អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ទៅអាម៉េរិកក្រោមស្រមោលការគំរាមរបស់កូរ៉េខាងជើង
24, Apr 2023 , 4:09 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានចាកចេញពីប្រទេសនៅថ្ងៃទី២៤ ខែមេសាដើម្បីធ្វើទស្សនកិច្ចនៅអាម៉េរិក ដែលធ្វើឡើងចំពេលដែលការគំរាមពីសំណាក់កូរ៉េខាងជើងចេះតែកើនឡើង។ ទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិពាណិជ្ជកម្ម ក៏ជារបៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចនេះដែរ។

 
តាមផែនការ លោក យូន សុកយ៉ល ត្រូវធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអាម៉េរិក៦ថ្ងៃដែលចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមេសា ស្របពេលប្រទេសទាំង២ អបអរខួប៧០ឆ្នាំទំនាក់ទំនងការទូត។ ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំកូរ៉េខាងត្បូងក្នុងពេល១២ឆ្នាំទស្សនកិច្ចរបស់លោក យូន ធ្វើក្រោមមូលបទសម្ព័ន្ធភាពដើម្បីសកម្មភាពឆ្ពោះទៅអនាគត។
 
លោក យូន ក៏អមដំណើរដោយក្រុមពាណិជ្ជករប្រមាណ១២០នាក់ ដែលតំណាងឱ្យក្រុមហ៊ុនធំៗរបស់ប្រទេស។ កូរ៉េខាងត្បូង និងអាម៉េរិក សម្លឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ពិសេសសេដ្ឋកិច្ចសន្តិសុខក្នុងវិស័យសឺមីកុងឌុចទ័រ បន្ទះឈីប និងបាក់តេរី។ 
 
អ្វីដែលជាប្រធានបទសំខាន់ គឺការពង្រឹងសម្ព័ន្ធភាពដើម្បីឆ្លើយតបការគំរាមរបស់កូរ៉េខាងជើង ដែលបង្កើនការសាកល្បងមីស៊ីលកាន់តែញឹកញាប់ ជាមួយការព្រមានតបតសម្ព័ន្ធមិត្តអាម៉េរិក-កូរ៉េខាងត្បូងផងដែរ។ ទស្សនកិច្ចរបស់លោក យូន ត្រូវមើលឃើញថា នឹងធ្វើឱ្យសម្ព័ន្ធភាព​ផ្នែកសន្តិសុខកាន់តែ​រឹង​មាំថែមទៀត។
 
ជារឿងគួរកត់សម្គាល់នោះ លោក យូន ក៏នឹងទទួលបានការផ្ដល់ព័ត៌មានសម្ងាត់ក្នុងជំនួបជាមួយយោធាអាម៉េរិកផងដែរ៕
 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com