អន្តរជាតិ
ប្រមុខUN ស្នើរុស្ស៊ីពង្រីកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ
25, Apr 2023 , 7:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានដាក់សំណើមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ដើម្បីកែលម្អ និងបន្ត ពង្រីកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិចេញពីសមុទ្រខ្មៅ (BSGI)។ នេះបើតាមការបញ្ជាក់របស់ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែមេសា។

 
មិនដល់មួយខែទៀតឡើយ ពោលគឺនៅថ្ងៃទី១៨ ខែឧសភា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិចេញពីសមុទ្រខ្មៅ (BSGI) ពីអ៊ុយក្រែន នឹងផុតរយៈពេលកំណត់ ក្រោយរុស្ស៊ីបានព្រមព្រៀងពន្យាររយៈពេលត្រឹម៦០ថ្ងៃប៉ុណ្ណោះ ដោយសារមិនត្រូវនឹងការទាមទាររបស់ក្រុងមូស្គូ។
 
ជុំវិញបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៤ ខែមេសា បានផ្តល់សំណើមួយទៅកាន់មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីធានាលើការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននៅសមុទ្រខ្មៅ ក៏ដូចជាកែលម្អ ការបន្ត និងការពង្រីកកិច្ចព្រមព្រៀងនាំនាំចេញមួយនេះ។ 
 
«លោកបានជូលរដ្ឋមន្រ្តីការបរទេស (រុស្ស៊ី) ជាមួយលិខិតមួយទៅកាន់លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ដោយបញ្ជាក់ពីចំណាត់ទៅមុខ ក្នុងគោលបំណងកែលម្អ ការបន្ត និងពង្រីកកិច្ចព្រមព្រៀង BSGI»។ ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី២៤ ខែមេសា។ ទន្ទឹមនេះ ប្រមុខUN ក៏បានផ្ញើលិខិតស្រដៀងគ្នានេះ ទៅតួកគី និងអ៊ុយក្រែនផងដែរ។ 
 
ក្នុងលិខិតនោះ លោក ហ្គូតេរ៉េស បានផ្តល់ពីទិន្នន័យលម្អិតលើដំណើរការដែលបានសម្រេចរួច ពាក់ព័ន្ធកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ក៏ដូចជាបញ្ជាក់ពីការប្តេជ្ញារបស់អង្គការពិភពលោកមួយនេះ លើកិច្ចខិតខំដោះស្រាយបញ្ហាដែលនៅសល់។ 
 
ជាការឆ្លើយតប លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ នឹងសិក្សាពីលិខិតរបស់ប្រមុខអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិចេញពីសមុទ្រខ្មៅ ត្រូវបានធ្វើឡើង ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ ដើម្បីជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក។ កន្លងមក រុស្ស៊ី បានទាមទារឱ្យធនាគារកសិកម្មរុស្ស៊ី ត្រលប់ទៅក្នុងប្រព័ន្ធធនាគារ SWIFT ឡើងវិញ, អនុញ្ញាតឱ្យមានការផ្គត់ផ្គង់គ្រឿងម៉ាស៊ីនសម្រាប់ធ្វើកសិកម្មដល់រុស្ស៊ី រួមទាំងលើចោលការរឹតត្បិតលើការផ្តល់ការធានារ៉ាប់រង។​
 
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរុស្ស៊ីជាប្រធានផ្លាស់វេន លោក ហ្គូតេរ៉េស ក៏បានទទូចឱ្យគ្រប់ភាគីទាំងអស់បន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិផងដែរ ដើម្បីរក្សាសន្តិសុខ និងវិបុលភាពសម្រាប់ប្រទេសទាំងអស់៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com