអាចប្រៀបធៀបគ្នាបានទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សូមបញ្ជាក់ថា ចិន ដែលតែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន បានជំរុញឱ្យប្រទេសប្រតិបត្តិកម្មជុំវិញបញ្ហាតៃវ៉ាន់ គោរពអធិបតេយ្យរបស់ខ្លួន និងគោលនយោបាយចិនតែមួយ៕ 
 

Tag:
 ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com