អន្តរជាតិ
រុស្ស៊ី ​ណែនាំ​ពលរដ្ឋ​ខ្លួនចៀសវាង​ធ្វើ​ដំណើរ​ទៅ​កាណាដា
24, Apr 2023 , 2:39 pm        
រូបភាព
ក្រសួងការបរទេសរុស្ស៊ី បានណែនាំពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការធ្វើដំណើរទៅកាន់កាណាដា​ដោយបានលើកឡើងពីករណីរើសអើងជាច្រើនប្រឆាំងនឹងជន​ជាតិរុស្ស៊ីរួមទាំងអំពើហិង្សា​លើ​រាង​កាយ​ផងដែរ។

 
កាណាដា ជាប្រទេសគាំទ្រដែលប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានដាក់ចេញ​ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី និងក្រុមហ៊ុនរាប់រយ ហើយព្រមទាំងការហាមឃាត់លើពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​ផងដែរ។ សកម្មភាពនេះ ធ្វើឱ្យទំនាក់ទំនងជាមួយរុស្ស៊ី មិនល្អប្រសើរឡើយ។
 
«ដោយសារករណីជាច្រើននៃការរើសអើងប្រឆាំងនឹងពលរដ្ឋរុស្ស៊ីនៅក្នុងកាណាដារួមទាំងអំពើ​ហិង្សា​លើរាងកាយ យើងសូមណែនាំអ្នកឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសនេះក្នុងគោលបំណ​ង​ទេសចរណ៍ ការអប់រំ និងក្នុងបរិបទទំនាក់ទំនងអាជីវកម្ម» ។ ក្រសួង​ការបរទេសរុស្ស៊ីបញ្ជាក់បែបនេះក្នុងសេចក្ដីណែនាំ​មួយរួចបន្តថា ប្រសិនកំពុងស្ថិតនៅកាណាដារួចហើយនោះ ពួកគេត្រូវប្រុងប្រយ័ត្ន ជាពិសេស​នៅទីសាធារណៈ។
 
សេចក្តីណែនាំខាងលើដែលបានចុះថ្ងៃទី២០ ខែមេសា និងត្រូវបានបង្ហោះនៅលើប្រព័ន្ធបញ្ជូនសារ Telegram សំខាន់របស់ក្រសួងកាលពីថ្ងៃទី២២ ខែមេសា។
ភ្លាមៗបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើមកាលពីឆ្នាំមុន កាណាដាក៏បានណែនាំពលរដ្ឋឱ្យចៀសវាងការ​ធ្វើ​ដំណើរទាំងអស់ទៅកាន់រុស្ស៊ីដែរ។ ចំណែកឯរុស្ស៊ីកាលពីសប្តាហ៍មុនបានដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កាណាដានិងឥស្សរជនសាធារណៈចំនួន៣៣៣នាក់ រួមទាំងកីឡាករអូឡាំពិកដ៏លេចធ្លោ​ផង​ដែរនៅ​ក្នុងអ្វីដែលខ្លួនបាននិយាយថាជាការឆ្លើយតបចំពោះការដាក់កំហិតរបស់កាណាដាលើទីក្រុងមូស្គូ និងការគាំទ្រអ៊ុយក្រែន៕
 

Tag:
 រុស្ស៊ី
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com