អន្តរជាតិ
ក្វាតេម៉ាឡាសន្យាគាំទ្រតៃវ៉ាន់ឥតលក្ខខណ្ឌ ក្រោយប្រទេសមួយចំនួនផ្តាច់ការទូតជាបន្តបន្ទាប់
25, Apr 2023 , 9:29 pm        
រូបភាព
ប្រធានាធិបតីក្វាតេម៉ាឡា លោក Alejandro Giammattei ជាមួយសមភាគីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី២៥ ខែមេសា។ រូបភាព AP
ប្រធានាធិបតីក្វាតេម៉ាឡា លោក Alejandro Giammattei ជាមួយសមភាគីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី២៥ ខែមេសា។ រូបភាព AP
ប្រធានាធិបតីក្វាតេម៉ាឡា លោក Alejandro Giammattei នៅថ្ងៃទី២៥ ខែមេសា បានសន្យាគាំទ្រយ៉ាងមុតមាំ និងគ្មានលក្ខខណ្ឌចំពោះតៃវ៉ាន់ ដែលត្រូវបានប្រទេសមួយចំនួនផ្តាច់ទំនាក់ទំនងការទូតផ្លូវការជាបន្តបន្ទាប់ និងឆ្ពោះទៅចាប់ដៃចិនជំនួសវិញ។

 
ក្វាតេម៉ាឡា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ហុងឌូរ៉ាស ជាប្រទេសចុងក្រោយមួយទៀតដែលបានបោះបង់តៃវ៉ាន់ចោល និងចាប់យកចិន ដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ជំនួយ និងការវិនិយោគ។ ក្រោយប្រទេសជាមិត្តរបស់រដ្ឋាភិបាលក្រុងតៃប៉ិកាន់តែមានតិច ក្វាតេម៉ាឡា បានប្រកាសគាំទ្រតៃវ៉ាន់ដោយឥតលក្ខខណ្ឌ។ 
 
«ខ្ញុំចង់អោយអ្នកទាំងអស់គ្នាទុកចិត្តថា ក្វាតេម៉ាឡានឹងបន្តជាសម្ព័ន្ធភាពការទូតដ៏រឹងមាំចំពោះសាធារណរដ្ឋតៃវ៉ាន់ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ»។ លោក Alejandro Giammattei ប្រធានាធិបតីក្វាតេម៉ាឡា បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីទទួលស្វាគមន៍នៅក្រៅការិយាល័យប្រធានាធិបតីតៃវ៉ាន់ ក្នុងថ្ងៃទី២៥ ខែមេសា។ លោក Giammattei បានប្រើពាក្យសាធារណរដ្ឋតៃវ៉ាន់ជំនួសឱ្យសាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់។ 
 
ដោយឈរនៅជិតសមភាគីតៃវ៉ាន់ លោកស្រី Tsai Ing-wen លោក Giammattei បានជូនពរតៃវ៉ាន់ឱ្យបន្តឈររយៈពេលយូរ ដោយអមជាមួយស្នាមញញឹម ក្នុងពេលបញ្ចប់សន្ទរកថារបស់ខ្លួន។ 
 
ក្វាតេម៉ាឡា និងរដ្ឋាភិបាលសាធារណរដ្ឋចិន មានទំនាក់ទំនងជាមួយគ្នាប្រមាណ ៩ទសវត្សរ៍មកហើយ ពោលគឺមុនពេលរដ្ឋាភិបាលសាធារណរដ្ឋចិនភៀសខ្លួនទៅកោះតៃវ៉ាន់ ដោយសារការចាញ់សង្រ្គាមស៊ីវិលជាមួយ លោកម៉ៅ សេទុង មេដឹកនាំចិនទៅទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ ដំណើរទស្សនកិច្ចរបស់លោក Giammattei នៅក្រុងតៃប៉ិ ដែលធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Tsai​ នៅក្វាតេម៉ាឡាតិចជាងមួយខែមុននោះ ក៏ត្រូវបានចិនប្រតិបត្តិកម្មផងដែរ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​ Mao Ning ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ រដ្ឋាភិបាលក្រុងប៉េកាំង ស្នើឱ្យរដ្ឋាភិបាលក្វាតេម៉ាឡា កុំគាំទ្រជនអាក្រក់។ 
 
កន្លងមក ប្រទេសជាបន្តបន្ទាប់បានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ និងឆ្ពោះទៅចាប់ដៃចិនវិញ ដើម្បីអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងការអភិវឌ្ឍ។ ប្រទេសមួយចំនួន ដែលផ្តាច់ទំនាក់ទំនងមួយរយៈចុងក្រោយជាមួយតៃវ៉ាន់មានដូចជា ហុងឌូរ៉ាសក្នុងឆ្នាំ២០២៣ នីការ៉ាហ្កា នៅក្នុងឆ្នាំ២០២១ អែលសាល់វ៉ាឌ័រ នៅក្នុងឆ្នាំ២០១៨ និងប៉ាណាម៉ា នៅក្នុងឆ្នាំ២០១៧ជាដើម៕
 

Tag:
 ក្វាតេម៉ាឡា
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com