អន្តរជាតិ
រុស្ស៊ី ប្រកាសមិនអត់ឱនឱ្យអាម៉េរិក ក្រោយវ៉ាស៊ីនតោនមិនផ្ដល់ទិដ្ឋាការឱ្យអ្នកកាសែតរុស្ស៊ី
24, Apr 2023 , 12:09 pm        
រូបភាព
ទីក្រុងមូស្គូ អះអាងថា ទីក្រុងវ៉ាស៊ីនបានបដិសេធផ្ដល់ទិដ្ឋាការដល់អ្នកកាសែតរុស្ស៊ីដែលត្រូវអមដំណើររដ្ឋមន្រ្តីការបរទេស ស៊ែហ្គេយ៍ ឡាវរ៉ូវ ទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ បើតាម លោក ឡាវរ៉ូវ រុស្ស៊ីមិនបំភ្លេចទង្វើអាម៉េរិកឡើយ ហើយក៏មិនអត់ឱនដែរ។

 
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នឹងត្រូវធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ខណៈដែលរុស្ស៊ីកាន់តំណែងប្រធានក្រុមប្រឹក្សា។ យ៉ាងណាមិញ រុស្ស៊ីអះអាងថា អ្នកសារព័ត៌មានដែលចង់ធ្វើដំណើរទៅយកព័ត៌មាននេះ មិនត្រូវបានផ្ដល់ទិដ្ឋាការឱ្យចូលទឹកដីអាម៉េរិកឡើយ។
 
មុនចាកចេញពីមូស្គូនៅថ្ងៃទី២៣ ខែមេសា លោក ឡាវរ៉ូវ និយាយថា​ ប្រទេសដែលហៅខ្លួនឯងជាអ្នកខ្លាំងជាងគេ ឆ្លាតជាងគេ សេរីភាពជាងគេ និងយុត្តិធម៌ជាងគេ ភ័យខ្លាចខ្លាំងទៅវិញ។ ប្រមុខការទូតរុស្ស៊ីរូបនេះ បន្តថា រុស្ស៊ីនឹងចងចាំ ហើយមិនអត់ឱនឡើយ។
 
ទាក់ទងរឿងនេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី  Sergei Ryabkov លើកឡើងដែរថា រុស្ស៊ីនឹងរកផ្លូវដើម្បីឆ្លើយតប ដែលធ្វើឱ្យអាម៉េរិកមិនអាចធ្វើរឿងបែបនេះជាថ្មី។
 
ជម្លោះលើការផ្ដល់ទិដ្ឋាការនេះ កើតឡើងស្របពេលដែលវ៉ាស៊ីនតោន និងមូស្គូ កំពុងមើលមុខគ្នាមិនត្រូវ ដោយសារការចាប់ខ្លួនអ្នករាយការណ៍ព័ត៌មាន Evan Gershkovich របស់កាសែត Wall Street Journal ដែលរុស្ស៊ីចោទពីបទធ្វើចារកម្ម។ អាម៉េរិកហៅការចាប់ខ្លួននេះជារឿងខុសឆ្គង។
 
អ្នកសារព័ត៌មានលោកខាងលិច ចាកចេញពីរុស្ស៊ីក្រោយការឈ្លានពានអ៊ុយក្រែន។ អ្នកដែលបន្តធ្វើការ ត្រូវទីក្រុងមូស្គូកំណត់ឱ្យធ្វើទិដ្ឋាការ និងលិខិតអនុញ្ញាតរាល់៣ខែម្ដង៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com