អន្តរជាតិ
ចិនព្រមានអាម៉េរិក និងកូរ៉េខាងត្បូងកុំឱ្យបន្តបង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េ
27, Apr 2023 , 6:19 pm        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
ចិន នៅថ្ងៃទី២៧ ខែមេសា បានព្រមានមេដឹកនាំអាម៉េរិក និងកូរ៉េខាងត្បូងពីការបង្កសកម្មភាពប្រឈមមុខនៅលើឧបទ្វីបកូរ៉េ ក្រោយលោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង និងសមភាគីអាម៉េរិក លោកចូ បៃឌិន សន្យាវាយបកនុយក្លេអ៊ែរខ្លាំងក្លាប្រឆាំងការគំរាមកូរ៉េខាងជើង។



ក្នុងសេចក្តីប្រកាសក្នុងវ៉ាស៊ីនតោនចេញនៅថ្ងៃទី២៦ ខែមេសា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងសមភាគីកូរ៉េខាងត្បូង​ លោក យូន សុកយ៉ល បានឯកភាពពង្រឹងការប្តេជ្ញាការពារដោយអាវុធនុយក្លេអ៊ែរពីសំណាក់ក្រុងវ៉ាស៊ីនតោន ចំពោះក្រុងសេអ៊ូល ក្នុងករណីមានការវាយប្រហារយោធាពីសំណាក់កូរ៉េខាងជើង។ ទន្ទឹមនេះ លោកបៃឌិន បានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន រួមទាំងសម្ព័ន្ធមិត្តជាសកម្មភាពមិនអាចទទួលយកបាន។
 
ក្រោយជំនួបរបស់មេដឹកនាំខាងលើ ចិន ដែលជាដៃគូដ៏សំខាន់មួយ និងជាប្រទេសជិតខាងរបស់កូរ៉េខាងជើង បានជំរុញឱ្យអាម៉េរិក និងកូរ៉េខាងត្បូង ដោះស្រាយបញ្ហាឧបទ្វីបកូរ៉េប្រកបដោយសន្តិភាព។ 
 
«ភាគីទាំងអស់ គួរតែប្រឈមមុខនឹងបញ្ហាឧបទ្វីបកូរ៉េ និងចូលរួមលើដោះស្រាយបញ្ហាប្រកបដោយសន្តិភាព»។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមេសា ដោយបន្តប្រឆាំងនឹងការបង្កើនភាពតានតឹង ការប្រឈមមុខ និងពន្លើសការគំរាមកំហែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន អ្វីដែលអាម៉េរិកកំពុងធ្វើ មានតែបង្កការប្រឈមមុខ ធ្វើឱ្យប៉ះពាល់ដល់សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ រួមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍យុទ្ធសាស្រ្ត ប្រទេសដទៃប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកស្រីMao បានយល់ថា ក្រុងវ៉ាស៊ីនតោន មិនអើពើចំពោះសន្តិសុខក្នុងតំបន់ និងមានស្វែងរកប្រយោជន៍តាមរយៈការបង្កើនភាពតានតឹង៕ 
 

Tag:
 ចិន
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com