អន្តរជាតិ
ក្រុមប្រទេស G7 ជំរុញឱ្យមានការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ
23, Apr 2023 , 7:59 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7)។ រូបភាព Kyodo
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7)។ រូបភាព Kyodo
រដ្ឋមន្រ្តីកសិកម្មនៃក្រុមប្រទេសអ្នកមានទាំង ៧ (G7) នៅថ្ងៃទី២៣ ខែមេសា បានអំពាវនាវឱ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បីធានាដល់ស្បៀងអាហារលើពិភពលោក។ កន្លងមក រុស្ស៊ី បានពន្យារកិច្ចព្រមព្រៀងនេះ ត្រឹមរយៈពេល ៦០ថ្ងៃប៉ុណ្ណោះ ពោលគឺត្រឹមពាក់កណ្តាលនៃកិច្ចព្រមព្រៀងដែលមាន ១២០ថ្ងៃ។

 
កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ (UN) នៅក្នុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិរហូតដល់ ២៧លានតោនពីកំពង់ផែរបស់ខ្លួនជាច្រើន។ កន្លងមក រុស្ស៊ីបានឯកភាពបន្តកិច្ចព្រមព្រៀងមួយនេះ ត្រឹម៦០ថ្ងៃប៉ុណ្ណោះ ដោយរយៈពេលកំណត់ មានមិនលើសពីថ្ងៃទី១៨ ខែឧសភា ដោយសារមិនត្រូវនឹងការទាមទាររបស់ក្រុងមូស្គូ។ 
 
ដោយរយៈពេលកំណត់ជិតមកដល់ រដ្ឋមន្រ្តីកសិកម្មនៃក្រុមប្រទេសអ្នកមានទាំង ៧ បានអំពាវនាវឱ្យមានការបន្តកិច្ចព្រមព្រៀង ដើម្បីជួយដោះស្រាយវិបត្តិស្បៀងសកល។ 
 
«យើង គាំទ្រយ៉ាងមុតមាំចំពោះការបន្តពេល ការអនុវត្តពេញលេញ និងពង្រីកគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ»។ ក្រុមប្រទេស G7 បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី២៣ ខែមេសា ដោយបន្តថា រិះគន់រុស្ស៊ីដែលប៉ុនប៉ងប្រើប្រាស់ស្បៀងអាហារ ដើម្បីបង្កអស្ថិរភាព ក៏ដូចជាគំរាមកំហែងភូមិសាស្រ្តនយោបាយ។ 
 
ទន្ទឹមនេះ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានគាំទ្រផងដែរ ក្នុងការកសាង និងការងើបឡើងនៃសេដ្ឋកិច្ចអ៊ុយក្រែន រួមទាំងការបញ្ជូនអ្នកជំនាញទៅដោះមីនលើដីកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ។ 
 
សូមបញ្ជាក់ថា រដ្ឋមន្រ្តីកសិកម្មនៃក្រុមប្រទេសអ្នកមានទាំង ៧ បានជួបជុំគ្នារយៈពេល ២ថ្ងៃ នៅក្រុងភាគនិរតីជប៉ុន Miyazaki។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសទាំង៧ ក៏បានពិភាក្សាពីបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រព័ន្ធស្បៀងអាហារពិភពលោក និងកិច្ចខិតខំការពារស្បៀងអាហារផង៕ 
 

Tag:
 G7
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com