អន្តរជាតិ
អាម៉េរិក និងកូរ៉េខាងត្បូង​ សន្យាវាយបកនុយក្លេអ៊ែរខ្លាំងក្លាប្រឆាំងការគំរាមកូរ៉េខាងជើង
27, Apr 2023 , 10:38 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នាសន្និសីទសារព័ត៌មាននៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នាសន្និសីទសារព័ត៌មាននៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងសមភាគីកូរ៉េខាងត្បូង​ លោក យូន សុកយ៉ល នៅថ្ងៃទី២៦ ខែមេសា បានឯកភាពពង្រឹងការប្តេជ្ញាការពារដោយអាវុធនុយក្លេអ៊ែរពីសំណាក់ក្រុងវ៉ាស៊ីនតោន ចំពោះក្រុងសេអ៊ូល ក្នុងករណីមានការវាយប្រហារយោធាពីសំណាក់កូរ៉េខាងជើង។ ទន្ទឹមនេះ លោកបៃឌិន បានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន រួមទាំងសម្ព័ន្ធមិត្តជាសកម្មភាពមិនអាចទទួលយកបាន។

 
ក្នុងដំណើរទស្សនកិច្ចនៅអាម៉េរិកក្នុងថ្ងៃទី៣ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានជួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន  នៅសេតវិមាន ដើម្បីជជែកពីបញ្ហាកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ជាពិសេសការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង តាមរយៈកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ។ 
 
ក្រោយជំនួបជាមួយលោកបៃឌិន លោក យូន បានប្រកាសពីសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានហៅថា «សេចក្តីប្រកាសក្រុងវ៉ាស៊ីនតោន»។ សេចក្តីប្រកាសមួយនេះ បានបញ្ជាក់ពីការពង្រីកការវាយបកអាវុធនុយក្លេអ៊ែរប្រឆាំង នឹងការគំរាមរបស់រដ្ឋបាលក្រុងព្យុងយ៉ាង ជុំវិញមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ 
 
«ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានឯកភាពក្នុងការពិភាក្សាភ្លាមៗរវាងមេដឹកនាំទាំងពីរ នៅក្នុងព្រឹត្តិការណ៍មានការវាយប្រហារនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង ដោយសន្យាចាត់វិធានការ ឱ្យបានរហ័ស ខ្លាំងក្លា រួមទាំងប្រើប្រាស់សមត្ថភាពរបស់សម្ព័ន្ធមិត្តមានទាំងអស់ ក្នុងនោះមានទាំងអាវុធនុយក្លេអ៊ែរផង»។ លោក យូន បានបញ្ជាក់បែបនេះ នៅសេតវិមាន ក្នុងថ្ងៃទី២៦ ខែមេសា។ 
 
ទន្ទឹមនេះ មេដឹកនាំទាំងពីរ ក៏បានឯកភាពបង្កើតក្រុមពិភាក្សានុយក្លេអ៊ែរ (NCG) ដើម្បីប្រតិបត្តិលើប្រព័ន្ធការវាយបកនុយក្លេអ៊ែរឱ្យកាន់តែលម្អិតផង។ សម្ព័ន្ធមិត្តទាំងពីរ នឹងចែករំលែកពីផែនការ និងប្រតិបត្តិការយុទ្ធសាស្រ្ត និងនុយក្លេអ៊ែរ រួមទាំងប្រតិបត្តិការរួមរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ក្នុងសន្និសីទសារព័ត៌មានរួម លោកបៃឌិន បានព្រមានកូរ៉េខាងជើងថា ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់ក្រុងព្យុងយ៉ាងប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន សម្ព័ន្ធមិត្ត រួមទាំងដៃគូ ជាសកម្មភាពមិនអាចទទួលយកបាន ហើយលទ្ធផលនឹងនាំឱ្យមានការបញ្ចប់របបដឹកនាំ ក្នុងករណីមានការវាយប្រហារទាំងនោះ។
បន្ថែមពីនេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពលើការចូលចតរបស់នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរអាម៉េរិកនៅកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាង៤០ឆ្នាំផង។ វត្តមានរបស់នាវាមុជទឹកនេះ ជាការបង្ហាញការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះក្រុងសេអ៊ូលនៅចំពោះមុខការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង។ 
 
សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ មេដឹកនាំប្រទេសកូរ៉េខាងត្បូង និងអាម៉េរិក ក៏បានឯកភាពបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើសន្តិសុខតាមអ៊ីនធឺណិតជាយុទ្ធសាស្រ្តទ្វេភាគី ដើម្បីពង្រីកកិច្ចសហការលើការវាយប្រហារតាមអ៊ីនធឺណិតពីសត្រូវ និងបង្កើនសន្តិសុខតាមអ៊ីនធឺណិតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផង៕  
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com