អន្តរជាតិ
អូស្ត្រាលី ផ្ដល់អាទិភាពក្នុងការពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ
24, Apr 2023 , 9:29 pm        
រូបភាព
រដ្ឋាភិបាលអូស្ត្រាលីនាថ្ងៃទី២៤ ខែមេសាបានបង្ហាញចំណុចសំខាន់មួយចំនួនក្នុងការត្រួតពិនិត្យគោលនយោបាយការពារជាតិរបស់ខ្លួន។ ក្រោមការកែប្រែថ្មី អូស្ត្រាលីផ្ដល់អាទិភាព ដល់ការវាយប្រហារ​ដ៏​ជាក់លាក់លើគោលដៅចម្ងាយឆ្ងាយ ការផលិតអាវុធក្នុងស្រុក និងការការពង្រឹងការទូតបន្ថែម។

 
«អូស្ត្រាលីត្រូវតែជៀសវាងកម្រិតខ្ពស់បំផុតនៃហានិភ័យជាយុទ្ធសាស្រ្តដែលយើងប្រឈមមុខ។» ឯកសារត្រួតពិនិត្យវិស័យការពារជាតិអូស្ត្រាលីសរសេរបែបនេះ ដែលទំនងជាសំដៅលើចិន​ដែលកំពុង​សាង​សង់​កម្លាំងដ៏ធំ​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ។ ចិនក៏​កំពុង​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុងតំបន់​ជិត​ខាងអូស្ត្រាលីនៅប្លុកប៉ាស៊ីហ្វិកដែរ។
 
ជាមួយគ្នានេះ មូលដ្ឋានយោធាភាគខាងជើងរបស់ប្រទេសនឹងក្លាយចំណុចសម្រាប់ការយកចិត្តទុក ដាក់បន្ថែមដើម្បីរារាំងសត្រូវ ការការពារផ្លូវពាណិជ្ជកម្ម និងពង្រឹងខ្សែបណ្ដាញទំនាក់ទំនង។ ការវាយ ប្រហារដ៏ជាក់លាក់ក្នុងចម្ងាយឆ្ងាយ និងការផលិតអាវុធនាំមុខក្នុងស្រុកក៏ជាអាទិភាពចម្បងផងដែរ។
 
របាយការណ៍ត្រួតពិនិត្យដដែលនោះបង្ហាញបន្ថែមទៀតថា អូស្ត្រាលីនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយ​អាមេរិករួមទាំងការបង្កើនផែនការយោធាទ្វេភាគី ការធ្វើជាម្ចាស់ផ្ទះទទួលអាមេរិកបន្ថែមទៀត រួមទាំងទទួលនាវាមុជទឹកផងដែរ។ ស្របពេលជាមួយគ្នា ទីក្រុងកង់បេរ៉ាត្រូវពង្រឹង​ការ​ចូលរួម​ជាមួយ​បណ្ដា​រដ្ឋ​ប៉ាស៊ីហ្វិក និង​អាស៊ីអាគ្នេយ៍។
 
ជុំវិញឯកសារត្រួតពិនិត្យលើផ្នែកយោធានេះផងដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស ថ្លែង​ថា វានឹងជួយពង្រឹងសន្តិសុខជាតិ និងធានាការត្រៀមខ្លួនសម្រាប់បញ្ហា ប្រឈមនាពេលអនាគត។
 
ក្រោមគម្រោងដដែល មូលនិធិសម្រាប់ផ្នែកការពារជាតិរបស់អូស្ត្រាលីនឹងកើនឡើងក្នុងទស្សវត្សរ៍​ក្រោយ ប៉ុន្តែនឹងរក្សាស្ថិរភាពក្នុងរយៈពេល៤ឆ្នាំខាងមុខក្នុងទំហំ១៩ពាន់លានដុល្លារអូស្ត្រាលី៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com