អន្តរជាតិ
កូរ៉េខាងត្បូង ស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការអវកាសជាមួយអាម៉េរិក
26, Apr 2023 , 10:29 am        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង ជាមួយលោកស្រីកា​ម៉ា​ឡា ហារី​ស អនុប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២៥ ខែមេសា។ រូបភាព AP
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង ជាមួយលោកស្រីកា​ម៉ា​ឡា ហារី​ស អនុប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២៥ ខែមេសា។ រូបភាព AP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី២៥ ខែមេសា បានបង្ហាញពីក្តីសង្ឃឹមលើការពង្រឹងកិច្ចសហប្រតិបត្តិការអវកាសជាមួយអាម៉េរិក ដោយសម្លឹងទៅរក «សម្ព័ន្ធភាពអវកាស» ដែលប្រតិបត្តិរួមគ្នាលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍអវកាស។



លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងបំពេញទស្សនកិច្ចនៅអាម៉េរិក ដើម្បីអបអរទំនាក់ទំនងសម្ព័ន្ធភាពទ្វេភាគីរយៈពេល ៧០ឆ្នាំ។ លោក យូន ត្រូវបំពេញទស្សនកិច្ចនៅអាម៉េរិករយៈពេល ៦ថ្ងៃ។ 
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអនុប្រធានាធិបតីអាម៉េរិក លោកស្រី កា​ម៉ា​ឡា ហារី​ស នៅមជ្ឈមណ្ឌលហោះហើរអវកាស NASA Goddard ក្នុងរដ្ឋ Maryland ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអវកាស រួមទាំងការចូលរួមលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍអវកាសរួមគ្នា។ 
 
«ចាប់ពីពេលនេះ កិច្ចសហប្រតិបត្តិការអវកាសរវាងកូរ៉េខាងត្បូង និងអាម៉េរិក នឹងត្រូវបានពង្រឹងបន្តទៀតទៅជាសម្ព័ន្ធភាពអវកាស តាមរយៈអង្គការ KASA និងNASA»។ លោក យូន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមេសា។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូង បានបង្ហាញក្តីសង្ឃឹមថា អង្គការ KASA និងNASA អាចចាប់ផ្តើមកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ រួមទាំងកសាងវេទិកាទំនាក់ទំនងមួយសម្រាប់ការដោះដូរព័ត៌មាន  និងចំណេះដឹង។ 
 
អង្គការ KASA ជារដ្ឋបាលអវកាសកូរ៉េខាងត្បូង ដែលទីភ្នាក់ងារថ្មីនេះ ត្រូវបានចាប់ផ្តើមឡើងនៅក្រោមរដ្ឋបាលរបស់លោកយូន។ បន្ថែមពីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានរំឭកពីព្រឹត្តិការណ៍ លោក Neil Armstrong អវកាសយានិកអាម៉េរិក ជាន់ដីនៅលើឋានព្រះច័ន្ទដំបូងគេ នៅក្នុងឆ្នាំ១៩៦៩ផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួងវិទ្យាសាស្រ្ត និងព័ត៌មានវិទ្យារបស់កូរ៉េខាងត្បូង និងអង្គការNASA របស់អាម៉េរិក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីកិច្ចសហប្រតិបត្តិការលើការរុករកអវកាស និងវិទ្យាសាស្រ្តអវកាស។ 
 
ក្នុងថ្ងៃដដែលនេះ លោក យូន និងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក​ បានធ្វើដំណើរទៅកន្លែងគោរពវិញ្ញាណកក្ខន្ធទាហានជើងចាស់ ដែលចូលរួមក្នុងសង្រ្គាមកូរ៉េនៅចន្លោះឆ្នាំ១៩៥០ និង១៩៥៣ ក្នុងក្រុងវ៉ាស៊ីនតោនផង។ មេដឹកនាំទាំងពីរ នឹងមានជំនួបជាមួយគ្នាមួយនៅសេតវិមាន ក្នុងថ្ងៃទី២៦ ខែមេសា៕ 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com