អន្តរជាតិ
អាម៉េរិក ពង្រាយក្រុមឆ្លើយតបគ្រោះមហន្តរាយនៅស៊ូដង់ដែលប្រឈមវិបត្តិមនុស្សធម៌
24, Apr 2023 , 8:29 pm        
រូបភាព
ទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានដាក់ពង្រាយក្រុមអ្នកជំនាញឆ្លើយតបគ្រោះមហន្តរាយនៅប្រទេសស៊ូដង់ ដើម្បីសម្របសម្រួលការឆ្លើយតបនឹងវិបត្តិមនុស្សធម៌ក្នុងប្រទេស ខណៈដែលការប្រយុទ្ធគ្នាកើនឡើងកាន់តែខ្លាំងក្នុងប្រទេសនេះ។

 
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៣ ខែមេសា នាយិកា USAID លោកស្រី Samantha Power បានលើកឡើងថា ក្រុមឆ្លើយតបនឹងគ្រោះមហន្តរាយរបស់អាម៉េរិកនឹងចាកចេញពីប្រទេសកេនយ៉ាសម្រាប់ដំណាក់កាលដំបូងដើម្បីទៅស៊ូដង់។ លោកស្រីក៏បានបន្ថែមថា អ្នកជំនាញកំពុងធ្វើការជាមួយសហគមន៍អន្តរជាតិ និងដៃគូនានាដើម្បីកំណត់តម្រូវការអាទិភាព និងផ្តល់ជំនួយមនុស្សធម៌ដោយសុវត្ថិភាពដល់ស៊ូដង់។
 
«​​អាម៉េរិក​កំពុង​កៀរគរ​ដើម្បី​បង្កើន​ជំនួយ​ដល់​ប្រជាជន​ស៊ូដង់​ដែល​រងគ្រោះរវាង​ក្រុមដែល​កំពុង​ធ្វើ​សង្រ្គាមក្នុងប្រទេស»។ នេះបើតាមលោកស្រី Samantha Power។ 
 
ការប្រយុទ្ធគ្នា បានចូលសប្ដាហ៍ទី២ ហើយរវាងកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា Rapid Support Force (RSF) ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេស និងបានសម្លាប់មនុស្សរាប់រយនាក់ ខណៈប្រជាជនស៊ូដង់រាប់លាននាក់មិនមានលទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាន។ 
 
ការធ្លាក់ចូលភ្លាមៗនៅក្នុងសង្គ្រាមរបស់ស៊ូដង់បានធ្វើឱ្យផែនការស្តារនីតិរដ្ឋ និងប្រជាធិបតេយ្យឡើងវិញបរាជ័យ ហើយនាំឱ្យប្រទេសក្រីក្រមួយនេះ ធ្លាក់ក្នុងគ្រោះមហន្តរាយមនុស្សធម៌។
 
«ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងយោធាស៊ូដង់បានឆក់យកជីវិតមនុស្សរាប់រយនាក់ របួសរាប់ពាន់នាក់ ហើយជាថ្មីម្តងទៀតបានបំផ្លាញផ្លូវឆ្ពោះប្រជាធិបតេយ្យរបស់ប្រជាជនស៊ូដង់»។ លោកស្រី Power បានបន្តបែបនេះមុនបន្ថែមថា ពលរដ្ឋស៊ូដង់បានជាប់ឃុំក្នុងផ្ទះដោយមិនទទួលបានថ្នាំ ថាមពល ទឹក និង​ការ​ខ្វះខាត​ស្បៀងអាហារ។ 
 
ទន្ទឹមនឹងនេះ លោកស្រីក៏បានរំលឹកឡើងវិញនូវការអំពាវនាវសម្រាប់ភាគីនានាឱ្យគោរពបទឈប់បាញ់សម្រាប់ថ្ងៃឈប់សម្រាក Eid al-Fitr និងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងដោយការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងសម្រាប់បុគ្គលិកមនុស្សធម៌ និងពេទ្យ៕
 

Tag:
 ស៊ូដង់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com