កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ប្រាប់កូនក្រុមឱ្យរង់ចាំទទួលភាពស្រេកឃ្លានជ័យជម្នះរបស់ Spurs
27, Apr 2023 , 8:29 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្លិប Manchester United រំពឹងថាក្រុមរបស់លោកនឹងជួបតទល់ជាមួយនឹងក្រុម Tottenham Hotspur ដែលពោរពេញទៅដោយកំហឹង សម្រាប់ការប្រកួត Premier League នៅថ្ងៃទី២៧ ខែមេសា ក្រោយពួកគេរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៦-១ ក្រោមថ្វីជើង Newcastle United រួចមក។ លោក Ten Hag ក៏ផ្តាំកូនក្រុមឱ្យរង់ចាំទប់ទល់ទៅនឹងកំហឹងទាំងនោះ និងត្រូវប្រជែងដើម្បីយកឈ្នះដើម្បីកៅអី UEFA Champions League រដូវកាលក្រោយ។



កាលពីសប្តាហ៍មុន Spurs ដែលដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្នលោក ​Christian Stellini រងភាពអាម៉ាស់ខ្លាំងដោយប្រកួតចាញ់ក្រុម Newcastle និងរបូតចំណាត់ថ្នាក់ក្រុមស្ថិតក្នុងចំណោមក្រុមកំពូលតារាងទាំង៤ Top 4។ លោក Stellini វ័យ ៤៨ឆ្នាំ ក៏ត្រូវបាន Spurs បណ្តេញចេញថែមទៀត ក្រោយបានចំណាយពេលដឹកនាំក្រុមរហ័សមាន់ក្នាយមាស បន្ទាប់ពីក្លិបបានចែកផ្លូវជាមួយលោក Antonio Conte។
 
បច្ចុប្បន្ន Spurs ត្រូវបានដឹកនាំដោយលោក Ryan Mason ដែលជាអ្នកគ្រប់គ្រងក្រុមបណ្តោះអាសន្ន។ ចំណែកបិសាចក្រហមបច្ចុប្បន្នជាក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេង ៤ នៃតារាង Premier League ដែលមានគម្លាតពិន្ទុពី Spurs ចំនួន ៦ពិន្ទុ និងចំណេញចំនួន ២ប្រកួតក្នុងដៃ។
 
Man United ធ្វើដំណើរទៅកាន់ទឹកដីទីក្រុងឡុងដ៍ ខណៈនៅតែសម្លឹងមើលឱកាសឈ្នះការប្រជែងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ នៅក្នុងកីឡដ្ឋាន Wembley បន្ទាប់ពីបានទម្លាក់ក្រុម Brighton & Hove Albion នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Man United កាលពីខែមីនា បានឈ្នះពានរង្វាន់ EFL Cup ក្រោយខកខានការឈ្នះពានរង្វាន់នានាជិត ៦ឆ្នាំ។
 
ក្នុងសន្និសីទកាសែតមុនការប្រកួត លោក Ten Hag និយាយថាក្រុមត្រូវកែលម្អរឡើងវិញចំពោះលទ្ធផលមិនល្អកន្លងមក និងត្រូវវាយបកសម្រាប់ជ័យជម្នះត្រលប់មកវិញ។
 
«យើងមានពេលខ្លះ មិនញឹកញាប់ពេកទេ ដែលយើងត្រូវត្រលប់មកវិញដើម្បីឆ្លើយតបរឿងទាំងនេះ ការពិតណាស់វាអាចច្រើនជាងអ្វីដែលខ្ញុំចង់បាន ប៉ុន្តែវាបានកើតឡើងជាមួយនឹងក្រុមដ៏អស្ចារ្យជាច្រើន ដូចជា Real Madrid ជាដើម។ សម្រាប់ Spurs ពួកគេមានភាពស្រេកឃ្លានជ័យជម្នះជាងពួកយើងទៅទៀត ដូច្នេះយើងត្រូវតែត្រៀមខ្លួនសម្រាប់ការប្រកួត ព្រោះយើងក៏ចង់ឈ្នះដូចគ្នា។»។ លោក ​Ten hag បាននិយាយបែបនេះ។
 
ក្រុមបិសាចក្រហម ត្រូវជួបតទល់ជាមួយ Spurs ពួកគេក៏កំពុងតែជាក្រុមស្ថិតក្នុងបញ្ហាកីឡាកររងរបួសជាច្រើនផងដែរក្នុងក្រុម។ លោក Ten Hag ក៏បានបង្ហាញក្តីបារម្ភចំពោះខ្សែបម្រើ ​Bruno Fernandes ចំពោះការរងរបួសណាមួយដែលមិនអាចដឹងមុនសម្រាប់ការប្រកួតជាមួយ Spurs ខណៈកីឡាករសំខាន់ៗមួយចំនួនកំពុងស្ថិតក្នុងបញ្ជីរបួសស្រាប់៕
 
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com