អន្តរជាតិ
ទោះមានវ័យ​៨០ឆ្នាំ លោកបៃឌិនថានៅតែអាចឈរឈ្មោះជាប្រធានាធិបតីនៅអាណត្តិក្រោយ
27, Apr 2023 , 9:29 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៦ ខែមេសា បានបកស្រាយជាថ្មីជុំវិញបញ្ហាអាយុរបស់លោក បន្ទាប់ពីបានសម្រេចឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិក្រោយ។ បើតាមលោកបៃឌិន លោកនៅតែមានអារម្មណ៍ល្អ បើទោះពេលនេះ មានវ័យ៨០ឆ្នាំហើយក៏ដោយ។

 
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២៥ ខែមេសា បានប្រកាសឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិបន្ទាប់ជាផ្លូវការ ដោយស្នើឱ្យអ្នកបោះឆ្នោតផ្តល់ពេលលោកបន្ថែមទៀត មុនពេលបញ្ចប់តំណែងដ៏សំខាន់មួយនេះ។ យ៉ាងណាមិញ បញ្ហាអាយុនៅតែមានការចោទសួរលើលោកបៃឌិន ខណៈពេលបច្ចុប្បន្នលោកមានវ័យ ៨០ឆ្នាំស្រាប់ទៅហើយ។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៦ ខែមេសា មេដឹកនាំអាម៉េរិករូបនេះ បានអះអាងថា វាជារឿងធម្មតាទេសម្រាប់ប្រជាជនដែលបានសួរពីអាយុរបស់លោក។ បើតាមលោកបៃឌិន លោកបានគិតពីបញ្ហានេះយ៉ាងខ្លាំង។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើទោះមានវ័យចាស់ក៏ដោយ ប៉ុន្តែលោកប្រធានាធិបតីនៅតែអះអាងថា លោក នៅតែមានអារម្មណ៍ល្អ។ 
 
«ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំពិតជារំភើបសម្រាប់គំនិតមួយនេះ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី២៦ ខែមេសា ដោយបន្តថា ប្រជាជននឹងមើលឃើញពីការប្រកួតប្រជែង ហើយពួកគេនឹងវាយតម្លៃពីសមត្ថភាពរបស់លោក ថាតើអាចបន្ត ឬមិនអាច។ 
 
បើសិនបើលោកបៃឌិន ជាប់ឆ្នោតជាប្រធានាធិបតីនៅអាណត្តិក្រោយក្នុងឆ្នាំ២០២៥ លោកនឹងមានវ័យ៨២ឆ្នាំ ហើយនឹងបញ្ចប់ការកាន់តំណែងដ៏សំខាន់មួយនេះ នៅវ័យ ៨៦ឆ្នាំ។ កន្លងមក លោក រ៉ូណាល់ រីហ្កេន ជាប្រធានាធិបតីអាម៉េរិក ដែលមានវ័យចំណាស់ជាងគេ ដែលបានបញ្ចប់ការកាន់តំណែងនៅវ័យ ៧៧ឆ្នាំ៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com