ជាតិ
អ្នកស្នេហារថយន្ដបុរាណជនជាតិបារាំងម្នាក់ ចង់លក់រថយន្តធុនធ្ងន់២គ្រឿង ក្រោយគ្មានលទ្ធភាពធ្វើទំនើបកម្ម
23, Apr 2023 , 5:59 pm        
រូបភាព
បារាំង៖ កាលពីឆ្នាំ២០១៧ នៅឯប្រទេសបារាំង អ្នកស្នេហារថយន្ដបុរាណម្នាក់ បានទិញឡានធំកញ្ចាស់ជិះមិនកើត២គ្រឿង។ គឺជាម៉ាក RENAULT ប្រភេទ 1 000 kg ផលិតក្នុងចន្លោះឆ្នាំ១៩៥៦ និងឆ្នាំ១៩៥៩។ គាត់បានទិញមួយគ្រឿងពណ៌ក្រហមឈាមជ្រូក ១២០០អឺរ៉ូ និងមួយគ្រឿងពណ៌ផ្ទៃមេឃ ១០០០អឺរ៉ូ។ បំណងរបស់គាត់គឺធ្វើទំនើបកម្ម។ ដោយសារវាខូចច្រើន ហើយគាត់មិនទាន់ចាប់ផ្ដើមជួសជុល គាត់ចតវានៅលើដីវាល ដែលស្ថិតនៅមុខផ្ទះរបស់គាត់ អស់រយៈពេល ជាង៥ឆ្នាំហើយ។ ដោយសារមូលហេតុផ្ទាល់ខ្លួន និងពេលចេះតែយូរៗទៅធ្វើឱ្យគាត់យល់ថា គាត់មិនអាចបំពេញតាម បំណងរបស់ខ្លួនបានទេ។ នេះជាមូលហេតុដែល បន្ទាប់ពី៥ឆ្នាំ គាត់ដាក់លក់វិញ ក៏ប៉ុន្តែដោយសារឡានធុនធ្ងន់ទាំងពីរនោះហាលថ្ងៃហាលភ្លៀងរយៈពេលអស់ ៥ឆ្នាំ មិនអាចលក់តម្លៃស្មើនឹងតម្លៃដែលគាត់បានទិញទេ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 
កាលពីដំបូង រថយន្ដធំទាំងពីរនោះមានប្រវត្តិដូចគ្នា។ យោធាបារាំងបានទិញវាថ្មី ដើម្បីប្រយុទ្ធនៅស្រុកអាល់ហ្សេរី ដែលសម័យនោះកំពុងតែវាយយកឯករាជ្យ។ ពេលនោះ វាមានពណ៌កាគី។ សង្គ្រាមនោះចប់ត្រឹមឆ្នាំ១៩៦២។ ហេតុនេះឡានធំទាំងពីរនោះត្រូវបានយកទៅប្រទេសបារាំងវិញ។ ក្នុងទសវត្សរ៍១៩៦០ យោធាបានលក់វាផ្សេងពីគ្នា។ ១គ្រឿងត្រូវបានលក់ទៅឱ្យអង្គភាពសង្គ្រោះបន្ទាន់ពន្លត់អគ្គិភ័យ និងបាញ់ថ្នាំពណ៌ក្រហម។ ១គ្រឿងទៀត ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនវិញ និងបាញ់ថ្នាំពណ៌ផ្ទៃមេឃ។
 
ឈ្មោះ 1 000 kg មកពីរថយន្ដធុនធ្ងន់ប្រភេទនេះ អាចដឹកមនុស្ស ឬទំនិញបានរហូតដល់ទម្ងន់ ១០០០គីឡូក្រាម។ RENAULT 1 000 kg ត្រូវបានផលិតពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៦៥ ក្នុងរោងចក្រតែមួយ ស្ថិតនៅឃុំ Blainville-sur-Orne។ ត្រូវបានបង្កើតម៉ូឌែលផ្សេងៗដូចជា R2060 R2061 R2062 R2086 R2087 R2160 R2161 R2163 R2168 R4064 R4066 RR4086 R4088 ព្រោះមានដំបូលក្រណាត់កៅស៊ូ ដំបូលរឹង ឡានទូរីស ឡានធំបែន ឡានធំធុង និងម៉ាស៊ីន៥ផ្សេងពីគ្នា ហើយក៏មានឡានបង្វិលកង់ទាំង៤ សំរាប់យោធាថែមទៀត។ ប៉ុន្តែចាប់ពីឆ្នាំ១៩៥៩ ត្រូវបែងចែកជាបីប្រភេទថា Voltigeur Goélette និង Galion ។ សូមបញ្ជាក់ថា រហូតដល់ឆ្នាំ១៩៥០ ត្រូវធ្វើសាស៊ីពីឈើ !
 
បងប្អូនបង្កើត RENAULT Fernand និង Marcel បានបង្កើតក្រុមហ៊ុន RENAULT ឆ្នាំ១៨៩៨ នៅទីក្រុង Boulogne-Billancourt ប្រទេសបារាំង។ បើតាមចំនួនរថយន្ដផលិត ឆ្នាំ២០២១ ក្រុមសម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជាក្រុមសម្ព័ន្ធចំណាក់ថ្នាក់លេខ៣ ទូទាំងពិភពលោក៕
 
អត្ថបទទាក់ទង
 










© រក្សាសិទ្ធិដោយ thmeythmey.com